ថ្ងៃ អង្គារ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៧

​ដល់ក​ហើយ ! សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​មិន​ស្គាល់ឈ្មោះ​ប្រទេស និង​មិន​ស្គាល់​គោរមងារ​នាយករដ្ឋមន្ត្រី​

​រឿង​ទីស្តីការគណៈរដ្ឋមន្ត្រី​ឡើង​គម្រោង​ចាយលុយ​រដ្ឋ​ចំនួន​៣ ០០០​លាន​រៀល​សម្រាប់​រៀបចំ​ពិធី​បុណ្យសព​សម្តេច​វិបុល​បញ្ញា សុខ អាន ដែល​ទទួលរង​កា​រិះគន់​ព្រោងព្រាត​នោះ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៧ នេះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន​គណៈ​ប្រចាំការ​នៃ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​(​បច្ចុប្បន្ន ជា​ប្រមុខរដ្ឋស្តីទី​) បានធ្វើ​លិខិតផ្លូវការ​មួយច្បាប់​ក្នុង​ក្របខ័ណ្ឌ​គណបក្ស​លេខ​០០៩/១៧​លគ​.​ខ​គក ចុះ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៧ គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើកឡើង​អំពី​ស្មារតី​នៃ​កិច្ចប្រជុំ​របស់​គណៈ​ប្រចាំការ​នៃ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដោយ​សម្រេច​បង្វែរ​លុយ​ចំនួន​៣ ០០០​លាន​រៀល​ចូលក្នុង​ថវិការដ្ឋ​វិញ និង​គណបក្ស​ប្រជាជន​កម្ពុជា​សូម​ទទួល​រ៉ាប់រង​ទាំងស្រុង​លើ​ការចំណាយ​សម្រាប់​រៀបចំ​ពិធី​បុណ្យសព​សម្តេច​វិបុល​បញ្ញា សុខ អាន ។ លិខិត​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ នេះ ត្រូវបាន​បុរស​ខ្លាំង​ធ្វើ​ចំណារ​«​យល់ព្រម​» នា​ថ្ងៃ​ដដែល ។​

​ពាក់ព័ន្ធ​ទៅនឹង​លិខិតផ្លូវការ​លេខ​០០៩/១៧​លគ​.​ខ​គក ចុះ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៧ របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ដែល​បាន​គោរព​ជូន​បុរស​ខ្លាំង​នោះ គឺ​ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន​ចាប់អារម្មណ៍​ខ្លាំង​ពោរពេញ​ទៅដោយ​ការរិះគន់​នៅត្រង់ថា មានការ​សរសេរ​អក្សរ​ខុស​អក្ខរាវិរុទ្ធ​ច្រើនសន្ធឹក​រហូតដល់​ថ្នាក់​មិន​ស្គាល់ឈ្មោះ​ប្រទេស​កម្ពុជា និង​មិន​ស្គាល់​គោរមងារ​របស់​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​របស់ខ្លួន​ទៀតផង ។​

​ព័ស្តុតាង​ជាក់ស្តែង​បានបង្ហាញ​ឲ្យ​ឃើញ​នូវ​កំហុសឆ្គង​ខាង​អក្ខរាវិរុទ្ធ​នៃ​លិខិតផ្លូវការ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជា​ប្រមុខរដ្ឋស្តីទី និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដូចខាងក្រោម ៖ 

១-​ពាក្យ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ត្រូវបាន​សរសេរ​ខុសឆ្គង​ថា «​សម្តេច​អគ្គមហាសេនា​ប​ត្តី​តេ​ជោ ហ៊ុន សែន​»​។​

២-​ពាក្យ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​សរសេរ​ខុសឆ្គង​ថា «​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា​» ។​

៣-​ពាក្យ សម្តេចនាយក​រដ្ឋមន្ត្រី ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់ ត្រូវបាន​សរសេរ​ខុសឆ្គង​ថា «​សម្តេចនាយក​រដ្ឋមន្ត្រី ជាទីគោរព​ដ​ខ្ពង់​ខ្ពស់​» ។​

៤-​ពាក្យ ព័ត៌មាន​ផ្សាយ​ថា ត្រូវបាន​សរសេរ​ខុសឆ្គង​ថា «​ពត៌មាន​ផ្សាយ​ថា​» ។​

៥-​ពាក្យ ពិធី​បុណ្យសព ត្រូវបាន​សរសេរ​ខុសឆ្គង​ថា «​ពិធីបុណ្យ​សព្វ​» ។​

៦-​ពាក្យ ទទួល​រ៉ាប់រង​ទាំងស្រុង ត្រូវបាន​សរសេរ​ខុសឆ្គង​ថា «​ទទួល​រាប់​រង​ទាំងស្រុង​» ។

៧-ពាក្យ មេត្តាទទួលនូវការគោរព ត្រូវបានសរសេរខុសឆ្គងថា «មេត្តាទទួលនៃការគោរព» ។

​មជ្ឈដ្ឋាន​និស្សិត បញ្ញវន្ត បាននាំគ្នា​លាន់មាត់​ទាំង​ហួសចិត្ត​ពន់ពេក​ថា ក្នុងឋានៈ​តួនាទី​ជា​ប្រមុខរដ្ឋស្តីទី (​ពេល​អវត្តមាន​ព្រះមហាក្សត្រ​) ជា​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​ទាំងមូល បែរជា​សរសេរ​អក្សរ​ខុស​អក្ខរាវិរុទ្ធ​ព្រោងព្រាត​រហូតដល់​ថ្នាក់​សរសេរ​ឈ្មោះ ប្រទេស​កម្ពុជា និង​គោរមងារ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​របស់ខ្លួន​មិន​ត្រឹមត្រូវ​ទៅវិញ ។ ចប់ ឯវំ ! ៕
 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.