ថ្ងៃ សៅរ៏ ទី ២៥ ខែ មីនា ឆ្នាំ ២០១៧

​រឿង​ឈឺចាប់​១១​ឆ្នាំមុន ! សព​សម្តេច​វិបុល​បញ្ញា សុខ អាន ជា​អ្នក​លើក​យោបល់​ឲ្យ​បុរស​ខ្លាំង​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន AZ ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ យកលុយ​ផ្លូវជាតិ​លេខ​៤ 

​ថ្វី​ដ្បិត​ការយក​លុយ​ពី​ការប្រើប្រាស់​ផ្លូវជាតិ​លេខ​៤​អនុវត្ត​ដោយ​ក្រុមហ៊ុន AZ Distribution Co.,Ltd. របស់លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ ត្រូវបាន​បញ្ចប់​រួចហើយ​កាលពី​ខែមករា ឆ្នាំ​២០១៦​កន្លងទៅ​ក៏ពិតមែន ប៉ុន្តែ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៤ និង​ធ្លាប់​សម្តែង​នូវ​អារម្មណ៍​ក្តៅក្រហាយ​នឹង​ការ​យកលុយ​ផ្លូវជាតិ​លេខ​៤​អស់​រយៈពេល​១១​ឆ្នាំ​នោះ នៅ​ចងចាំ​មិន​ភ្លេច​ឡើយ​ចំពោះ​អំពើ​របស់​រាជរដ្ឋាភិបាល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ ដែល​បានផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន AZ Distribution Co.,Ltd. មាន​លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ ជា​តំណាង​ធ្វើ​សេវាកម្ម​យកលុយ​ផ្លូវជាតិ​លេខ​៤​តាមរយៈ​កិច្ចព្រមព្រៀង​សម្បទាន​(Concession Agreement) ចុះ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០០១ ។​

​ការណ៍​ដែល​រាជរដ្ឋាភិបាល​សម្រេច​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន  AZ Distribution Co.,Ltd. របស់លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ រកស៊ី​ប្រមូល​យកលុយ​ពី​ការប្រើប្រាស់​ផ្លូវជាតិ​លេខ​៤​រយៈពេល​៣៥​ឆ្នាំ​នោះ ធ្លាប់​ត្រូវបាន​ឯកឧត្តម សុន ឆ័យ អតីត​ប្រធាន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល និង​ពាណិជ្ជកម្ម​នៃ​រដ្ឋសភា​នីតិកាល​ទី​២ ធ្វើលិខិត​ផ្លូវ​ការចុះ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០០១ ស្នើសុំ​ឲ្យ​លុបចោល​វិញ ប៉ុន្តែ​កាលណោះ​មិនត្រូវ​បាន​រាជរដ្ឋាភិបាល​រវីរវល់​គិតគូរ​ពិចារណា​ឡើយ ហើយ​ថែមទាំង​បាន​អះអាងថា ជា​«​ការងារ​អភិបាលកិច្ច​»​ទៀតផង ។​

​យោងតាម​លិខិត​ចុះ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០០១​របស់​ឯកឧត្តម សុខ អាន (​អតីត​ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី) ដែល​បាន​គោរព​ជូន​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​បានបង្ហាញ​ឲ្យ​ឃើញថា ឯកឧត្តម សុខ អាន ជា​អ្នក​លើក​យោបល់​ឲ្យ​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន  AZ Distribution Co.,Ltd. បាន​ចុះ​កិច្ចព្រមព្រៀង​សម្បទាន​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការធ្វើ​អាជីវកម្ម​យកលុយ​ពី​ផ្លូវជាតិ​លេខ​៤ បន្ត​ហូរហែ​រៀងមក​អស់​រយៈពេល​ជាង​១០​ឆ្នាំ ទើប​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​សម្រេច​លុបចោល​កិច្ចព្រមព្រៀង​យកលុយ​ផ្លូវជាតិ​លេខ​៤​នេះ​វិញ ។​

​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងផុតទៅ​ហាក់ដូចជា​លឿន​ណាស់ ឥឡូវ​ឈានចូល​មកដល់​ឆ្នាំ​២០១៧​បន្ទាប់ពី​កិច្ចព្រមព្រៀង​សម្បទាន​យកលុយ​ផ្លូវជាតិ​លេខ​៤​រវាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន  AZ Distribution Co.,Ltd. ត្រូវបាន​លុបចោល​កាលពីដើមឆ្នាំ​២០១៦ គឺ​ឯកឧត្តម សុខ អាន ក៏បាន​ឡើង​ឋានៈ​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​កាន់​តួនាទី​ច្រើន​សំពីងសំពោង​ផ្សេងទៀត ព្រមទាំង​បាន​ក្លាយជា​ដន្លងដងស្នែង​ជាមួយ​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​ទៀតផង ទទួលបាន​គោរមងារ​ជា សម្តេច​វិបុល​បញ្ញា សុខ អាន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/២៦៧ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ និង​ទីបំផុត​បន្ទាប់ពី​ទទួលបាន​គោរមងារ​ជាស​ម្តេច​វិបុល​បញ្ញា សុខ អាន បាន​រយៈពេល​ត្រឹម​០២​ថ្ងៃ​ប៉ុណ្ណោះ សម្តេច​វិបុល​បញ្ញា សុខ អាន ក៏​ទទួលមរណភាព​នា​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧​វេលា​ម៉ោង​១៨ និង​៣២​នាទី​ល្ងាច ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៦៦​ឆ្នាំ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.