ថ្ងៃ អង្គារ ទី ០៦ ខែ មិថុនា ឆ្នាំ ២០១៧

ទីស្ដីការគណៈរដ្ឋមន្ដ្រីឡើងគម្រោងចាយលុយជិត១លានដុល្លារលើការរៀបចំបុណ្យសពសម្ដេចវិបុលបញ្ញា សុខ អាន

ក្រោយរាជរដ្ឋាភិបាលប្រកាសជូនដំណឹងស្ដីអំពីមរណភាពរបស់សម្ដេចវិបុលបញ្ញា សុខ អាន អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តតាកែវ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ប្រធានអាជ្ញាធរអប្សរា នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ម្សិលមិញនេះរួចមក ភ្លាមៗដែរដោយអះអាងថា យោងតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានោះ ឯកឧត្តម ប៊ុន អ៊ុយ រដ្ឋមន្ដ្រីស្ដីទីនៃទីស្ដីការគណៈរដ្ឋមន្ដ្រី ក៏បានចេញលិខិតផ្លូវការមួយលេខ៣៣៥លស.ផហ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ទុកជាការ «ប្រញាប់ណាស់» ជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើសុំបុរេប្រទានថវិកាចំនួន៣ ០០០លានរៀល សម្រាប់ចំណាយរៀបចំពិធីបុណ្យសពសម្ដេចវិបុលបញ្ញា សុខ អាន ។

សំណើរបស់ឯកឧត្តម ប៊ុន អ៊ុយ រដ្ឋមន្ដ្រីស្ដីទីនៃទីស្ដីការគណៈរដ្ឋមន្ដ្រីខាងលើត្រូវបានឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើចំណារឯកភាពនាថ្ងៃដដែល ព្រមទាំងលោកបណ្ឌិត ញឹម ខេមរា ជាអគ្គនាយកស្ដីទីចារបញ្ជាឲ្យមន្ដ្រីក្រោមឱវាទចាត់ចែងជាការប្រញាប់បំផុតនាថ្ងៃដដែលផងដែរ ។

គួរបញ្ជាក់ជូនថា ក្នុងស្ថានភាពកំពុងឈឺធ្ងន់សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបរទេសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងត្រូវជាដន្លងដងស្នែងបុរសខ្លាំងជានាយករដ្ឋមន្ដ្រីផងបានទទួលគោរមងារជា «សម្ដេចវិបុលបញ្ញា សុខ អាន» ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៧/២៦៧ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ និងរយៈពេល០២ថ្ងៃក្រោយមក សម្ដេចវិបុលបញ្ញា សុខ អាន ក៏ទទួលមរណភាពនៅវេលាម៉ោង១៨ និង៣២នាទីល្ងាចដោយរោគាពាធក្នុងជន្មាយុ៦៦ឆ្នាំ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ម្សិលមិញ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន បន្ទាប់ពីបញ្ជូនចេញពីមន្ទីរពេទ្យប្រទេសបារាំង និងមន្ទីរពេទ្យប្រទេសសិង្ហបុរី ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.