ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

​បុរស​ខ្លាំង​យកមុខ​ទៅ​ទុក​ឯណា ? ប្រពន្ធ​មេភូមិ​ម្នាក់​ចាញ់ល្បែង​នៅកាស៊ី​ណូ NAGA WORLD រហូត​បញ្ចាំ​ឡាន អស់ទាំង​ឡាន ប្តី​ខឹង​ចាប់​ប្រគល់​ឲ្យ​ប៉ូលិស​

​វេលា​ម៉ោង​១១ និង​៤៥​នាទី​ព្រឹក​នា​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៧​នេះ មាន​ហេតុការណ៍​មួយ​ចាត់ទុក​ជាការ​បំបាក់មុខ​មាត់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ​បានកើត​ឡើង ដោយ​ស្ត្រី​ញៀន​ល្បែងស៊ីសង​ម្នាក់​ត្រូវជា​ភរិយា​របស់​មេភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ផង ត្រូវបាន​បុរស​ជា​ប្តី​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ ចាត់ការ​បន្ទាប់ពី​ចាញ់ល្បែង​នៅកាស៊ី​ណូ NAGA WORLD (​រាជធានី​ភ្នំពេញ​) រហូត​ដាក់បញ្ចាំ​រថយន្ត​មួយគ្រឿង និង​ចាញ់​អស់ទាំង​រថយន្ត​ថែមទៀត​រួចមក ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​ចាញ់ល្បែង​កាស៊ីណូ​រហូតដល់​ថ្នាក់​ប្តី​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​ចាត់ការ​តាមច្បាប់​នោះ មានឈ្មោះ «​ធា​» អាយុ​៣២​ឆ្នាំ ត្រូវជា​ភរិយា របស់លោក លឹម សម្បត្តិ ហៅ «​ហេង​» ជា​មេភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ស្ត្រី​ឈ្មោះ «​ធា​» បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ប៉ូលិស​ថា នាង​បាន​ជំពាក់​លុយ​គេ ហើយ​នាង​ក៏បាន​ទៅ​ចូល​លេងល្បែង​នៅកាស៊ី​ណូ NAGA WORLD សង្ឃឹម​ក្រែង​បានឈ្នះ​ដើម្បី​បាន​លុយ​សង​គេ ប៉ុន្តែ​អកុសល​កាន់តែ​លេង​បែរជា​កាន់តែ​ចាញ់ រហូតដល់​ជំពាក់​គេ​ថែមទៀត ទើប​នាង​សម្រេចចិត្ត​យក​រថយន្ត​មួយគ្រឿង​ម៉ាក High Lander ទៅ​ដាក់បញ្ចាំ​បាន​លុយ​៦ ០០០​ដុល្លារ​អាមេរិក ក្នុង​បំណង​ស្រង់ដើម បែរជា​ជួប​ស៊យ​ស្តារ​ដើម​មិន​រួច​ក៏​ចាញ់​អស់​ទៀត ។ លុះ​មកដល់​ថ្ងៃកើតហេតុ​ត្រូវបាន​ប្តី​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ចាត់ការ​តែម្តងទៅ ។​

​យោងតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា គឺ​មិន​អនុញ្ញាត​ឲ្យ​ជនជាតិខ្មែរ​ចូល​លេងល្បែង​នៅក្នុង​កាស៊ីណូ​ទេ ហើយ​រាជរដ្ឋាភិបាល​ក៏​ធ្លាប់បាន​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ទប់ស្កាត់​កុំ​មាន​ជនជាតិខ្មែរ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​ទៀតផង ទើប​អនុញ្ញាត​ឲ្យ​កាស៊ីណូ​នោះ​ដំណើរការ​អាជីវ​កម្មបាន ។ ប៉ុន្តែ​ផ្ទុយទៅវិញ ព័ស្តុតាង​ជាក់ស្តែង​ដូច​ករណី​ប្រពន្ធ​លោក​មេភូមិ​ព្រៃ​ព្រីង​ខាងត្បូង​អាច​ចូលទៅ​លេងល្បែង​នៅកាស៊ី​ណូ NAGA WORLD កណ្តាល​រាជធានី​ភ្នំពេញ​បាន​យ៉ាង​ហ៊ឺហា​រហូតដល់​ចាញ់ល្បែង​សល់​តែ​គូថ​ខោ អស់ទាំង​លុយ អស់ទាំង​ឡាន អស់ទាំង​កិត្តិយស​គ្រួសារ​ថែមទៀត ។​

​ព័ស្តុតាង​មួយទៀត កាលពី​រាត្រី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅ សមត្ថកិច្ច​ស្ទាក់​ចាប់បាន​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​មន្ត្រី​គយ​ជា​ចៅហ្វាយ​របស់ខ្លួន បន្ទាប់ពី​យក​រថយន្ត​របស់​ចៅហ្វាយ​មួយគ្រឿង​ទៅ​ដាក់បញ្ចាំ​នៅកាស៊ី​ណូ NAGA WORLD បាន​ប្រាក់​ចំនួន​៨ ៥០០​ដុល្លារ​អាមេរិក រួច​ចាញ់ល្បែង​នៅ​ទៅនោះ​អស់រលីង ហើយ​បម្រុង​យក​រថយន្ត​មួយគ្រឿង​ទៀត​របស់​ចៅហ្វាយ​ជា​មន្ត្រី​គយ​ដែលមាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក ទៅ​ដាក់បញ្ចាំ​នៅកាស៊ី​ណូ NAGA WORLD ដើម្បី​បន្ត​លេងល្បែង​ស៊ីសង​រួចមក ។​

​ទោះយ៉ាងណា​ក៏ដោយ ថៅកែ​បន​ល្បែង​កាស៊ីណូ NAGA WORLD គឺ​លោក ចេ​ន លី​ប​គង់ (Chen Lip Keong) ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៣/១០២៣ ចុះ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៣ ពោល​មាន​ឋានៈ និង​ងារ​ជា «​ឯកឧត្តម​» ។ ដូច្នេះ ករណី​បន​ល្បែង​កាស៊ីណូ NAGA WORLD បើកដៃ​ឲ្យ​ជនជាតិខ្មែរ​ចូល​លេងល្បែង​ក្តី និង​ទទួល​បញ្ចាំ​របស់​ចោរ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា «​ស្រុក​សម្បុក​ចោរ​» ក្តី ក៏​ទំនងជា​អាជ្ញាធរ​កម្ពុជា​មិន​ហ៊ាន​ប៉ះពាល់​ដែរ ។​

​ក្នុងករណី​ដ៏​ជាក់ស្តែង​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​នេះ តើ​បុរស​ខ្លាំង​នៃ​កម្ពុជា និង​រាជរដ្ឋាភិបាល​ទាំងមូល​យកមុខ​មាត់​ទៅ​ទុក​នៅទីណា ? ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.