ថ្ងៃ ពុធ ទី ១៧ ខែ ឧសភា ឆ្នាំ ២០១៧

​រឿង​ប្លែកៗ ! ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​គោរមងារ​«​សម្តេច​វិបុល​បញ្ញា​» ជូន​ឯកឧត្តម សុខ អាន ដោយ​មិន​បញ្ជាក់​អំពី​ទីតាំង​ទ្រង់​គង់នៅ និង​ឡាយព្រះហស្តលេខា 

​កាលពី​ថ្ងៃ​ម្សិលមិញ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​បាន​ប្រោស​ព្រះរាជទាន​គោរមងារ​ជូន​ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ជា​«​សម្តេច​វិបុល​បញ្ញា សុខ អាន​» ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/២៦៧ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ ខណៈ​ព្រះរាជក្រឹត្យ​នេះ គឺ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ចាប់អារម្មណ៍​នៅត្រង់ថា «​ទំនងជា​ប្រញាប់ប្រញាល់​ពេក​ទេ​ដឹង​?» ទើប​ព្រះមហាក្សត្រ​ទ្រង់​ឡាយព្រះហស្តលេខា​ដោយ​មិនបាន​បញ្ជក់​អំពី​ទីតាំង​ដែល​ទ្រង់​គង់នៅ​ទៅវិញ (​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​? ទីក្រុង​ប៉េកាំង ប្រទេស​ចិន ? ព្រះរាជដំណាក់ ឆាង​ស៊ូ​វុន ប្រទេស​កូរ៉េខាងជើង ?… )​។​

​ព័ស្តុតាង​ជាក់ស្តែង​បានបង្ហាញ​ឲ្យ​ឃើញថា មាន​ព្រះរាជក្រឹត្យ​ជាច្រើន​ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​តាំងពី​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ អតីត​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក​ម្ល៉េះ រហូតដល់​ព្រះមហាក្សត្រ​បច្ចុប្បន្ន​តែង​បានបញ្ជាក់​អំពី​ទីតាំង​ព្រះអង្គ​គង់នៅ និង​ឡាយព្រះហស្តលេខា ជាអាទិ៍ ៖ ធ្វើ​នៅ​ព្រះរាជដំណាក់ ឆាង​ស៊ូ​វុន (​ព្រះរាជដំណាក់ Chhang Sou Won ឋិត​នៅ​ជិត​ទីក្រុង Pyongyang ប្រទេស​កូរ៉េខាងជើង ) ធ្វើ​នៅ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ ,​ធ្វើ​នៅ​ព្រះបរមរាជវាំង​…​ប៉ុន្តែ​ចំពោះ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​លេខ​នស​/​រកត​/០៣១៧/២៦៧ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ ដែល​ប្រោស​ព្រះរាជទាន​គោរមងារ​ជូន​ឯកឧត្តម សុខ អាន ជា​«​សម្តេច​វិបុល​បញ្ញា សុខ អាន​» នោះ មិនបាន​បញ្ជាក់​អំពី​ទីតាំង​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​ទាល់តែសោះ ។​

​យោងតាម​ព្រឹត្តិការណ៍​ជាក់ស្តែង គឺ​កាលពី​វេលា​ព្រឹក​នា​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ រួមទាំង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ​សីហនុ ផង ទ្រង់​បាន​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន រហូតមកទល់​បច្ចុប្បន្ន​មិនទាន់​បានឃើញ​ព្រះអង្គ​យាង​មាតុភូមិនិវត្តន៍​នៅឡើយ ជាហេតុ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​សន្និដ្ឋាន​ជាបឋម​ថា នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧​ម្សិលមិញ​ទំនងជា​ព្រះអង្គ​កំពុង​យាង​គង់នៅ​ប្រទេស​ចិន ។​

​គួរ​រំលឹក​ជូន​ដែរ​ថា ថ្នាក់ដឹកនាំ​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៧​នាក់​ហើយ ដែល​ទទួលបាន​គោរមងារ​ជា​«​សម្តេច​…» ពី​ការ​ប្រោស​ព្រះរាជទាន​របស់​ព្រះមហាក្សត្រ​ចាប់តាំងពី​បង្កើត​របប​រាជាណាចក្រ​កម្ពុ​ជាទី​២​នា​ឆ្នាំ​១៩៩៣​មក រួមមាន​ដូចខាងក្រោម ៖

១-​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​(​បច្ចុប្បន្ន​មរណភាព​) ។​

២-​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម ។​

៣-​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន (​អតីត​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​) នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល ។​

៤-​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ឆ្នាំង ។​

៥-​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

៦-​សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង ។​

៧-​សម្តេច​វិបុល​បញ្ញា សុខ អាន សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​អប្សរា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ និង​ត្រូវជា​ដន្លងដងស្នែង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.