ថ្ងៃ ចន្ទ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៧

​ឯកឧត្តម សុខ អាន ដន្លងដងស្នែង​បុរស​ខ្លាំង​ទទួលបាន​គោរមងារ «​សម្ដេច​វិបុល​បញ្ញា​» ខណៈ​សាមីខ្លួន​កំពុងឈឺ​ធ្ងន់​រហូតដល់ពន្យារពេលរៀបការកូនប្រុស

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន អាយុ​៦៧​ឆ្នាំ សមាជិក​គណៈអចិន្ដ្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា អ្នកតំណាងរាស្ដ្រ​មណ្ឌល​ខេត្តតាកែវ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី ប្រធាន​អាជ្ញាធរ​អប្សរា និង​ត្រូវជា​ដន្លងដងស្នែង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ក្លាយជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​លំដាប់​ទី​៧​ដែល​ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រោស​ព្រះរាជទាន​គោរមងារ​ជា «​សម្ដេច​វិបុល​បញ្ញា សុខ អាន​» កាលពី​ថ្ងៃ​ម្សិលមិញ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៣១៧/២៦៧ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ ខណៈ​សាមីខ្លួន​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​នៅ​មន្ទីរពេទ្យ​បរទេស​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ។​

​មន្ដ្រីជាន់ខ្ពស់​ស្និទ្ធ​នឹង​ក្រុមគ្រួសារ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន បាន​ប្រាប់​ឲ្យ​ដឹងថា ឯកឧត្តម សុខ អាន ធ្លាប់​ទទួលបាន​ការពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេស​បារាំង​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ រួចហើយ​ក៏ត្រូវ​បា​នប​ញ្ជូ​ន​បន្ត​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​សិង្ហ​បុរី​វិញ និង​ក៏​ធ្លាប់បាន​ប្រទាន​សិទ្ធិ​ជូន​ឯកឧត្តម ស៊ូ ភី​រិន្ទ រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ដ្រី ឲ្យ​ទទួល​តំណែង​ជា​រដ្ឋមន្ដ្រី​ស្ដីទី​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ផងដែរ ។​

​ប្រភព​ស្និទ្ធ​នឹង​ក្រុមគ្រួសារ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​បានធ្វើ​ឲ្យ​ឯកឧត្តម​ជ្រុះ​សក់​រហូតដល់​ពាក់​សក់​សិប្ប​និមិត្ត ព្រមទាំង​គម្រោង​រៀបការ​កូនប្រុស​បង្កើត​ម្នាក់​របស់​ឯកឧត្តម​ជាមួយ​កូនស្រី​របស់​ថៅកែ​ធនាគារ​វឌ្ឍនៈ​ដ៏​មាន​ឥទ្ធិពល ក៏​ត្រូវបាន​ពន្យារពេល​រហូតទល់​សព្វថ្ងៃ ។​

​ទោះបី​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន ត្រូវជា​ដន្លងដងស្នែង​បុរស​ខ្លាំង​នៃ​កម្ពុជា​ដែល​ល្បីល្បាញ​ខាង​កាន់កាប់​មុខតំណែង​តួនាទី «​ច្រើន​រាប់​ភ្លេច​» កាលពីមុន​ខែតុលា ឆ្នាំ​២០១៣​នោះបាន​ធ្លាក់ខ្លួន​ឈឺ​ដុនដាប​យ៉ាងណាក៏ដោយ ក៏​កូនប្រុស​បង្កើត​ចំនួន​៤​នាក់​ក្នុងចំណោម​កូន​៥​នាក់ (​កូនស្រី​ម្នាក់​) ត្រូវបាន​រៀបចំ​ឲ្យ​មាន​តួនាទី និង​ឋានៈ​ជា «​ឯកឧត្តម​» រួចរាល់​អស់​ជាស្រេច ជាអាទិ៍ ៖

១-​ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ ជា​អ្នកជំនួញ​ដ៏​សកម្ម ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​មាន​ឋានៈ​ស្មើ អនុរដ្ឋលេខាធិការ ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ជា​ប្រធាន​សហព័ន្ធ​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍ (ICT Federation) និង​ត្រូវជា​កូនប្រសា​របស់​បុរស​ខ្លាំង ។​

២-​ឯកឧត្តម សុខ សូ​កាន អ្នកតំណាងរាស្ដ្រ​មណ្ឌល​ខេត្តតាកែវ មកពី​គណបក្ស​ប្រជាជន​កម្ពុជា ។​

៣-​ឯកឧត្តម សុខ សូកេន អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។​

៤-​ឯកឧត្តម សុខ សង្វារ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​អប្សរា​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ។​

​ឯកឧត្តម​បណ្ឌិត សុខ អាន បានធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អត្តលេខ​៣៤៨ នា​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០០៤ (​បច្ចុប្បន្ន ជា​មេធាវី​សុំ​មិន​ប្រកប​វិជ្ជាជីវៈ​) ទទួលបាន​ការតែងតាំង​ជា​សមាជិក​ពេញសិទ្ធិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​មាន​គោរមងារ​ជា​បណ្ឌិត​សភាចា​រ្យ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៤១០/២៩៥ ចុះ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១០ និង​ក្រោយមក​ទទួលបាន​ការតែងតាំង​ជា​បណ្ឌិតសភា​ចា​រ្យ​ស្ថាបនិក​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៣១៥/២៥២ ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៥ ។​

​ដោយឡែក លោកជំទាវ អា​ន្នី សុខ អាន ត្រូវជា​ភរិយា​របស់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន គឺជា​អនុប្រធាន​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយា​របស់​បុរស​ខ្លាំង​ដន្លង​នឹង​គ្នា ជា​ប្រធាន ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.