ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

​កូនប្រុស​របស់​មេ ACU ចំនួន​២​នាក់​ដែល​ធ្វើ​ទាហាន​ពាក់​ផ្កាយ និង​កាន់​មុខតំណែង «​ទ្វេ​» បាន​ឡើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៤

​កូនប្រុស​បង្កើត​របស់​ឯកឧត្តម​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ចំនួន​២​នាក់​ដែលជា​នាយទាហានជាន់ខ្ពស់​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្នុង​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ យ៉ិនទៀង ពុទ្ធិ​រិ​ទ្ធ អត្តលេខ​២៣១៧០២ និង​លោក​ឧ​ត្ត​ម​សេនីយ៍ យ៉ិនទៀង ពុទ្ធិ​រ៉ា អត្តលេខ​២៣១៤៧៧ ដែល​ទទួលបាន​ការតែងតាំង​មុខតំណែង «​ទ្វេ​» មាន​ឋានៈ និង​ងារ​ជា «​ឯកឧត្តម​» នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផង  និង​នៅ​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ភេរវកម្ម (​គជប​ភ​) ផង​នោះ ត្រូវបាន​ដំឡើង​ថ្នាក់​ប្រចាំឆ្នាំ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​គ្រប់គ្រងរ​ដ្ឋ​បាល​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៦ ពី​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៥ មក​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៤ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៧/២១៨ ចុះ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ។​

​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ យ៉ិនទៀង ពុទ្ធិ​រិ​ទ្ធ និង​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ យ៉ិនទៀង ពុទ្ធិ​រ៉ា ដែល​ត្រូវជា​កូនប្រុស​បង្កើត​របស់​មេ ACU ទទួលបាន​ការតែងតាំង​ជា​សមាជិក​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ភេរវកម្ម (​គជប​ភ​) មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៥/៦០៦ ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៥ ។​

​រយៈពេល​មិន​ដល់​១​ឆ្នាំ​ក្រោយមក ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ យ៉ិនទៀង ពុទ្ធិ​រិ​ទ្ធ ទទួលបាន​ការតែងតាំង​ជា​ឧបការី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ យ៉ិនទៀង ពុទ្ធិ​រ៉ា ទទួលបាន​ការតែងតាំង​ជា​ឧបការី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៦/៤១៧ ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦ ។​

​គួរ​រំលឹក​ជូន​ថា កាលពី​ឆ្នាំ​២០១១​កន្លងទៅ លោក យ៉ិនទៀង ពុទ្ធិ​រ៉ា ដែលមាន​ក្របខ័ណ្ឌ​ដើម​ជា​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​ឧបការី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​ឋានៈ​ស្មើ​អគ្គនាយក និង​លោក យ៉ិនទៀង ពុទ្ធិ​រិ​ទ្ធ ដែលមាន​ក្របខ័ណ្ឌ​ដើម​ជា​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ដែរនោះ ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​ជំនួយការ​ឯកឧត្តម ឱម យ៉ិនទៀង ត្រូវជា​ឪពុក និង​ត្រូវជា​មេ​ACU មាន​ឋានៈ​ស្មើ​អគ្គនាយក ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១១/២៩៦ ចុះ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១១ ។​

​ក្រៅពី​មាន​ឋានន្តរស័ក្តិ និង​មុខតំណែង​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផង ក្នុង​ក្របខ័ណ្ឌ​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ផង និង​នៅ​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ភេរវកម្ម (​គជប​ភ​) ផង គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ យ៉ិនទៀង ពុទ្ធិ​រ៉ា ក៏​ធ្លាប់បាន​កាន់កាប់​មុខតំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ Long Sorya Import Export Co.,Ltd. ផងដែរ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.