ក្រុមហ៊ុន Data Management Center Ltd. (DMC) ដែលដើមឡើយជារបស់លោកឧកញ៉ា ហួត វ៉ាន់ថន និងលោកឧកញ៉ា ថៃ សេងឡុង ជាបងប្អូននឹងគ្នា (មានដើមទុនចុះបញ្ជីពាណិជ្ជកម្ម នាចុងឆ្នាំ២០០៨ ចំនួន៨ ០០០លានរៀល) ហើយក្រោយមកបានធ្លាក់ក្នុងដៃលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ អតីតជាថៅកែក្រុមហ៊ុនប្រមូលលុយសេវាកម្មផ្លូវជាតិលេខ៤ (ក្រុមហ៊ុន Intelligent Solution System Co.,Ltd. មានលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ជាតំណាងកាន់កាប់ភាគហ៊ុនចំនួន១ ០០០ភាគហ៊ុន និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនDMC) បាននិងកំពុង«ផ្អែមឆ្ងាញ់ជាប់មាត់» ពីការកើបលុយរដ្ឋជិត១០លានដុល្លារអាមេរិកក្នុងមួយឆ្នាំលើវិស័យទូរគមនាគមន៍តាមរូបភាព«ដកតុង» ព្រោះតែរដ្ឋបច្ចុប្បន្ន «គ្មានមារយាទ» រកស៊ីខ្លួនឯង ។
ប្រភពព័ត៌មានច្បាស់ការណ៍ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ដែលមានឯកឧត្តម ត្រាំ អ៊ីវតឹក ជារដ្ឋមន្ត្រី បាបឲ្យដឹងថា សម្រាប់រយៈពេល៣ត្រីមាស(០៩ខែ) ឆ្នាំ២០១៦កន្លងទៅ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជាប្រមុខបានសម្រេចទូទាត់លុយចំនួន២៤ ៧៤៧ ៤០០ ០០០រៀល ឲ្យទៅក្រុមហ៊ុន DMC រួចហើយ ដែលជាប្រាក់កម្រៃលើសេវា«ដកតុង» ក្នុងវិស័យទូរគមនាគមន៍ដែលក្រុមហ៊ុនត្រូវទទួលបាន ។ មានន័យថា ក្នុង១ត្រីមាស(០៣ខែ) រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(MEF) និងក្រសួង MPTC ត្រូវទូទាត់ថវិកាចំនួន៨ ២៤៥ ៨០០ ០០០រៀល (ប្រមាណជាង២លានដុល្លារអាមេរិក) ឲ្យទៅក្រុមហ៊ុន DMC និងសម្រាប់ឆ្នាំ២០១៦ទាំងមូល រាជរដ្ឋាភិបាលត្រូវទូទាត់ថវិកាចំនួន៣២ ៩៨៣ ២០០ ០០០រៀល (ប្រមាណជាង៨លានដុល្លារអាមេរិក) ឲ្យទៅក្រុមហ៊ុន DMC របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ។
គួរបញ្ជាក់ជូនថា ក្រុមហ៊ុន DMC ត្រូវបានរាជរដ្ឋាភិបាលបុរសខ្លាំងសម្រេចអនុញ្ញាតឲ្យចុះកិច្ចសន្យាជាមួយក្រសួង MEF និងក្រសួង MPTC ដើម្បីបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យាមួយ ឋិតក្រោមការគ្រប់គ្រងរបស់ក្រសួង MPTC សម្រាប់ត្រួតពិនិត្យ CDR (Call Details Record) របស់ប្រតិបត្តិករក្រុមហ៊ុនបម្រើសេវាកម្មទូរគមនាគមន៍ទាំងអស់ តាមស្មារតីអនុក្រឹត្យលេខ១៣៥ អនក្រ.បក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨ ។
មជ្ឈដ្ឋានអ្នកជំនួញតូចតាចនៅកម្ពុជាបាននាំគ្នាលាន់មាត់ថា លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ (ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/១១៩៦/៨០ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៩៩៦) ពិតជាសំណាង និងមានឱកាស«កើបលុយ» ពីរដ្ឋយ៉ាងត្រជាក់ថ្លើមប្រមាត់បេះដូង ដ្បិតទោះបីកិច្ចព្រមព្រៀងសេវាកម្មយកលុយផ្លូវជាតិលេខ៤រយៈពេល៣៥ឆ្នាំត្រូវបានបញ្ឈប់មុនកាលកំណត់កាលពីដើមឆ្នាំ២០១៦ បន្ទាប់ពី «កើបលុយ» អស់រយៈពេលជាង១០ឆ្នាំរួចមក ក្រោមស្លាកក្រុមហ៊ុន AZ Distribution Co.,Ltd. ក៏ដោយ ក៏នៅអំឡុងឆ្នាំ២០១៦ដដែល លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ក្រោមស្លាកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន DMC បានបន្តមក«កើបលុយ» ខាងវិស័យទូរគមនាគមន៍ក្នុងមួយឆ្នាំៗជិត១០លានដុល្លារអាមេរិកយ៉ាងរំភើយ ដោយមិនសូវមានអ្នកចាប់អារម្មណ៍ដឹងរឿងរ៉ាវទៀតផង ៕