ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ កញ្ញា ឆ្នាំ ២០១៧

​ជយោ ! ទីបំផុត​របង​របាំង​បិទផ្លូវ​របស់​ឧកញ៉ា ស៊ុយ សុផាន ត្រូវបាន «​បែក​ហើយៗ​» ក្រោម​កណ្តាប់ដៃ​ដែក​ឯកឧត្តម ជា សុផារ៉ា 

​ក្រោយ​ជួប​បរាជ័យ​របស់​មន្ត្រី​ជំនាញ និង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៧​ម្សិលមិញ​ក្នុង​រឿង​ចុះ​រុះរើ និង​វាយ​បំបែក​របង​ស៊ីម៉ងត៍​របស់លោក​ស្រី​ឧកញ៉ា ស៊ុយ សុផាន នាយិកា​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច និង​លោក​ឧកញ៉ា ហេង លី នាយក​ក្រុមហ៊ុន ហេង លី ដើម្បី​បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​ខណ្ឌ​ច្បារអំពៅ​ប្រើប្រាស់​ជា​សាធារណៈ​នោះ​រួចមក គឺ​នៅវេលា​ព្រឹក​នា​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៧​នេះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្គាប់បញ្ជា​សាជាថ្មី​ឲ្យ​មន្ត្រី​មួយក្រុម​ចុះទៅ​រុះរើ​របង​ក្រុមហ៊ុន​លោកស្រី​ឧកញ៉ា ស៊ុយ សុផាន បានសម្រេច​ជោគជ័យ​ហើយ ដើម្បី​បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ជាធម្មតា​ឡើងវិញ ។ 

​មន្ត្រី​ជំនាញ​បានបញ្ជាក់​ឲ្យ​ដឹងថា របង​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន​លោកស្រី​ឧកញ៉ា ស៊ុយ សុផាន ដែល​ត្រូវ​រុះរើ​ដកចេញ​ជា​ស្ថាពរ​នេះ មាន​ចំនួន​៥​ប្រឡោះ ស្មើនឹង​ប្រវែង​ប្រមាណ​១៦​ម៉ែត្រ​ដែលជា​ប្រវែង​ទទឹងផ្លូវ​បើក​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ បន្ទាប់ពី​ត្រូវបាន​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច បិទ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រួចមកហើយ ។ 

​យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ចំនួន​៣ គឺ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា និង​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ត្រូវការ​ធ្វើដំណើរ​ឆ្លង​កាត់​ផ្លូវលំ​ប្រវែង​ប្រមាណ​៦​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ផ្លូវ​លេខ​៣៦៩​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ដែល​ឯកឧត្តម ជា សុផារ៉ា ប្រើ​កណ្តាប់ដៃ​ដែក​បើក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​សាធារណៈ​នេះ ។​

​ក្រុម​ប្រជាពលរដ្ឋ​ដែល​ទន្ទឹងរង់ចាំ​ប្រើប្រាស់​ផ្លូវ​សាធារណៈ​ដែល​ធ្លាប់មាន​ប្រវត្តិ​តាំងពី​រៃអង្គាស​លុយ​គ្នា​កសាង​អស់​ជាច្រើន​ឆ្នាំ​នោះ បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ចំណាត់ការ​កណ្តាប់ដៃ​ដែក​របស់​ឯកឧត្តម ជា សុផារ៉ា លើ​ការរុះរើ​របង​ស៊ីម៉ងត៍​ដ៏​រឹងមាំ​របស់លោក​ស្រី​ឧកញ៉ា ស៊ុយ សុផាន ដើម្បី​បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ជា​សាធារណៈ ។​

​លោកស្រី ស៊ុយ សុផាន នាយិកា​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច ដែលជា​ឈ្មួញ​រកស៊ី​ខាង​ដីធ្លី និង​សំណង់​យ៉ាងសកម្ម​ពោរពេញ​ដោយ​រឿងអាស្រូវ​ជាច្រើន​នោះ ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦០៥/២៥៩ ចុះ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០០៥ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.