ថ្ងៃ អង្គារ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​ឥទ្ធិពល​គួរសម ! បាយ​សាមគ្គី​មួយពេល​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង រកលុយ​បាន​ជាង​១​លាន​ដុល្លារ​អាមេរិក​

​មុននឹង​អញ្ជើញ​ទៅ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥៣ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ប្រារព្ធ​ធ្វើ​នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង នា​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៦​កន្លងទៅ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ផ្តួចផ្តើម​រៀបចំ​ពិធី​ពិសា​អាហារ​សាមគ្គី​ជាមួយ​សប្បុរសជន​កាលពី​វេលា​ល្ងាច​នា​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា (​រាជធានី​ភ្នំពេញ​) ដើម្បី​ស្វែងរក​មូលនិធិ​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌​របស់​សាខា​កាកបាទក្រហម​ខេត្តព្រៃវែង  ដែល​តាមរយៈ​ពិធី​ពិសា​បាយ​សាមគ្គី​នេះ សម្តេច​ក្រឡាហោម ស ខេង ទទួលបាន​ថវិកា​បរិច្ចាគ​ពី​សប្បុរសជន​ចំនួន​ប្រមាណ ១ ២០៦ ៦១៦​ដុល្លារ​អាមេរិក ។​

​ទោះយ៉ាងណា​ក៏ដោយ ថវិកា​ដែល​សម្តេច​ក្រឡាហោម ស ខេង ប្រមូលបាន​ពី​សប្បុរសជន​ចំនួន​ប្រមាណ​ជាង​១​លាន​ដុល្លារ​អាមេរិក​នោះ ក៏បាន​គោរព​រាយការណ៍​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បាន​ជ្រាប​ជា​របាយ​ការ​ផងដែរ (​មិនអាច​រំលង​) តាម​លិខិត​លាយលក្ខណ៍អក្សរ​ចុះ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦ ហើយក៏​ត្រូវបាន​បុរស​ខ្លាំង​ធ្វើ​ចំណារ​ចុះ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៦ មាន​ខ្លឹមសារ​ថា «​បានឃើញ និង​សុំ​កោតសរសើរ​» ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា វា​ក្លាយជា «​វប្បធម៌​ដ៏​ពេញនិយម​» ទៅហើយ​ដែល​កម្មវិធី​របស់​អ្នកមានអំណាច ឬ​អ្នកមាន​ឥទ្ធិពល​នៅ​កម្ពុជា​តែងតែមាន​អ្នកចូលរួម​គាំទ្រ​ច្រើន ក្នុងនាម​ជា​បក្ខពួក​ផង ក្រោម​ឱវាទ​ផង និង​សម្លឹង​ស្វែងរក​ផលប្រយោជន៍​តប​មកវិញ​ផង ។ ជាក់ស្តែង បាយ​សាមគ្គី​មួយពេល​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ប្រមូលបាន​លុយ​ជាង​១​លាន​ដុល្លារ​អាមេរិក​ទៅហើយ ដូច្នេះ ប្រសិនបើ​បាយ​សាមគ្គី​មួយពេល​ដូចគ្នា​របស់​បុរស​ខ្លាំង​នៃ​កម្ពុជា និង​ភរិយា​វិញ គឺ​នឹង​ប្រមូលបាន​លុយ​ច្រើន​រាប់​សិន​លាន​ដុល្លារ​អាមេរិក​តែម្តង ក្រោមរូបភាព «​សិល្បៈ​នៃ​ការចែករំលែក​» និង «​កិច្ចការ​មនុស្សធម៌​» ។​

​ប្រជាពលរដ្ឋ​កម្ពុជា​តែង​រមែង​ចង់ឃើញ «​សិល្បៈ​នៃ​ការចែករំលែក​» និង «​កិច្ចការ​មនុស្សធម៌​» នៅ​កម្ពុជា​មិន​បង្ក​ឲ្យ​មាន​អំពើ​បក្ខពួកនិយម ពុករលួយ និង​រើសអើង​ក្រោម​ស្លាក «​កាកបាទក្រហមកម្ពុជា​» នោះឡើយ ហើយ​ប្រសិនបើ​ចំណុច​អសកម្ម​ទាំងឡាយ​ត្រូវបាន​លុបបំបាត់​មែន​នោះ គឺ​ទឹកចិត្ត​របស់​ថ្នាក់ដឹកនាំ​នានា​ក្នុង​សកម្មភាព​មនុស្សធម៌​នឹង​ត្រូវបាន​កោតសរសើរ និង​គោរព​យ៉ាងពិត​ប្រាកដ​ពី​បេះដូង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.