ថ្ងៃ អង្គារ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧

ឈើ​សម្រុក​ទៅ​ស្រុក​យួន​សាជាថ្មី ! ផល​នៃ​ឈើ​ល្មើស​ដែល​មិន​ឆ្លងកាត់​ការកែច្នៃ​ត្រូវបាន​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​ក្រោម​ឥទ្ធិពល​អំណាច​ឧកញ៉ា អ៊ឹង ស៊ី​តាត​វិ​រៈ 

​​សេចក្តីរាយការណ៍​ពី​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា ឈើ​ដែលជា​ផល​នៃ​បទល្មើស​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា និង​មិនបាន​ឆ្លងកាត់​ការកែច្នៃ​នៅ​កម្ពុជា​ជាមុន​នោះ ត្រូវបាន​គេ​សម្រុក​ដឹកជញ្ជូន​ទៅកាន់​ប្រទេស​វៀតណាម​សាជាថ្មី​ទៀតហើយ ក្រោម​ឥទ្ធិពល​អំណាច​របស់​ឧកញ៉ា​ម្នាក់​ជានា​យក​ក្រុមហ៊ុន DTC ជា​អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី និង​ជា​ជំនួយការ​ផ្ទាល់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ​ដាក់ចេញ​វិធានការ​បង្ក្រាប​កាលពីដើមឆ្នាំ​២០១៦​រួចមក ។​

​ឈ្មួញ​ដែលមាន​ការពាក់ព័ន្ធ​នឹង​សកម្មភាព​នាំចេញ​ឈើ​ទៅកាន់​ប្រទេស​វៀតណាម​សាជាថ្មី​យ៉ាង​រលូន​នោះ គឺ​លោក​ឧកញ៉ា អ៊ឹង ស៊ី​តាត​វិ​រៈ ហៅ «​ឧកញ៉ា លក្ខណ៍​» ជា​នាយក​ក្រុមហ៊ុន DTC ជា​អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី និង​ជា​ជំនួយការ​ផ្ទាល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ភរិយា​របស់​បុរស​ខ្លាំង​នៃ​កម្ពុជា ។​

​ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ឲ្យ​ដឹងថា លោក​ឧកញ៉ា អ៊ឹង ស៊ី​តាត​វិ​រៈ ហៅ «​ឧកញ៉ា លក្ខណ៍​» ជា​ឈ្មួញ​ដែលមាន​ការពាក់ព័ន្ធ​ជាមួយនឹង​ក្រុមហ៊ុន​ដេញថ្លៃ​បាន​នូវ​ឈើ​ដែលជា​ផល​នៃ​បទល្មើស​ព្រៃឈើ​ដែល​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បង្ក្រាបបាន​នាពេល​កន្លងមក ដូចជា​ក្រុមហ៊ុន ប៊ិ​ញ​ហ្វឿ​ក របស់​វៀតណាម ជាដើម ។​

​កាលពី​ចុងឆ្នាំ​២០១៦​កន្លងទៅ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ឈើ​ជាច្រើន​ត្រូវបាន​គេ​ដឹកជញ្ជូន​ចេញពី​ទីតាំង​ក្រុមហ៊ុន ប៊ិ​ញ​ហ្វឿ​ក (Benh Hoeuk) របស់​វៀតណាម​តាម​រថយន្ត​យី​ឌុប​ឆ្ពោះទៅកាន់​ទីតាំង​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន Lim Royal Joint Stock Company Limited ឋិត​នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អនុញ្ញាត​ឲ្យ​បង្កើត​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ និង​ផលិត​គ្រឿង​សង្ហា​រឹម​លើ​ទីតាំង​ដី​ទំហំ​៨​ហិកតា ខណៈ​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ដែរ​ថា ទីតាំង​នេះ​មិនមាន​សកម្មភាព​កែច្នៃ​ឈើ​សម្រាប់​នាំចេញ​នៅឡើយ​ទេ ។​

​មជ្ឈដ្ឋាន​អ្នកតាមដាន​បទល្មើស​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា​បាន​សម្តែង​នូវ​ការហួសចិត្ត​យ៉ាងខ្លាំង​នៅពេលដែល​ឈើ​ជា​ផល​នៃ​បទល្មើស​ព្រៃឈើ និង​មិន​ឆ្លងកាត់​ការកែច្នៃ​ជាមុន​សម្រាប់​នាំចេញ បែរជា​ត្រូវបាន​លោក​ឧកញ៉ា អ៊ឹង ស៊ី​តាត​វិ​រៈ អាចមាន​លទ្ធភាព​ដឹកជញ្ជូន​នាំចេញ​យ៉ាង​រលូន​ទៅកាន់​ប្រទេស​វៀតណាម​ទៅវិញ ដែលជា​ហេតុផល​មួយ​ធ្វើ​ឲ្យ​គេ​សង្ស័យថា មាន​បង្កប់​នូវ​អំពើពុករលួយ​ជា​ប្រព័ន្ធ (Sic!) ។​

​លោក អ៊ឹង ស៊ី​តាត​វិ​រៈ ហៅ «​លក្ខណ៍​» នាយក​ក្រុមហ៊ុន DTC ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១២/០៣៩ ចុះ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១២ ។​

​ទោះយ៉ាងណា មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​ពី​លោក​ឧកញ៉ា អ៊ឹង ស៊ី​តាត​វិ​រៈ ពាក់ព័ន្ធ​នឹង​ការនាំចេញ​ឈើ​ទៅកាន់​ប្រទេស​វៀតណាម​យ៉ាង​ល្បីល្បាញ​នោះបាន​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧​នេះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.