ថ្ងៃ អង្គារ ទី ០៦ ខែ មិថុនា ឆ្នាំ ២០១៧

​រឿង​ពិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​«​ដូរ​ឈ្មោះ​» ! ឆ្នាំ​១៩៩៣ ប្រជាជន​ភាគច្រើន​លែង​ត្រូវការ និង​ឆ្នាំ​២០១៣​រំលោភ​ឆន្ទៈ​នយោបាយ​ប្រជាជន​ជិត​៣​លាន​នាក់​

​ប្រជាជន​កម្ពុជា​ដែល​ធ្លាប់​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​១​នៃ​រដ្ឋសភា​(១៩៩៣-១៩៩៨) រៀបចំ​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅ​កាត់​ថា «​អ៊ុនតាក់​- UNTAC » ប្រាកដជា​នៅ​ចងចាំ​យ៉ាងច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា​(CPP) ធ្លាប់បាន​ចាញ់ឆ្នោត​យ៉ាង​អាម៉ាស់​សឹង​មិនគួរ​ឲ្យ​ជឿ​ដោយ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ត្រឹម​៥១​អាសនៈ​ប៉ុណ្ណោះ​នៅក្នុង​ចំណោម​អាសនៈ​ក្នុង​រដ្ឋសភា​សរុប​ចំនួន​១២០​អាសនៈ ។ មានន័យថា ប្រជាជន​កម្ពុជា​ភាគច្រើន​«​លែង​ត្រូវការ​» គណបក្ស​ប្រជាជន​កម្ពុជា​នាពេលនោះ​បាត់ទៅហើយ ។​

​លុះ​មកដល់​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នៃ​រដ្ឋសភា (២០១៣-២០១៨) រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា​«​គ​.​ជ​.​ប​- NEC» ថ្វី​ដ្បិត​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ប្រកាស​ដោយ គ​.​ជ​.​ប ឈ្នះ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ក៏ដោយ ក៏​លទ្ធផល​ឆ្នោត​បាន​បង្ហាញថា ប្រជាជន​កម្ពុជា​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២ ៩៤៦ ១៧៥​នាក់ «​មិនត្រូវ​ការ​»​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​ក្នុងចំណោម​ប្រជាជន​កម្ពុជា​ចូលរួម​បោះឆ្នោត​សរុប​ចំនួន​៦ ៦២៧ ១៥៩​នាក់ ។​

​ក្រុមអ្នកច្បាប់ និង​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ថា អនុលោម​តាម​ហេតុផល​ខាងលើ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវតែ​«​ដូរ​ឈ្មោះ​» គណបក្ស​នេះ​ចេញ ពីព្រោះ​ឈ្មោះ «​គណបក្ស​ប្រជាជន​កម្ពុជា​»​មិនបាន​បម្រើ​ឲ្យ​ឆន្ទៈ​នយោបាយ​ប្រជាជន​កម្ពុជា​ទាំងមូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ ពោល​បាន​ត្រឹម​បម្រើ​ឲ្យ​ឆន្ទៈ​នយោបាយ​របស់​ប្រជាជន​កម្ពុជា​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ។​

​ដោយឡែក នៅក្នុង​សេចក្តីព្រាង​គោលនយោបាយ​អាទិភាព​៥​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ដាក់ពាក្យ​ស្លោ​កថា​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» នៅ​ក្នុងខណៈ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤​ឆ្នាំ​២០១៧​ខាងមុខ​ជិត​មកដល់​នោះ ស្រាប់តែ​នៅ​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៧ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ចេញ​ប្រតិកម្ម​«​ឆេះដុំ​» ចេញ​សេចក្តីថ្លែងការណ៍​ចោទប្រកាន់ថា មាន​ចរិត​ញុះញង់ បង្កហេតុ និង​ប្រមាថមើលងាយ​ដល់​មន្ត្រីឃុំ សង្កាត់​ទូទាំងប្រទេស និង​ស្នើ​ឲ្យ​មានការ​កែតម្រូវ ព្រមទាំង​គំរាម​ប្តឹងទៅ​តុលាការ​ក្នុងករណី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​កែតម្រូវ​ពាក្យស្លោក​របស់ខ្លួន​ទៅវិញ (Sic!) ។​

​ពាក់ព័ន្ធ​ទៅនឹង​ករណី​ខាងលើ​នេះដែរ ក្រុមអ្នកច្បាប់ និង​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ថា បើ​យោងទៅតាម​ខ្លឹមសារ​នៃ​ពាក្យស្លោក​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គណបក្ស​នេះ​ចង់​សំដៅ​ផ្លាស់ប្តូរ​តែ​មេឃុំ ឬ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ណា​ដែល​បម្រើ​បក្ស​ប៉ុណ្ណោះ មិន​ប៉ះពាល់​ទៅដល់​មេឃុំ ចៅសង្កាត់​ទាំងអស់​នោះទេ និង​ម្យ៉ាងទៀត​ប្រសិនបើ​មានការ​ប៉ះពាល់​មែន ក៏​ត្រឹម​ប៉ះពាល់​ដល់​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៣​សរុប​ចំនួន​១១ ៤៥៩​នាក់​(​បូក​រួមទាំង​ក្រុមប្រឹក្សាឃុំ សង្កាត់​មកពី​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ផង​) ដែល​មិន​ស្មើនឹង​ឈ្មោះ «​គណបក្ស​ប្រជាជន​កម្ពុជា​» បង្ក​ការប៉ះពាល់ ឬ​រំលោភបំពាន​ទៅលើ​សិទ្ធិ និង​ឆន្ទៈ​នយោបាយ​របស់​ប្រជាជន​កម្ពុជា​ជិត​៣​លាន​នាក់​ដែល​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ឆ្នាំ​២០១៣​នោះឡើយ ។ ដូច្នេះ ពាក្យស្លោក​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​គ្មានអ្វី​ខុសឆ្គង​ដែល​ត្រូវ​លុបចោល ឬ​ដូរ​ចេញ​ឡើយ ផ្ទុយទៅវិញ​ឈ្មោះ «​គណបក្ស​ប្រជាជន​កម្ពុជា​» ឯណោះ​ដែល​ត្រូវតែ «​ដូរ​ចេញ​» ទើប​សមរម្យ​បំផុត ៕​

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.