ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

​វិស័យ​ឯកជន​ខាតបង់​ប្រាក់​ច្រើន​លាន​ដុល្លារ​ក្រោម​ចំណាត់ការ «​តាម​អារម្មណ៍​» របស់​បុរស​ខ្លាំង​ដ៏​គួរ​ឲ្យ​ហួសចិត្ត និង​សោកស្តាយ 

​ទើបតែ​កន្លងផុតទៅ​មិន​ដល់​រយៈពេល​០២​ខែ​នៅឡើយ​ទេ ដែល​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​មួយចំនួន​ម្នីម្នា​ធ្វើការ​ផ្លាស់ប្តូរ​និមិត្តសញ្ញា (LOGO) របស់ខ្លួន​ដែលមាន​អក្សរ «៛» ឬ «​រូប​សិង្ហ​» ស្រដៀង​គ្នា​ជាមួយ​និមិត្តសញ្ញា​របស់​ក្រសួង​-​ស្ថាប័នរដ្ឋ​កំពុង​ប្រើប្រាស់​យ៉ាង​តក់ក្រហល់​តាម​ការណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា ជាពិសេស​ក្រោម​ចំណាត់ការ​របៀប​ជា «​អនុសាសន៍​» តាម​អារម្មណ៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អម​ជាមួយនឹង​ពាក្យ​ដាស់តឿន​ជាប្រចាំ​ទល់​សព្វថ្ងៃ​ថា «​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន គឺ​មិនមែនជា​របស់​រដ្ឋ​ទេ​» ខណៈ​និមិត្តសញ្ញា​អក្សរ «៛» ឬ «​រូប​សិង្ហ​» នោះ ត្រូវបាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ខ្លះ​ប្រើប្រាស់​អស់​រយៈពេល​យ៉ាង​តិចជាង​១០​ឆ្នាំ​មកហើយ ។​

​ចំណាត់ការ​របៀប «​តក់ក្រហល់​» របស់​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​ដែលមាន​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) និង​ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា (NBC) លើ​ការតម្រូវ​ឲ្យ​ធនាគារ និង​គ្រឹះស្ថាន​មី​ក្រុ​ហិរញ្ញវត្ថុ​ឯកជន​ធ្វើការ​ផ្លាស់ប្តូរ​និមិត្តសញ្ញា​ពាណិជ្ជកម្ម​របស់ខ្លួន ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​ជាមួយ​និមិត្តសញ្ញា​របស់​ក្រសួង​-​ស្ថាប័នរដ្ឋ​កំពុង​ប្រើប្រាស់​នោះ គឺ​ក្រោម​ការ​អះអាងថា កុំ​ឲ្យ​មានការ​ភ័ន្តច្រឡំ​គ្រឹះស្ថាន​ឯកជន​ទាំងអស់នោះ ជា​គ្រឹះស្ថាន​របស់​រដ្ឋ ។​

​ក្នុងនាម​វិស័យ​ឯកជន​បើក​អាជីវកម្ម ពាណិជ្ជកម្ម ឬ​សេវាកម្ម​រកស៊ី​ស្វែងរក​ប្រាក់ចំណេញ​នៅ​កម្ពុជា​នោះ គឺជា​ការ​ចំ​បាច់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន រួមមាន​ធនាគារ​អេស៊ីលីដា (ACLEDA Bank) និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ (PRASAC) ជាដើម ត្រូវតែ​ធ្វើការ​ផ្លាស់ប្តូរ​និមិត្តសញ្ញា (LOGO) របស់ខ្លួន​ដោយ​ដក «​រូប​សិង្ហ​» និង​អក្សរ «៛» ចេញ​វិញ​យ៉ាង​ប្រញាប់ប្រញាល់ ខណៈ PRASAC ធ្លាប់បាន​ប្រើប្រាស់​និមិត្តសញ្ញា​បែបនេះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ និង​ACLEDA ធ្លាប់បាន​ប្រើប្រាស់​និមិត្តសញ្ញា «​រូប​សិង្ហ​» ទទួលស្គាល់​ពី NBC អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយៗ​គ្រាន់តែ​ធនាគារ ACLEDA មួយ​ត្រូវ​ចំណាយ​ប្រាក់​អស់​ប្រមាណ​៤​លាន​ដុល្លារ​អាមេរិក​លើ​ការផ្លាស់ប្តូរ​និមិត្តសញ្ញា​ចាស់​ទាំង​តក់ក្រហល់ ។ 

​ក្រុមអ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា ជាការ​ពិត​មាន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត ស្រុក ជនបទ​ភាគច្រើន​ដែល​បាន​ខ្ចីលុយ​កាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​នោះ បាន​និយាយ​រត់មាត់​ថា «​ជាប់ ឬ​ជំពាក់​លុយ​រដ្ឋ​» ប៉ុន្តែ​ករណីនេះ គឺ​គ្រាន់តែ​ជាការ​និយាយ​ច្រឡំ​ប៉ុណ្ណោះ រីឯ​ធាតុពិត​ប្រជាពលរដ្ឋ​ជា​កូនបំណុល​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ មានការ​យល់ដឹង​យ៉ាងច្បាស់​អំពី​កាតព្វកិច្ច​រកប្រាក់​បង់​សង​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​ម្ចាស់បំណុល​ដដែល ដោយ​មិន​ខ្វល់​ឈឺក្បាល​ហាលងៀត​ថា ជា​គ្រឹះស្ថាន​ឯកជន ឬ​គ្រឹះស្ថាន​របស់​រដ្ឋ​អ្វី​ឡើយ ឲ្យ​តែ​ផ្តល់នូវ​កម្ចី​ការប្រាក់​ទាប​ជាង​ជាការ​ចាប់អារម្មណ៍​ហើយ ។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ថា និមិត្តសញ្ញា​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​មួយចំនួន​នៅ​កម្ពុជា​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ទទួលស្គាល់​ពី​ធនាគារជាតិ​នៃ​កម្ពុជា​រហូតដល់​មាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​ផង ធ្លាប់បាន​ប្រើប្រាស់​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ក៏មាន ជាង​២០​ឆ្នាំ​ក៏មាន សម្រាប់​បម្រើ​ឲ្យ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់ខ្លួន (​ដោយឡែក​ធនាគារ ACLEDA មាន​វិសាលភាព​ដល់​ប្រទេស​ឡាវ និង​ប្រទេស​មី​យ៉ាន់​ម៉ា​ទៀតផង​) ពោល និមិត្តសញ្ញា​ពាណិជ្ជកម្ម​របស់​ធនាគា​រ ឬ​ប្រតិបត្តិ​ករ​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ មាន​ភាព​សំខាន់​ណាស់​ក្នុង​មុខរបរ​ជំនួញ​អាជីវកម្ម ឬ​ពាណិជ្ជកម្ម ។ ដូច្នេះ ប្រសិនបើ​នាយករដ្ឋមន្ត្រី​ចង់​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងនោះ ធ្វើការ​ផ្លាស់ប្តូរ​និមិត្តសញ្ញា​ចាស់​ចេញ​ឲ្យ​ស្របតាម​ការចង់បានរ​បស់​ស្ថាប័នរដ្ឋ ក៏ត្រូវ​កំណត់​ឲ្យ​បាន​ច្បស់​លាស់​ជាមុន និង​ទុក​ពេលវេលា​យ៉ាងហោចណាស់​ពី​០៦​ខែ ទៅ​១​ឆ្នាំ​ឲ្យ​បាន​សមស្រប​ជាមុន​ដែរ ទើប​ស័ក្តិ​សមជា​អ្នកដឹកនាំ​ស្ថាប័នរដ្ឋ​ចេះ​គិតគូរ និង​មាន​គោលការណ៍​ទុកជាមុន ឬ​ហៅថា ជា​អ្នកដឹកនាំ​មាន​សមត្ថភាព​ចេះ​គិតគូរ​ពិចារណា​ពិតប្រាកដ ដើម្បី​ទប់ស្កាត់​ការខូចខាត​ផលប្រយោជន៍​វិស័យ​ឯកជន​នានា ។ ប៉ុន្តែ សម្រាប់​ថ្នាក់ដឹកនាំ​នៅ​កម្ពុជា​មិនបាន​គិត ឬ​មិន​ចង់​គិតគូរ​ដល់​ប្រការ​ទាំងនេះ​ទាល់តែសោះ ។​

​នេះ គឺជា​ព័ស្តុតាង​មួយ​ក្នុងចំណោម​ព័ស្តុតាង​ច្រើន​ទៀត​ដែល​បង្ហាញ​អំពី​រូបភាព​នៃ​ការខាតបង់​ផលប្រយោជន៍​ជា​ទឹកប្រាក់​ច្រើន​លាន​ដុល្លារ​អាមេរិក​របស់​វិស័យ​ឯកជន​ពាក់ព័ន្ធ ក្រោម​ចំណាត់ការ​របៀប «​តាម​ការនឹកឃើញ​» ឬ «​តាម​អារម្មណ៍​» របស់​បុរស​ខ្លាំង​នៃ​កម្ពុជា​ដ៏​គួរ​ឲ្យ​ហួសចិត្ត និង​សោកស្តាយ​ពន់ពេក ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.