ថ្ងៃ អង្គារ ទី ០៦ ខែ មិថុនា ឆ្នាំ ២០១៧

​រឿង​បំពាន​រដ្ឋធម្មនុញ្ញ ! ព្រោះតែ​គោរមងារ​សព​«​សម្តេច​វិបុល​បញ្ញា សុខ អាន​» ព្រះមហាក្សត្រ​ទ្រង់​រំលោភ​ប្រមុខរដ្ឋស្តីទី​ពេញទំហឹង​

​ចាប់តាំងពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៧​មាន​រយៈពេល​ជិត​២០​ថ្ងៃ​មកហើយ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​មិនបាន​គង់នៅ​ព្រះបរមរាជវាំង​រាជធានី​ភ្នំពេញ ឬ​ព្រះរាជដំណាក់​ណាមួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទេ គឺ​ទ្រង់​បាន​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ហើយ​ព្រះអង្គ​ក៏​មិន​យាង​ទៅ​ក្រសាល​លំហែ​ព្រះកាយ​អ្វី​ដែរ ដោយ​ព្រះអង្គ​បាន​ព្រះរាជា​នុ​សិទ្ធិ​ជូន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខរដ្ឋស្តីទី​រហូតទល់​ស​ព្វ​ថ្ងៃ ស្របតាម​មាត្រា​១១​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ មានន័យថា ក្នុង​រយៈ​ពេលដែល​ព្រះករុណា​ព្រះមហាក្សត្រ​ទ្រង់​គង់នៅ​ប្រទេស​ចិន​ដើម្បី​ឲ្យ​ពេទ្យ​ពិនិត្យ​ព្រះរាជសុខភាព​នោះ គឺ​រាល់​ព្រះរាជក្រឹត្យ​ដែលជា​ព្រះរាជកិច្ច​របស់​ព្រះអង្គ​ត្រូវ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជា​ប្រមុខរដ្ឋស្តីទី​ចុះហត្ថលេខា ក្នុង​ព្រះបរមនាម និង​តាម​ព្រះរាជ​ត្រាស់បង្គាប់ ។​

​ស្រាប់តែ​កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ លេចចេញ​មាន​ព្រះរាជក្រឹត្យ​មួយ​លេខ​នស​/​រកត​/០៣១៧/២៦៧ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ បែរជា​មាន​ឃើញ​ព្រះហស្តលេខា​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ដែល​កំពុង​គង់នៅ​ប្រទេស​ចិន​ពិនិត្យ​ព្រះរាជសុខភាព ប្រោស​ព្រះរាជទាន​គោរមងារ​ជូន​ឯកឧត្តម សុខ អាន ជា​«​សម្តេច​វិបុល​បញ្ញា សុខ អាន​» ទៅវិញ រួមទាំង​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី កំពុង​សម្រាក​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​នៅឯ​មន្ទីរពេទ្យ​បរទេស​ថែមទៀត ។ លើសពីនេះ ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/២៦៧ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ ដែល​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​គោរមងារ​ជូន​ឯកឧត្តម សុខ អាន ជា​«​សម្តេច​វិបុល​បញ្ញា សុខ អាន​» នោះ ក៏​មិនបាន​បញ្ជាក់​អំពី​ទីតាំង​ព្រះមហាក្សត្រ​គង់​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​ឡើយ (​ព្រះបរមរាជវាំង​រាជធានី​ភ្នំពេញ​? ឬក៏​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​?) ។ 

​ព័ស្តុតាង​ផ្សេងទៀត គឺ​នៅ​ថ្ងៃទី​១១ ខែមីនា និង​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​ក្នុង​ព្រះបរមនាម និង​តាម​ព្រះរាជ​ត្រាស់បង្គាប់​របស់​ព្រះមហាក្សត្រ​បាន​ចុះហត្ថលេខា​នៅលើ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/២៦៣ ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៧ ត្រាស់បង្គាប់​ដាក់​ឲ្យ​ចូលនិវត្តន៍​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ​ចំនួន​២៣​នាក់ និង​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/២៧៣ ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧ ត្រាស់បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​(​ផ្កាយ​២) ជូន​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ​ចំនួន​២៩​នាក់​ជា​ប្រក្រតី​ស្របតាម​ច្បាប់ ពោល​មិនមាន​ព្រះហស្តលេខា​របស់​ព្រះមហាក្សត្រ​ទេ ។ 

​ក្រុមអ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើកឡើងថា ព្រះរាជក្រឹត្យ​ដែលជា​ព្រះរាជកិច្ច​របស់​ព្រះមហាក្សត្រ​មានតម្លៃ​ដូចគ្នា ជាពិសេស​ក្នុងខណៈ​អវត្តមាន​ព្រះមហាក្សត្រ​ក្នុង​ការងារ​រាជកិច្ច​ដោយបាន​ព្រះរាជានុសិទ្ធ​ជូន​ប្រមុខរដ្ឋស្តីទី​ទៅហើយនោះ គឺ​មិន​មែនមាន​ព្រះរាជក្រឹត្យ​ខ្លះ​ត្រូវ​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ និង​មាន​ព្រះរាជក្រឹត្យ​ខ្លះទៀត​ត្រូវ​ចុះហត្ថលេខា​ដោយ​ប្រមុខរដ្ឋស្តីទី​ក្នុង​ព្រះបរមនាម និង​តាម​ព្រះរាជ​ត្រាស់បង្គាប់​របស់​ព្រះមហាក្សត្រ​ឡើយ ។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ទៀតថា ការណ៍​ដែល​មន្ត្រី​ពាក់ព័ន្ធ​រៀបចំ​ថ្វាយ​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ ក្នុងខណៈ​ព្រះមហាក្សត្រ​ព្រះរាជា​នុ​សិទ្ធិ​ជូន​ប្រមុខរដ្ឋស្តីទី​រួចហើយនោះ គឺជា​រឿង​បំពាន់​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ ឬ​មានន័យ​ស្មើនឹង​បើកផ្លូវ​ឲ្យ​ព្រះមហា​ក្ស​ត្យ​ទ្រង់​រំលោភ​សិទ្ធិអំណាច​ប្រមុខរដ្ឋស្តីទី​យ៉ាង​ពេញទំហឹង និង​ក៏​ក្លាយជា​គំរូ​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​លើ​ការអនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា​។​

​ទោះយ៉ាងណា​ក៏ដោយ សម្តេច​វិបុល​បញ្ញា សុខ អាន សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​អប្សរា និង​ត្រូវជា​ដន្លងដងស្នែង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​មរណភាព​ហើយ​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧​កន្លង​ទៅដោយ​រោគាពាធ ក្នុង​ជន្មាយុ​៦៦​ឆ្នាំ ពោលគឺ​បន្ទាប់ពី​ទទួលបាន​គោរមងារ​ជា​«​សម្តេច​វិបុល​បញ្ញា សុខ អាន​» រយៈពេល​ត្រឹម​០២​ថ្ងៃ​ប៉ុណ្ណោះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.