ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

​គំរូ​មហា​អាក្រក់ ! រថយន្ត​ពាក់​ស្លាក​លេខ «​រដ្ឋ​» បុក «​រាស្ត្រ​» ឲ្យ​របួសធ្ងន់ រួច​ម្ចាស់​រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល​មិន​ទទួលខុសត្រូវ​

​វេលា​ម៉ោង​០៦ និង​៥៥​នាទី​ព្រឹក​នា​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៥២-១៥៣ ឋិត​ក្នុងភូមិ​សំរោង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្កដោយ​រថយន្ត​មួយគ្រឿង​ពាក់​ស្លាក​លេខ «​រដ្ឋ​» បើក​លឿន​ដូច​ហោះ បុក​ពេញទំហឹង​ទៅលើ​បុរស​ថ្មើរជើង​ម្នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ខណៈ​អ្នកបើកបរ​រថយន្ត​បង្ក​គេចខ្លួន​បាត់ស្រមោល​មិន​ទទួលខុសត្រូវ​ភ្លាមៗ​ឡើយ  ។ 

​លោក​វរសេនីយ៍ត្រី ឯម រុន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹងថា បុរស​ជា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ឈ្មោះ ពត សុង អាយុ​៥២​ឆ្នាំ សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ បានទទួល​រងរបួស​ធ្ងន់​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់ នៅក្រោយពេល​កើតហេតុ​ភ្លាមៗ ។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បានធ្វើ​ដំណើរ​ថ្មើរជើង​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈនោះ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក NISSAN ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ រដ្ឋ​36.2-0608 បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​លិចទៅ​កើត និង​មកដល់​កន្លែងកើតហេតុ​ក៏​បុក​ពេញទំហឹង​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ដួល​រងរបួស​តែម្តង ។ ក្រោយពេល​កើតហេតុ រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​ក្នុង​គោលបំណង​បើក​រត់គេច​រហូតដល់​ទឹកដី​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ទើប​សមត្ថកិច្ច​តាម​គោលដៅ​ស្ទាក់​ចាប់បាន​រថយន្ត​បង្ក ប៉ុន្តែ​អ្នកបើក​បរបាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់ស្រមោល ។​

​បច្ចុប្បន្ន វត្ថុតាង​ជា​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​យកមក​រក្សាទុក​ប្រគល់​ឲ្យ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ អនុវត្តតាម​នីតិវិធី​នៃ​ច្បាប់​បន្ត ។​

​អនុលោម​តាម​មាត្រា​៥ និង​មាត្រា​៩​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​៧៧​អនក្រ​.​បក ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០០៣ ស្តីពី​ការចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ គឺ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​36.2-0608 (​រថយន្ត​បង្ក​) ជា​រថយន្ត​ទ្រព្យសម្បត្តិ​រដ្ឋ​ដែល​ប្រើប្រាស់​ដោយ​អង្គការ​របស់​ជាតិ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.