ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​រឿង​ចាយលុយ​រដ្ឋ​រៀបចំ​បុណ្យសព​សម្តេច​វិបុល​បញ្ញា សុខ អាន ក្រោយ​ការរិះគន់ ! លុយ​៧៥​ម៉ឺន​ដុល្លារ​បង្វិល​ចូល​រដ្ឋ​វិញ និង​គណបក្ស​ប្រជាជន​កម្ពុជា​ធានារ៉ាប់រង​ចំណាយ​ទាំងស្រុង​

​ក្រោយ​រង​ការរិះគន់​ព្រោងព្រាត​ពាក់ព័ន្ធ​នឹង​ទីស្តីការគណៈរដ្ឋមន្ត្រី​ឡើង​គម្រោង​ចាយលុយ​រដ្ឋ​ចំនួន​៣ ០០០​លាន​រៀល (​ប្រមាណ​៧៥​ម៉ឺន​ដុល្លារ​អាមេរិក​) សម្រាប់​រៀបចំ​បុណ្យសព​សម្តេច​វិបុល​បញ្ញា សុខ អាន នោះ​រួចមក នៅ​ទីបំផុត​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​ប្រធាន និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ត្រូវជា​ដន្លងដងស្នែង​សព​សម្តេច​វិបុល​បញ្ញា សុខ អាន ផង​នោះបាន​សម្រេច​បង្វែរ​លុយ​ចំនួន​៣ ០០០​លាន​រៀល​ចូល​ថវិការដ្ឋ​វិញ រីឯ​ការចំណាយ​សម្រាប់​រៀបចំ​ពិធី​បុណ្យសព​សម្តេច​វិបុល​បញ្ញា សុខ អាន គឺ​គណបក្ស​ប្រជាជន​កម្ពុជា​សូម​រ៉ាប់រង​ទាំងស្រុង ។ 

​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៧​នេះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈ​ប្រចាំការ​នៃ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ត្រូវជា​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​បច្ចុប្បន្ន​ជា​ប្រមុខរដ្ឋស្តីទី​) បានធ្វើ​លិខិតផ្លូវការ​មួយ​ក្នុង​ក្របខ័ណ្ឌ​គណបក្ស​ប្រជាជន​កម្ពុជា​គោរព​ជូន​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានលើកឡើង​អំពី​ស្មារតី​នៃ​កិច្ចប្រជុំ​របស់​គណៈ​ប្រចាំការ​នៃ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុ​ជានា​រសៀល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៧​ដែល​បានសម្រេច​បង្វែរ​លុយ​៣ ០០០​លាន​រៀល​ចូល​ថវិការដ្ឋ​វិញ និង​គណបក្ស​ប្រជាជន​កម្ពុជា​សូម​ធានារ៉ាប់រង​ទាំងស្រុង​លើ​ការចំណាយ​សម្រាប់​រៀបចំ​ពិធី​បុណ្យសព​សម្តេច​វិបុល​បញ្ញា សុខ អាន ។ លិខិតផ្លូវការ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ នេះ ត្រូវបាន​បុរស​ខ្លាំង​ធ្វើ​ចំណារ​«​យល់ព្រម​» នា​ថ្ងៃ​ដដែល ។​

​គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ដោយយោង​តាម​ប្រសាសន៍​របស់​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​នោះ ឯកឧត្តម ប៊ុន អ៊ុយ រដ្ឋមន្ត្រី​ស្តីទី​នៃ​ទីស្តីកា​គណៈរដ្ឋមន្ត្រី​បានធ្វើ​លិខិតផ្លូវការ​មួយច្បាប់​ក្រោមរូបភាព «​ប្រញាប់​ណាស់​» ជម្រាបជូន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្នើសុំ​បុរេប្រទាន​ថវិកា​ចំនួន​៣ ០០០​លាន​រៀល សម្រាប់​ចំណាយ​រៀបចំ​ពិធី​បុណ្យសព​សម្តេច​វិបុល​បញ្ញា សុខ អាន ។ សំណើ​របស់​ឯកឧត្តម ប៊ុន អ៊ុយ នេះ ត្រូវបាន​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ធ្វើ​ចំណារ​«​ឯកភាព​» នា​ថ្ងៃ​ដដែល និង​ត្រូវបាន​លោក​បណ្ឌិត ញឹម ខេមរា អគ្គនាយក​ស្តីទី​ធ្វើ​ចំណារ​បង្គាប់​ឲ្យ​មន្ត្រីក្រោមឱវាទ​ចាត់ចែង​ជាការ​ប្រញាប់​បំផុត​នា​ថ្ងៃ​ដដែល​ផងដែរ ។ គម្រោង​ចំណាយ​ថវិការដ្ឋ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​សម្រាប់​រៀបចំ​ពិធី​បុណ្យសព​សម្តេច​វិបុល​បញ្ញា សុខ អាន នេះ បានទទួល​រង​នូវ​ការរិះគន់​ខ្លាំងៗ​ពី​មជ្ឈដ្ឋាន​ជាច្រើន​ថា ជាការ​ខ្ជះខ្ជាយ​ថវិការដ្ឋ​… ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.