ពាក្យបណ្តឹងរបស់លោកស្រី លី អ៊ុំអេង ដែលអះអាងថាជាភាគីឈ្នះក្តីក្នុងសំណុំរឿងវិវាទដីធ្លីទំហំ២២ ៦០៤ម៉ែត្រក្រឡា ឋិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប តាមអំណាចសាលដីការដ្ឋប្បវេណីលេខ៤០២«ក» ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ របស់តុលាការកំពូល បានស្នើសុំទាមទារឲ្យមានការសម្រេចដាក់វិន័យ និងទោសទណ្ឌទៅលើលោកចៅក្រម ឈុន ច័ន្ទសីហា តាមនីតិវិធីនៃច្បាប់ ។
លោក ឈុន ច័ន្ទសីហា ជាសិស្សចៅក្រមជំនាន់ទី៤សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ត្រូវបានតែងតាំងជាចៅក្រមកម្មសិក្សាបម្រើការងារនៅសាលាដំបូងខេត្តសៀមរាប ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១១/២៣៣ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១១ និងត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌនៃអង្គចៅក្រមបម្រើការងារជាចៅក្រមសាលាដំបូងខេត្តសៀមរាប ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១២/៥៩១ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ។ ក្រោយមក គឺបន្ទាប់ពីទទួលរងនូវបណ្តឹងចោទប្រកាន់របស់លោកស្រី លី អ៊ុំអេង ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នោះ លោកចៅក្រម ឈុន ច័ន្ទសីហា ក៏ទទួលបានការតែងតាំងជាអនុប្រធានសាលាដំបូងខេត្តរតនគិរី ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៧/២៤៦ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។
គេហទំព័រសារព័ត៌មានដើមត្នោត មិនទាន់អាចសុំការបំភ្លឺបញ្ជាក់ពីលោកចៅក្រម ឈុន ច័ន្ទសីហា នៅឡើយទេពាក់ព័ន្ធនឹងការប្តឹងចោទប្រកាន់របស់លោកស្រី លី អ៊ុំអេង នោះគិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ ៕