ថ្ងៃ អាទិត្យ ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៧

​កប់យោបល់ ! អតីត​អភិបាលខេត្ត​ដែល​ក្លាយជា​ទណ្ឌិត​ក្នុង​រឿងអាស្រូវ​កាប់បំផ្លាញ​ព្រៃឈើ​តំបន់​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ដ៏​កក្រើក ទទួលបាន​ការលើកលែង​ទោស​

​អតីត​ជា​មេ​ប៉ូលិស​ខេត្ត និង​អតីត​ជា​អភិបាល​ខេត្តរតនគិរី ដែល​បាន​ក្លាយជា​ទណ្ឌិត​នៅក្នុង​សំណុំរឿង​អាស្រូវ​កាប់បំផ្លាញ​ព្រៃឈើ​តំបន់​កន្ទុយ​នាគ ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​នៃ​ខេត្តរតនគិរី​ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​ដ៏​កក្រើក​កាលពី​ជាង​១០​ឆ្នាំមុន គឺ​លោក ខាំ ខឿន ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់បង្គាប់​លើកលែងទោស​ហើយ តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៧/២១១ ចុះ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ។ 

​លោក ខាំ ខឿន អតីត​អភិបាលខេត្ត​រតនគិរី​ដ៏​មាន​ឥទ្ធិពល ត្រូវបាន​គណៈកម្មការ​ចម្រុះ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​កន្ទុយ​នាគ ឋិត​នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ខេត្តរតនគិរី ដែល​បាន​បង្កើតឡើង​នា​ឆ្នាំ​២០០៤​កន្លងទៅ​រកឃើញថា មានការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​កក្រើក ហើយក៏​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​១៧​ឆ្នាំ ពីបទ​ទទួល​សំណូក បំផ្លាញ​បរិស្ថាន និង​ផ្តល់ព័ត៌មាន​នូវ​របាយ​ការណ៍​ក្លែងបន្លំ​ជា​លាយលក្ខណ៍អក្សរ តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​១៣៨ «​ខ​» ចុះ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០០៦ ខណៈ​លោក ខាំ ខឿន មិន​ត្រូវបាន​ចាប់ខ្លួន​ឡើយ នៅក្នុង​បេសកកម្ម​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ ។​

​យោងតាម​របាយការណ៍​ចុះ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០០៤ របស់​ក្រសួងបរិស្ថាន​បានបង្ហាញ​ឲ្យ​ដឹងថា ព្រៃឈើ​ដែល​ត្រូវ​រង​ការកាប់បំផ្លាញ​នៅ​តំបន់​កន្ទុយ​នាគ ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ខេត្តរតនគិរី នា​អំឡុង​ឆ្នាំ​២០០៣-២០០៤ មាន​ទំហំ​ផ្ទៃដី​ប្រមាណ​៦ ៤២០​ហិកតា ឬ​ស្មើនឹង​៨០​ភាគរយ​នៃ​ផ្ទៃដី​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ទាំងមូល ដែល​ធ្វើ​ឲ្យ​ខាតបង់​គិត​ជា​ទឹកប្រាក់​អស់​ប្រមាន​១៨​លាន​ដុល្លារ​អាមេរិក ។​

​សកម្មភាព​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​កន្ទុយ​នាគ ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ និង​តំបន់​ផ្សេងទៀត​នៃ​ខេត្តរតនគិរី សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម ត្រូវបាន​អង្គការ​ការពារ​បរិស្ថាន Global Witness រាយការណ៍​នា​អំឡុង​ឆ្នាំ​១៩៩៩​ឲ្យ​ដឹងថា បាន​ប្រព្រឹត្តឡើង​តាំងពី​៦​ឆ្នាំមុន​មកម្ល៉េះ ហើយ​មានការ​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​នឹង​លោក ខាំ ខឿន ជា​មេ​ប៉ូលិស​ខេត្ត និង​ក្រោយមក​មានការ​តែងតាំង​លោក ខាំ ខឿន ឲ្យ​ឡើងកាន់តំណែង​ជា​អភិបាល​ខេត្តរតនគិរី គឺ​ហាក់ដូចជា​ការលើកទឹកចិត្ត​ឲ្យ​មាន​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ។ ប៉ុន្តែ​របាយការណ៍​រប​ស់​អង្គការ Global Witness នាពេលនោះ​មិនត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុ​ជាយ​ក​ចិត្ត​ទុកដាក់​គិតគូរ និង​មាន​វិធានការ​ឡើយ ហើយ​បណ្តែតបណ្តោយ​រហូតដល់​ព្រៃឈើ​រង​វិនាសកម្ម​ហិនហោច​ទើប​ចាត់ការ «​យ​កបុង​» តាម​ក្រោយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.