ថ្ងៃ ចន្ទ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៧

​ម្ចាស់​ទស្សនៈ «​ពេទ្យ​ខ្មែរ​អាក្រក់​៩» ផ្តើម «​ប៉ះទង្គិច​» សាជាថ្មី​ជាមួយ​ក្រសួងសុខាភិបាល​ក្នុង​រឿង​នាំចូល​បរិក្ខារ​ពេទ្យ​ផ្តល់​សេវា​សុខភាព​ឥតគិតថ្លៃ​

​ម្ចាស់​ទស្សនៈ «​ពេទ្យ​ខ្មែរ​អាក្រក់​៩» គឺ ឯកឧត្តម​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី នាយក​ក្រុមហ៊ុន Mengly J-Quach Holding និង​ជានា​យក​គ្រប់គ្រង​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង (AIS) បាន​ផ្តើម​ប៉ះទង្គិច​សាជាថ្មី​ទៀតហើយ​ជាមួយ​ក្រសួងសុខាភិបាល​ដែលមាន​ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ជា​រដ្ឋមន្ត្រី ពាក់ព័ន្ធ​នឹង​ការស្នើសុំ​នាំចូល​សម្ភារៈ​បរិក្ខារ​ពេទ្យ​ដើម្បី​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​តែ​ត្រូវ​រាំងស្ទះ បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​របស់​វិទ្យុ​សំឡេង​របស់​សហរដ្ឋអាមេរិក (VOA) នា​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧​ម្សិលមិញ​ក្រោម​ចំណងជើង​ថា «​កិច្ចការ​របស់លោក​វេ​ជ្ជ​បណ្ឌិត គួច ម៉េង​លី រាំងស្ទះ​ក្រោយ​ការរិះគន់​ប្រព័ន្ធ​សុខាភិបាល​» ។​

​នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៧​នេះ ក្រសួងសុខាភិបាល​តាម​រយៈ​អ្នកនាំពាក្យ​របស់ខ្លួន​បានចេញ​សេចក្តីបំភ្លឺ​មួយ​បញ្ជាក់​ជា​សាធារណៈ​ថា «​ក្រសួង​មិនដែល​បានទទួល​នូវ​ពាក្យស្នើសុំ​ណាមួយ​ពី​លោក គួច ម៉េង​លី នោះឡើយ ទាំង​ការងារ​បើកមុខ​របរ​ឯកជន ទាំង​ការងារ​មនុស្សធម៌​» ។ 

VOA បាន​ផ្សព្វផ្សាយ​អំពី​ការបញ្ជាក់​របស់​ឯកឧត្តម​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី ឲ្យ​ដឹងថា «​ការស្នើសុំ​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ជាមួយ​ក្រសួងសុខាភិបាល​លើ​ការ​នាំចូល​សម្ភារៈ​បរិក្ខា​រ​ពេទ្យ​ពី​បរទេស​ដោយ​លើកលែង​ពន្ធ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​រដ្ឋ​នានា​ត្រូវបាន​បដិសេធ ហើយ​ការស្នើសុំ​ចុះ​អនុស្សារណៈ​ស្តីពី​ពេទ្យ​ចល័ត​ដើម្បី​ផ្តល់​សេវា​សុខភាព​ដោយ​មិន​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ក៏មាន​ភាពស្មុគស្មាញ និង​ត្រូវ​ចំណាយ​ថវិកា​ច្រើន ។ ការស្នើសុំ​អាជ្ញាប័ណ្ណ​បើក​គ្លីនិក​ឯកជន​របស់លោក​ពី​ក្រសួងសុខាភិបាល​ក៏មាន​សញ្ញា​មិនល្អ និង​នាពេល​កន្លងមក ការស្នើសុំ​អាជ្ញាប័ណ្ណ​បើក​សាកលវិទ្យាល័យ​ក៏ត្រូវ​បាន​បដិសេធ​ទាំងស្រុង​» ។ 

​តាមរយៈ​បណ្តាញ​ព័ត៌មាន​សង្គម Facebook កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ ឯកឧត្តម​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​សម្តែង​នូវ​ភាពមន្ទិលសង្ស័យ​ថា ការស្នើសុំ​អាជ្ញាប័ណ្ណ​សម្រាប់​បើក​គ្លីនិក សាកលវិទ្យាល័យ និង​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ស្តីពី​ការផ្តល់សេវា​សុខាភិបាល និង​អប់រំ មានការ​ពិបាក​ស្មុគស្មាញ និង​យឺតយ៉ាវ ព្រមទាំង​សំណើ​មួយចំនួនទៀត​ត្រូវបាន​បដិសេធ​ទាំងស្រុង​នោះ អាច​បណ្តាលមកពី​ការរិះគន់​របស់លោក​នា​ពេលកន្លងមក ។​

​កាលពីដើម​ខែមករា ឆ្នាំ​២០១៦​កន្លងទៅ ប្រិយមិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម Facebook ដ៏​ពេញនិយម​ជាច្រើន​ធ្លាប់បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​ទស្សនៈ​យោបល់​របស់​ឯកឧត្តម​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី ដែល​បានលើកឡើង​សំដៅថា «​ពេទ្យ​ខ្មែរ​អាក្រក់​៩» ខណៈ​ទស្សនៈ​កើតចេញពី​ការជួប​ប្រទះ​ផ្ទាល់​របស់​ឯកឧត្តម​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី នេះ បាន​ទទួលរង​នូវ​ប្រតិកម្ម​ខ្លាំងក្លា​ពី​សំណាក់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា មាន​ឯកឧត្តម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈ​គ្រួ​ពេទ្យ​កម្ពុជា​ចូលរួម​យ៉ាងសកម្ម​ដោយ​ទាមទារ​ឲ្យ​មានការ​កែតម្រូវ និង​សុំទោស​ជា​សាធារណៈ​ជា​ចាំបាច់ ។ 

​ក្រៅ​អំពី​ប្រតិកម្ម​របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​នោះ ទស្សនៈ​យល់ឃើញ​របស់​ឯកឧត្តម​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី ក៏បាន​ទទួលរង​នូវ​ការ «​វាយប្រហារ​» ក្រោម​អំណាច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថែមទៀត ដែល​ក្លាយជា​សម្ពាធ​ធ្លាក់​មកលើ​ឯកឧត្តម​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី យ៉ាងធ្ងន់ធ្ងរ​បំផុត សឹង​មិនអាច «​ទប់ខ្លួន​ជាប់​» ។ 

​លោក គួច ម៉េង​លី អាយុ​៤៨​ឆ្នាំ មាន​ចំណោះ​ដឹង​ខាង​វិជ្ជាពេទ្យ​កម្រិត​ថ្នាក់​វេជ្ជបណ្ឌិត និង​ជា​អ្នកជំនួញ​មកពី​សហរដ្ឋអាមេរិក ព្រមទាំង​ធ្លាប់បាន​ធ្វើជា​ពេទ្យ​ស្ម័គ្រចិត្ត​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០០២​នោះ ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣០៩/៣៣៤ ចុះ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០០៩ ។ ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី ទទួល​បា​ការតែងតាំង​ជាទី​ប្រឹក្សា​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៣/៩៩៨ ចុះ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៣ ពោលគឺ​មាន​ឋានៈ និង​ងារ​ជា «​ឯកឧត្តម​ឧកញ៉ា​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.