ថ្ងៃ អង្គារ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៧

​លទ្ធផល​នៃ​ការ​ធ្លាយ​រឿង​គម្រោង​ចាយលុយ​បុណ្យសព​សម្តេច​វិបុល​បញ្ញា សុខ អាន ? ឯកឧត្តម ប៊ុន អ៊ុយ ត្រូវបាន​ដក​ចេញពី​រដ្ឋមន្ត្រី​ស្តីទី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយ​ដាក់​ឯកឧត្តម ប៊ិន ឈិន ជំនួស​វិញ​

​នៅ​មុនពេល​សម្តេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ទទួលមរណភាព​នា​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧​ម្សិលមិញ និង​ក្នុងខណៈ​សម្តេច​វិបុល​បញ្ញា សុខ អាន កំពុង​សម្រាក​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​នៅ​មន្ទីរពេទ្យ​បរទេស​នោះ ឯកឧត្តម ប៊ុន អ៊ុយ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី បានទទួល​តួនាទី​ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ជំនួស​សម្តេច​វិបុល​បញ្ញា សុខ អាន តរៀងមក ។​

​បន្ទាប់ពី​សម្តេច​វិបុល​បញ្ញា សុខ អាន ទទួលមរណភាព​នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ភ្លាមៗ និង​ដោយ​យោងតាម​ប្រសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនាម​ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៊ុន អ៊ុយ ក៏បាន​ធ្វើលិខិត​ផ្លូវកា​រ​មួយច្បាប់​លេខ​៣៣៥​លស​.​ផ​ហ ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧​ជម្រាបជូន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោមរូបភាព​«​ប្រញាប់​ណាស់​» ស្នើសុំ​បុរេប្រទាន​ថវិកា​ចំនួន​៣ ០០០​លាន​រៀល​សម្រាប់​ចំណាយ​រៀបចំ​ពិធី​បុណ្យសព​សម្តេច​វិបុល​បញ្ញា សុខ អាន ។ សំណើ​របស់​ឯកឧត្តម ប៊ុន អ៊ុយ នេះ ត្រូវបាន​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើ​ចំណារ​ឯកភាព​នា​ថ្ងៃ​ដដែល ព្រមទាំង​លោក​បណ្ឌិត ញឹម ខេមរា ជា​អគ្គនាយក​ស្តីទី​បានធ្វើ​ចំណារ​បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ​ចាត់ចែង​ជាការ​ប្រញាប់​បំផុត​នា​ថ្ងៃ​ដដែល​ដែរ ។ ប៉ុន្តែ «​ឯកសារ​សុំ​លុយ​» នេះ ត្រូវបាន​បែកធ្លាយ​ពេញ​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម Facebook​ដ៏​ពេញនិយម​ទៅវិញ ។​

​លុះ​មកដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៧​នេះ ខណៈ​មិនទាន់មាន​ការតែងតាំង​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ជំនួស​សម្តេច​វិបុល​បញ្ញា សុខ អាន ដែល​ទទួលមរណភាព​ដោយ​សុំ​ការអនុម័ត​ផ្តល់​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា រាជរដ្ឋាភិបាល​ដែលមាន​បុរស​ខ្លាំង​ជា​ប្រមុខ​បានសម្រេច​ប្រគល់​ភារកិច្ច​បន្ថែម​ជូន​ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ប្រចាំការ ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ជំនួស​សម្តេច​វិបុល​បញ្ញា សុខ អាន ដែល​បានទទួល​មរណភាព​វិញ ដោយ​សេចក្តីសម្រេច​លេខ​១៨​សសរ ចុះ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៧​។ មានន័យថា ឯកឧត្តម ប៊ុន អ៊ុយ អស់​តួនាទី​ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ហើយ ។​

​គួរបញ្ជាក់​ជូន​ដែរ​ថា អនុលោម​តាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​លេខ​៣២​សសរ ចុះ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៦ ស្តីពី​ការកែសម្រួល​របៀបរបប​ការងារ និង​ការបែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល គឺ​ឯកឧត្តម ប៊ិន ឈិន មាន​តួនាទី និង​ភារកិច្ច​ជា​ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ប្រចាំការ​ដោះស្រាយ​ការងារ​ប្រចាំថ្ងៃ​ជំនួស​នាយករដ្ឋមន្ត្រី ទទួល​សិទ្ធិ​ពី​នាយករដ្ឋមន្ត្រី​ក្នុងការ​ពិនិត្យ និង​សម្រេច​លើ​ការងារ​របស់​«​ច្រកចេញ​-​ចូល​តែមួយ​» នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លើកលែងតែ​ការងារ​ដែលមាន​វេទយិតភាព​ខ្ពស់​ដែល​តម្រូវ​ឲ្យ​សុំ​ការណែនាំ​ឬ​ការសម្រេច​ពី​នាយករដ្ឋមន្ត្រី និង​ទទួល​សិទ្ធិ​ពី​នាយករដ្ឋមន្ត្រី​ក្នុងការ​ពិនិត្យ និង​សម្រេច​លើ​សំណើ​ស្មុំ​កូន និង​ការសុំ​លា​សញ្ជាតិ ដឹកនាំ​ផ្ទាល់​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ជួយ​នាយករដ្ឋមន្ត្រី​លើ​ការងារ​បង្ការ ទប់ស្កាត់ និង​ប្រឆាំង​អំពើពុករលួយ ៕​

 

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.