ថ្ងៃ ចន្ទ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៧

មេធាវី​ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ម្នាក់​ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) 

​​ជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អត្តលេខ​៤៤៧​ដែល​កំពុង​ប្រកប​វិជ្ជាជីវ​មេធាវី​ពេញបន្ទុក​ផង ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ផង និង​ជា​នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​៥៤៦៩៤ មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ផង គឺ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ គង់ ទី​លីន ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៧/២៣៧ ចុះ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ។​

​លោក​មេធាវី គង់ ទី​លីន អត្តលេខ​៤៤៧ អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាណត្តិ​ទី​៧​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង (​អតីត​ឯកឧត្តម ស ខេង​) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ មិន​យកប្រាក់​បៀវត្សរ៍ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៤/៥៤៧ ចុះ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៤ ពោលគឺ​ទទួលបាន​ឋានៈ និង​ងារ​ជា «​ឯកឧត្តម​មេធាវី​» ។​

​រយៈពេល​ប្រមាណ​១​ឆ្នាំ​ក្រោយមក ឯកឧត្តម​មេធាវី គង់ ទី​លីន ដែលមាន​សែស្រឡាយ​អ្នកធំ​នៅ​ក្រសួងមហាផ្ទៃ​ផង និង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ផង​ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់បង្គាប់​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា នៃ​ក្រសួងមហាផ្ទៃ​អត្តលេខ​៥៤៦៩៤ តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៥/៧៧៣ ចុះ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៥ ។​

​គួរបញ្ជាក់​ជូន​ថា លោក គង់ ទី​លីន អាយុ​៣៥​ឆ្នាំ បានធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អត្តលេខ​៤៤៧ នា​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០០៦ (​បាន​ក្លាយជា​មេធាវី​ពេញសិទ្ធិ​នា​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០០៧) ។ លោក​មេធាវី​រូបនេះ ធ្លាប់បាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៧ (២០១២-២០១៥) ។​

​ឥឡូវនេះ ឯកឧត្តម​មេធាវី គង់ ទី​លីន បាន​ក្លាយជា​មេធាវី​ម្នាក់​ដ៏​មាន​ឥទ្ធិពល​នៅតាម​សាលាជម្រះក្តី និង​នៅ​ចំពោះ​កិច្ចការ​ផ្សេងៗ​ទៀត ដ្បិត​មាន​តំណែង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផង ជា​នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​ក្រសួងមហាផ្ទៃ​ផង និង​ជា​មេធាវី​កំពុង​ប្រកប​វិជ្ជាជីវៈ​ពេញបន្ទុក​ផង ក្រោមរូបភាព «​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​មេធាវី​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.