ថ្ងៃ អង្គារ ទី ២៥ ខែ មេសា ឆ្នាំ ២០១៧

​អ្នកធំ​គ្រាក់ៗ​សម្រាន្ត​លក់ ?  ព្រៃឈើ​ចុងក្រោយ​នៅ​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ រង​ការកាប់បំផ្លាញ​យ៉ាង​រង្គាល​

​ទាំង​ប្រជាពលរដ្ឋ ទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ទៅនឹង​សកម្មភាព​កាប់​រុករាន​ដីព្រៃ​យ៉ាង​រង្គាល​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ពី​សំណាក់​ក្រុមមនុស្ស​អាង​ខ្នងបង្អែក​អ្នកមានអំណាច ក្រោមរូបភាព «​ខ្ចីដៃ​» ប្រជាពលរដ្ឋ​ក្នុង​តំបន់​ធ្វើ​ឲ្យ​ព្រៃឈើ​សេសសល់​ចុងក្រោយ​នៅ​ជុំវិញ​អាង​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ រង​ការវិនាសហិនហោច​អស់​នៅពេល​ខាងមុខ​ឆាប់ៗ ខណៈ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​តំបន់​ចាត់ការ​ទប់ស្កាត់​គ្មាន​ប្រសិទ្ធភាព​បន្តិច​ណា​ឡើយ ។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​បញ្ជាក់​ឲ្យ​ដឹងថា ព្រៃឈើ​នៅ​ជុំវិញ​អាង​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​បានទទួល​រង​នូវ​ការកាប់បំផ្លាញ​ធ្ងន់ធ្ងរ​នៅក្នុង​ឆ្នាំ​២០១៥-២០១៦​កន្លងទៅ​តែម្តង ហើយ​ព្រៃឈើ​ដែល​នៅ​សេសសល់​ចុងក្រោយ​ក៏​អាច​នឹងរង​ការវិនាសហិនហោច​អស់​នៅពេល​ខាងមុខ​ឆាប់ៗ​ប្រសិនបើ​អាជ្ញាធរ​គ្មាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ទាន់ពេលវេលា​ទេនោះ ។​

​លោក សុខ បឿន ជំទប់​ទី​២ ឃុំ​អូរ​សោម បានបញ្ជាក់​ដោយ​ទទួលស្គាល់ថា ព្រៃឈើ​នៅ​ជុំវិញ​អាង​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​ដែលជា​តំបន់​អេកូ​ទេសចរ​ធម្មជាតិ​ដ៏​ពិសិដ្ឋ​នោះ បាន និង​កំពុង​រង​ការកាប់បំផ្លាញ​យ៉ាង​រង្គាល​ដើម្បី​រាន​យក​ដី​ធ្វើជា​កម្ម​សិទ្ធ​ពី​សំណាក់​ជន​មាន​ខ្នងបង្អែក​អ្នកមានអំណាច ធ្វើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​កម្រិត​ថ្នាក់ក្រោម​ពិបាក​ទប់ស្កាត់ ពីព្រោះ​សុទ្ធតែ​មានការ​អន្តរាគមន៍​យ៉ាងសកម្ម​ធ្លាក់​មកពី​ថ្នាក់លើ​គ្រាក់ៗ​ជា​ហូរហែ ។​

​សូម​ឯកឧត្តម ម៉ៅ ធ​និ​ន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ មេត្តា​ត្រួត​ពិនិត្យមើល និង​មាន​វិធានការ​ក្តៅ​ទៅលើ​បទល្មើស​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​នោះ​ឲ្យ​ទាន់ពេលវេលា​ផង ក្រែង​បាន​សេសសល់​ព្រៃឈើ​ក្នុង​តំបន់​ចុងក្រោយ​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​បាន​ខ្លះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.