ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

​បែកធ្លាយ​រឿង​រដ្ឋមន្ត្រី​ស្តីទី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​«​ប្រមាថ​អាយុជីវិត​» សម្តេច​វិបុល​បញ្ញា សុខ អាន តាំងពី​មុនពេល​ទទួល​មរណភាព​

​មានរឿង​គួរ​ឲ្យ​ហួសចិត្ត​ពន់ពេក​មួយ​បាន​កើតឡើង​ពាក់ព័ន្ធ​ទៅនឹង​មរណភាព​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា អ្នកតំណាងរាស្ត្រ​​មណ្ឌល​ខេត្តតាកែវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ត្រូវជា​ដន្លងដងស្នែង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​រដ្ឋមន្ត្រី​ស្តីទី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​«​ប្រមាថ​អាយុជីវិត​» សម្តេច​វិបុល​បញ្ញា សុខ អាន តាំងពី​សម្តេច​មិនទាន់​ទទួលមរណភាព​មកម្ល៉េះ ។​

​ព័ស្តុតាង​បានបង្ហាញ​ដូចតទៅ​៖ សេចក្តីជូនដំណឹង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧ បានប្រកាស​ឲ្យ​ដឹងថា «​សម្តេច​វិបុល​បញ្ញា សុខ អាន បានទទួល​មរណភាព​នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៨ និង​៣២​នាទី​នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៦៦​ឆ្នាំ ។ ប៉ុន្តែ លិខិតផ្លូវការ​លេខ​៣៣៥​លស​.​ផ​ហ ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខា​ដោយ​ឯកឧត្តម ប៊ុន អ៊ុយ ក្នុងនាម​ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ជម្រាបជូន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយយោង​តាម​ប្រសាសន៍​របស់​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី ក្នុង​កម្មវត្ថុ​ស្នើសុំ​បុរេប្រទាន​ថវិកា​ចំនួន​៣ ០០០​លាន​រៀល​ក្រោមរូបភាព​«​ប្រញាប់​ណាស់​» និង​បាន​បញ្ជូន​មកដល់​ខុទ្ទកាល័យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នា​ម៉ោង​១១ និង​០០​នាទី នោះ បានបញ្ជាក់​យ៉ាងច្បាស់​ថា «​ទីស្តីការគណៈរដ្ឋមន្ត្រី​មាន​ភារកិច្ច​ស្នើសុំ​បុរេប្រទាន​ថវិកា​ចំនួន​៣ ០០០​លាន​រៀល សម្រាប់​ចំណាយ​រៀបចំ​ពិធី​បុណ្យសព​សម្តេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយ​ចំណាយ​ថវិកា​ជំពូក​៦២(៦២០២៨)» ។ សំណើ​របស់​ឯកឧត្តម ប៊ុន អ៊ុយ ត្រូវបាន​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ធ្វើ​ចំណារ​«​ឯកភាព​» នា​ថ្ងៃ​ដដែល ព្រមទាំង​លោក​បណ្ឌិត ញឹម ខេមរា អគ្គនាយក​ស្តីទី​ក៏បាន​ធ្វើ​ចំណារ​បង្គាប់​ឲ្យ​មន្ត្រីក្រោមឱវាទ​ចាត់ចែង​ជាការ​ប្រញាប់​បំផុត​នា​ថ្ងៃ​ដដែល​ជាមួយគ្នា​ទៀតផង ។​

​អនុលោម​តាម​សេចក្តីជូនដំណឹង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧​ប្រកាស​អំពី​មរណភាព​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន នៅវេលា​ម៉ោង​១៨ និង​៣២​នាទី និង​លិខិត​លេខ​៣៣៥​លស​.​ផ​ហ ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧ របស់​រដ្ឋមន្ត្រី​ស្តីទី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​ជម្រាប់ជូន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្នើសុំ​បុរេប្រទាន​ថវិកា​ចំនួន​៣ ០០០​លាន​រៀល​សម្រាប់​ចំណាយ​រៀបចំ​ពិធី​បុណ្យសព​សម្តេច​វិបុល​បញ្ញា សុខ អាន និង​បាន​បញ្ជូន​មកដល់​ខុទ្ទកាល័យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅវេលា​ម៉ោង​១១ និង​០០​នាទី​នោះ គឺ​មានន័យថា ទីស្តីការគណៈរដ្ឋមន្ត្រី​ស្នើសុំ​បុរេប្រទាន​ថវិកា​សម្រាប់​ចំណាយ​រៀបចំ​បុណ្យសព​សម្តេច​វិបុល​បញ្ញា សុខ អាន នៅ​មុនពេល​សម្តេច​វិបុល​បញ្ញា សុខ អាន ទទួលមរណភាព​ប្រមាណ​ជាង​៧​ម៉ោង​ទៅទៀត ហើយក៏​អាច​និយាយបានថា ទីស្តីការគណៈរដ្ឋមន្ត្រី «​ប្រមាថ​អាយុជីវិត​»​សម្តេច​វិបុល​បញ្ញា សុខ អាន តាំងពី​សម្តេច​មិនទាន់​ទទួលមរណភាព ។​

​សរុបសេចក្តី​មក មរណភាព​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន គឺ​បានបង្ហាញ​ឲ្យ​ឃើញ​នូវ​រឿងរ៉ាវ​គួរ​ឲ្យ​ហួសចិត្ត​ពន់ពេក​ពាក់ព័ន្ធ​ទៅនឹង​ការ «​ប្រមាថ​អាយុជីវិត​» មនុស្ស​មិនទាន់​ស្លាប់​ផង និង​ការសុំ​បុរេប្រទាន​ថវិការដ្ឋ​សម្រាប់​ចំណាយ​រៀបចំ​ពិធី​បុណ្យសព​ដ៏​ច្រើនសន្ធឹក​បង្ក​នូវ​ការរិះគន់​ព្រោងព្រាត​ផង រហូតដល់​រាជរដ្ឋាភិបាល​សម្រេច​ផ្លាស់ប្តូរ​ជំហរ​បង្វែរ​លុយ​៣ ០០០​លាន​រៀល​នោះ​ចូល​ថវិការដ្ឋ​វិញ ហើយ​ការចំណាយ​សម្រាប់​រៀបចំ​ពិធី​បុណ្យសព​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​ចេញមុខ​ធានារ៉ាប់រង​ទាំងស្រុង (Sic!) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.