ថ្ងៃ ចន្ទ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៧

​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ គ​.​ស ២០១៧

​សុភមស្តុ ! វ​រម​ង្គ​លាជ​យា​តិ​រេ​ក​

​ព្រះពុទ្ធ​សករាជ ព្រះ​សាសនា អតិ​កន្តា​កន្លង​ទៅហើយ​បាន​២៥៦០ ត្រឹម​ថ្ងៃ​១៥​កើត ខែ​ពិសាខ លុះដល់​ថ្ងៃ​១​រោច ខែ​ពិសាខ ឆ្នាំរកា នព្វស័ក​តទៅ​ចូល​ពុទ្ធសករាជ​២៥៦១ ។​

​នឹង​គណនា​ឆ្នាំរកា​ឥឡូវនេះ សង្ក្រាន្ត​ចូលមក​ដល់​នៅ​ថ្ងៃ​សុក្រ ៣​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា គ​.​ស ២០១៧ វេលា​ម៉ោង​០៣​និង​១២​នាទី ។​

​ពេលនោះ​ព្រះអាទិត្យ​ចេញពី​មីនរាសី ទៅ​ឋិត​នៅឯ​មេសរាសី​តាមផ្លូវ​គោ​វិថី គឺ​ផ្លូវកណ្តាល ទើប​មាន​ទេវធីតា​មួយ​ព្រះ​អង្គជា​មគ្គនាយិកា​ព្រះនាម កិ​មិ​រា​ទេវី ជា​បុត្រី​ទី​៦​នៃ​កបិល​មហាព្រហ្ម ទ្រង់​គង់នៅ​ចា​តុម្ម​ហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌​សេត លំអ​នៅ​ព្រះ​កាណ៌​ដោយ​បុប្ផា ច​ង្កូ​រ​ណី អ​ភរ​ណៈ​កែវ​បុស្ស​រា​គ័​ម ភក្សាហារ​ទ្រង់​ចេកណាំវ៉ា ព្រះហស្ត​ស្តាំ​ទ្រង់​ព្រះ​ខ័​ឌ្ព ព្រះហស្ត​ឆ្វេង​ទ្រង់​ពិណ ទ្រង់​គង់​ផ្ទំ​បិទ​ព្រះ​នេត្រ​លើ​ខ្នង​ម​ហឹ​ង្សា​(​សត្វ​ក្របី​)​ជា​ពាហនៈ រួច​នាំ​អស់​ទេវបុត្រ ទេវធីតា​ទាំង​មួយ​សែន​កោដិ​ហោះ​ទៅកាន់​គុហា​កែ​វធ​ម្មាលី​នាទី​ភ្នំ​កៃលាស ខេត្ត​ហិម​ពា្ត​ជាទី​តម្កល់ទុក​នូវ​ព្រះ​សិរសា​កបិល​មហាព្រហ្ម ដែល​តម្កល់​លើ​ពានមាស​នាំមក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុ​មេរុរាជ​តាមផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន​៦០​នាទី (២៤​ម៉ោង​) ទើប​នាំយកទៅ​តម្កល់ទុក​កន្លែង​ដើម​វិញ ហើយ​ប្រជុំ​ទេវបុត្រ ទេវធីតា​ទាំង​មួយ​សែន​កោដិ ចូលទៅ​ស្រង់ទឹក​អា​នោ​ត​ត្ត​មហា​ស្រះ ដែលមាន​ទឹក​ហូរ​ចេញពី​បំពង់​ថ្មកែវ ដែលជា​មាត់​គោ​ឧសភរាជ​ទាំង​៧​ត្រជាក់​ក្សេមក្សាន្ត​ក្នុង​ព្រះរាជ​ហ​ប្ញ​ទ័យ ហើយ​នាំគ្នា​ចូលទៅ​សមាទាន​រក្សាសីល​ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះអង្គ​ក្នុង​ភគវតី​សភា​សាលា ដែល​វិស្សកម្ម​ទេ​បុត្រ​និមិត្ត​ថ្វាយ​ដើម្បី​បន្ទោបង់​អពមង្គល​ឲ្យ​ជ្រះស្រឡះ ហើយ​ចម្រើន​នូវ​សិរី​សួស្តី ជ័យ​មង្គល ជន្មាយុ​យឺនយូរ​ដល់​ទេវតា និង​មនុស្ស​សត្វ​ផង​ទាំងឡាយ​តាំងពី​ឆ្នាំ​ថ្មី​ចូលមក​ដល់​នេះ បាន​ធូរ​ទូលំទូលាយ សុខក្សេមក្សាន្ត​តរៀង​ទៅ ។​


​ថ្ងៃ​សុក្រ ៣​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា គ​.​ស​២០១៧ វេលា​ម៉ោង​០៣​និង​១២​នាទី ជា​ថ្ងៃ​ចូលឆ្នាំ​រកា នព្វស័ក (​ជា​វារៈ​មហាសង្ក្រាន្ត​) ។​

​ថ្ងៃ​សៅរ៍ ៤​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមេសា គ​.​ស​២០១៧ ជា​វារៈ​វ័ន​បត ។​

​ថ្ងៃអាទិត្យ ៥​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមេសា គ​.​ស​២០១៧ នៅវេលា​ម៉ោង​០៦​និង​៤៦​នាទី​៤៨​វិនាទី ជា​វារៈ​ឡើងស័ក គម្រប់​ជា​សង្ក្រាន្ត​៣​ថ្ងៃ​ស្រេច​បរិបូណ៌​ចូល​ជាស​កល​ឆ្នាំរកា នព្វស័ក ចុល្លសករាជ​១៣៧៩ និង​មហាសករាជ​១៩៣៩​តទៅ ។​

​នៅ​ក្នុងឱកាស​សង្ក្រាន្ត​ទាំង​៣​ថ្ងៃ សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ​រៀបចំ​ពលីការ​គ្រឿង​សក្ការៈបូជា​អុជ​ប្រទីបជ្វាលា​ថ្វាយ​ព្រះ​រតនត្រ័យ និង​ទទួល​ស្វាគមន៍​ទេវបុត្រ ទេវធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថីយ៍​ជា​ចិត្តអប្រីយ៍​ជាប់​ដោយ​គំនុំគុំកួន ព្យាបាទ ឈ្នានីស​ដែលមាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ជ្រះស្រឡះ តាំងចិត្ត​ប្រព្រឹត្ត​ល្អ​ប្រកបដោយ​មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សាសីល​៥​ឲ្យ​បាន​ជាប់​ជានិច្ច នោះ​ទើប​ទេវតា​នឹង​ឲ្យ​ពរ​សព្ទសាធុការ លោកអ្នក​នឹងមាន​សិរី​សួស្តី សុភមង្គល វិបុល​សុខ​គ្រប់ប្រការ​តាំងពី​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ ។​

រណ្តាប់ទទួលទេវតា ៖

​រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូតមក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅខាងមុខ​ផ្ទះមួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការៈបូជា​ទេវតា មាន​ជាអាទិ៍ បាយសី​៩​ថ្នាក់​១​គូ បាយសី​៧​ថ្នាក់​១​គូ បាយសី​៥​ថ្នាក់​១​គូ បាយសី​៣​ថ្នាក់​១​គូ បាយសី​ប៉ាឆា​ម​១​គូ ស្លាធម៌​១​គូ ទឹកអប់​១​គូ (​ទៀន​៥ ធូប​៥) លាជ​៥ ផ្កា​៥ ដាក់​លើ​ជើងពាន​១​គូ ចេកនួន ចេកណាំវ៉ា ដាក់​លើ​ជើងពាន​១​គូ ផ្លែឈើ​១១​មុខ រៀបចំ​ដាក់​លើ​ជើងពាន​១១​គូ ដូង​ឡៅ​១​គូ ទឹកស្អាត​២​កែវ ។ ស្រេច​ហើយ​នៅវេលា​ម៉ោង​ដែល​ទេវតា​ចុះមក ត្រូវ​ជួបប្រជុំ​ក្រុមគ្រួសារ​ដើម្បី​ថ្វាយបង្គំ​ព្រះ នមស្សការ​ព្រះ​រតនត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឲ្យ​ស្អាត​បរិសុទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់ចិត្ត​រំពឹងគិត​ទៅលើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជាទី​ពឹង ទីរ​ឮ​ក លុះ​ចប់​ពិធី​ទទួល​ទេវតា ។​

​ទំនាយ​ប្រចាំឆ្នាំ ៖

​កេណ្ឌ​ព្រះ​ពិរុណសាស្ត្រ ៖ ឆ្នាំនេះ​ភព​អង្គារ ជា​អធិបតី ដឹកនាំ​ផ្លូវ​ទៅសុំ​ទឹកភ្លៀង​ពី​ស្តេច​នាគ ហើយ​បាន​នាគ​៤​បង្អុរ​ទឹកភ្លៀង​ចំនួន​៣០០​មេ ដែល​ចែកចេញជា ៖ -​ចក្រ​វា​ឡ​១២០​មេ -​ព្រៃ​ហិមពាន្ត​៩០​មេ -​មហាសមុទ្រ​៦០​មេ និង​ជម្ពូទ្វីប​មនុស្សលោក​យើង​មាន​ចំនួន​៣០​មេ បណ្តាល​ឲ្យ​មាន​ទឹកភ្លៀង​ដើមឆ្នាំ​តិច កណ្តាល​ឆ្នាំ​ភ្លៀង​មធ្យម និង​ចុងឆ្នាំ​ភ្លៀង​ច្រើន ។​

​កេណ្ឌ​ធា​រា​ទិ​គុណ ៖ ឆ្នាំនេះ​មាន​កេណ្ឌ​(៣) ត្រូវ​ត្រង់​វាយោធាតុ​ចុះ ទំនាយ​ថា មិន​ក្តៅ មិន​ត្រជាក់ មាន​ខ្យល់ព្យុះ​ខ្លាំងៗ​ជាច្រើន​អាច​កើតហេតុ​ល្អ អាក្រក់​អំពី​ខ្យល់ ។​

​ទំនាយ​ទឹកទន្លេ ៖ ឆ្នាំនេះ​ទំនាយ​អំពី​ទឹកទន្លេ​មាន​សំណល់​០(​សូន្យ​) ទំនាយ​ថា ទឹកទន្លេ បឹងបួរ ទឹកជំនន់​ដោយ​ទឹកភ្លៀង​មាន​ចំនួន​ច្រើនណាស់ ច្រើន​លើស​អស់​ឆ្នាំ​ទាំងពួង ។​

​កេណ្ឌ​ធ​ញ្ញា​ហារ ៖ ឆ្នាំនេះ​មាន​កេណ្ឌ​(៥) មាន​ឈ្មោះថា វិបត្តិ ទំនាយ​ថា ស្រូវ សំណាប ស្រែចម្ការ​នឹង​កើតមាន​កិមិជាតិ ដង្កូវ ក្រា សត្វល្អិត​បំផ្លាញ និង​បាន​ផល​ពាក់កណ្តាល ខូចខាត​អស់​ពាក់កណ្តាល ភោជនាហារ​បាន​ផល​ជា​មធ្យម ។ ស្រុកទេស​អាច​នឹងមាន​កល្លិយុគ​យុទ្ធ​សង្គ្រាម ។ ប្រជានុរាស្ត្រ​មាន​សេចក្តីសុខ​ខ្លះ ទុក្ខ​ខ្លះ​ស្មើគ្នា ។​

​ទំនាយ​ការធ្វើ​ស្រែ​៖ ទំនាយ​កេណ្ឌ​ការធ្វើ​ស្រែ​មាន​សេស​(៦)​ទំនាយ​ថា ស្រែ​ដី​ទំនាប និង​ស្រែ​ដី​ទួល​គ្រប់​ទីកន្លែង​បាន​ផល​ល្អ​ដូចគ្នា​ទាំងពីរ​យ៉ាង ។​

​កេណ្ឌ​ព្រឹក្សា ៖ ឆ្នាំនេះ​ត្រូវចំ​សេស​៤ ត្រូវ​ត្រង់​ដើម​ពោធិ៍បាយ ជា​ស្តេច មាន​ទំនាយ​ថា មនុស្ស​ផង​ទាំងឡាយ​នឹងមាន​កល្លិយុគ ។​

​កេណ្ឌ​ព្រះអាទិត្យ ៖ ឆ្នាំនេះ​យានជំនិះ​របស់​ព្រះអាទិត្យ គឺ​សត្វ​ដំរី ទំនាយ​ថា ភ្លើង​កាច​សាហាវ ស្រុក​នាម​នាគ​ធ្វើ​យុទ្ធ​សង្គ្រាម​នឹង​ស្រុក​នាម​គ្រុឌ និង​នាម​កណ្តុរ ។​

ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត ៖

​ទំនាយ​ថ្ងៃ​មហាសង្ក្រាន្ត ៖ ថ្ងៃ​ចូលឆ្នាំ​ដែលជា​ថ្ងៃទី​១ ត្រូវ​នឹង​ថ្ងៃ​សុក្រ ទំនាយ​ថា ឆ្នាំនេះ​ស្រូវ​អង្ករ សណ្តែក ល្ង ផលដំណាំ​ទាំងឡាយ​បាន​ផល​បរិបូណ៌ ទឹកភ្លៀង ព្យុះ​ច្រើន ប៉ុន្តែ​នឹង​ចាញ់កូន​ខ្ចី កូនតូច ។ កើតមាន​រោគ​ឈឺភ្នែក មនុស្ស​នឹង​ស្លាប់​ព្រោះ​ជំងឺ​ច្រើន ។​

​ទំនាយ​ថ្ងៃ​វ័ន​បត ៖ ថ្ងៃ​កណ្តាល ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទំនាយ​ថា ឆ្នាំនេះ​ស្រូវ​អង្ករ សណ្តែក ល្ង ផលដំណាំ ត្រី​សាច់​នឹងមាន​តម្លៃ សាម​ណៈ​ជី​ព្រហ្ម​ណ៍​នឹង​ក្តៅក្រហាយ​ចិត្តច្រើន​ជា​អនេក ។​

​ទំនាយ​ថ្ងៃ​ឡើងស័ក ៖ ថ្ងៃ​ចុងក្រោយ​ត្រូវ​នឹង​ថ្ងៃអាទិត្យ ទំនាយ​ថា ឆ្នាំនេះ​ព្រះមហាក្សត្រ​នឹង​រុងរឿង​ដោយមាន​តេជានុភាព និង​មានជ័យ​ជម្នះ​លើ​ពពួក​សត្រូវ​គ្រប់​ទិសានុទិស ទោះបី​ប្រទេស​ធ្លាក់​ក្នុង​យុទ្ធ​សង្គ្រាម​នឹង​ប​ច្ចា​មិត្រ​យ៉ាងណា​នឹងមាន​ជ័យជម្នះ​គ្រប់ពេលវេលា ។​

(​រៀបរៀង​ដោយ​ឯកឧត្តម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ និង​ជា​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរា​ស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​)​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.