ថ្ងៃ អាទិត្យ ទី ០៤ ខែ មិថុនា ឆ្នាំ ២០១៧

​រឿងអាស្រូវ​ក្នុង​ស្ថាប័ន​តុលាការ ! អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ម្នាក់​ជាប់​ឈ្មោះ​ជា​កំពូល​ចៅក្រម​«​លេង​កាំភ្លើង​» និង​«​ប្រើប្រាស់​ឆន្ទានុសិទ្ធិ​មិន​ប្រក្រតី​»

​រយៈពេល​០២​ថ្ងៃ​កន្លងទៅ​ថ្មីៗ​នេះ អនុប្រធាន​តុលាការ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ម្នាក់ គឺ​លោក​ចៅក្រម ម៉ែន វណ្ណៈ ត្រូវបាន​លោក ឈៀវ គីម​ហាក់ ក្រឡាបញ្ជី​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​ជា​ជនពិការ​ជើង​(​ក្រឡាបញ្ជី​លោក​ចៅក្រម ជូ លឹម​ហ៊ាង​) ដាក់ពាក្យ​ប្តឹងទៅ​ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​តាមរយៈ​លោក កែវ សុធា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ឲ្យ​មាន​វិធានការ​ផ្លូវច្បាប់ បន្ទាប់ពី​លោក​ចៅក្រម ម៉ែន វណ្ណៈ​រង​ការចោទប្រកាន់ថា បាន​ប្រើ​អំពើ​ប្រមាថ​ទៅលើ​លោក​ក្រឡាបញ្ជី ឈៀវ គីម​ហាក់ ដោយ​យក​កាំភ្លើងខ្លី​ភ្ជង់​ក្បាល និង​ពោះ ព្រមទាំង​យក​គ្រាប់កាំភ្លើង​ដាក់ចូល​ក្នុង​កែវស្រា​បង្ខំ​ឲ្យ​ផឹកស្រា និង​ដក​ឈើច្រត់​ចេញ​ឆ្ងាយ​ពី​ខ្លួន​ដែលជា​ជនពិការ​ជើង​…​ច្រើនលើកច្រើនសា ។​

​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៧ របស់លោក​ក្រឡាបញ្ជី ឈៀវ គីម​ហាក់ បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ជួយ​អន្តរាគមន៍ និង​មាន​វិធានការ​តាម​នីតិវិធី​ច្បាប់​ទៅលើ​អំពើ​របស់លោក​ចៅក្រម ម៉ែន វណ្ណៈ ដើម្បី​ផ្តល់នូវ​ភាពយុត្តិធម៌ តម្លៃ​ជាម​នុស្ស កិត្តិយស សេចក្តីថ្លៃថ្នូរ និង​មិន​ត្រូវបាន​រើសអើង​រូបលោក​ជា​ជនពិការ ក៏ដូចជា​មន្ត្រី​មាន​តួនាទី​តូចតាច ។​

​ក្រោយ​រយៈពេល​០១​ថ្ងៃ​នៃ​ការដាក់​ពាក្យបណ្តឹង​រប​ស់លោក​ក្រឡាបញ្ជី ឈៀវ គីម​ហាក់ សុំ​អន្តរាគមន៍​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​នោះ​រួចមក គឺ​នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៧​ម្សិលមិញ លោក​ចៅក្រម ម៉ែន វណ្ណៈ ដែលមាន​តួនាទី​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ផង បានធ្វើ​សេចក្តីថ្លែងការណ៍​សុំទោស​លោក ឈៀវ គីម​ហាក់ ជា​សាធារណៈ និង​សូម​ឲ្យ​លោក ឈៀវ គីម​ហាក់ ឈប់​ខឹង និង​ប្រកាន់​មកលើ​ខ្លួន​ទៀត ដោយ​អះអាងថា «​ជាការ​លេងសើច​រវាង​មេ និង​កូនចៅ​» (Sic!)​។ 

​គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​កន្លងទៅ ក្នុងនាម​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ លោក​ចៅក្រម ម៉ែន វណ្ណៈ ធ្លាប់បាន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់ពន្ធនាគា​រ​ទៅលើ​ជន​ត្រូវ​ចោទ​ចំនួន​៥​នាក់ បម្រើ​ការងារ​នៅក្នុង​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ក្រោម​ការចោទប្រកាន់​ចំនួន​៤​បទល្មើស រួមមាន ៖ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា បទ​មិន​គោរព​សេចក្តីសម្រេច​របស់​តុលាការ និង​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ។ លុះ​រយៈពេល​០៦​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ ជន​ត្រូវ​ចោទ​ទាំង​៥​នាក់​ត្រូវបាន​លោក​ចៅក្រម ម៉ែន វណ្ណៈ សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​វិញ ។ ដោយឡែក​ក្នុង​សំណុំរឿង​ក្តី​មួយ​ផ្សេងទៀត គឺ​នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក​ចៅក្រម ម៉ែន វណ្ណៈ ធ្លាប់បាន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់ពន្ធនាគា​រ​ទៅលើ​ជន​ត្រូវ​ចោទ​ចំនួន​២​នាក់​(​ក្នុងនោះ មាន​ម្នាក់​ជា​ស្ត្រី​ផង​) បម្រើ​ការងារ​នៅក្នុង​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការចោទប្រកាន់​ត្រឹម​ចំនួន​២​បទល្មើស រួមមាន ៖ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស និង​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ហើយ​រយៈពេល​ជាង​០១​ខែក្រោយ​មក ទើប​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​នោះ ត្រូវបាន​លោក​ចៅក្រម ម៉ែន វណ្ណៈ សម្រេច​អនុញ្ញាត​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​វិញ ក្រោម​ការជួយ​អន្តរាគមន៍​យ៉ាងសកម្ម​ពី​សំណាក់​មេធាវី​ការពារ​ក្តី​ផង ដែល​ឆ្លុះបញ្ចាំង​អំពី​ការប្រើប្រាស់​ឆន្ទានុសិទ្ធិ​មិន​ប្រក្រតី​របស់លោក​ចៅក្រម ម៉ែន វណ្ណៈ ។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ និង​អ្នកតាមដាន​ឃ្លាំមើល​អំពើ​របស់លោក​ចៅក្រម ម៉ែន វណ្ណៈ ក្នុងតួនាទី​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ផង​បាន​លើកឡើងថា លោក​ចៅក្រម ម៉ែន វណ្ណៈ ក្រោម​ឥទ្ធិពល​នៃ​ចរិត​អំនួត គឺ​មិន​ត្រឹម​ជាប់​ឈ្មោះ ជា​កំពូល​ចៅក្រម​ខាង​«​ប្រើប្រាស់​ឆន្ទានុសិទ្ធិ​មិន​ប្រក្រតី​» ប៉ុណ្ណោះ​ទេ ព្រមទាំង​ជាប់​ឈ្មោះ ជា​កំពូល​ចៅក្រម​ខាង​«​លេង​កាំភ្លើង​» ថែមទៀត ។ លើសពីនេះ ប្រសិនបើ​លោក​ចៅក្រម ម៉ែន វណ្ណៈ មានឱកាស​ត្រូវបានតែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​យ៉ាង​ហ៊ី​ហា​ទៀត​នោះ គឺ​លោក​ចៅក្រម ម៉ែន វណ្ណៈ អាច​នឹង​ជាន់ដី​ខេត្តកំពង់ស្ពឺ​ទាំងមូល​«​ផ្អៀង​» តែម្តង ។​

​លោក ម៉ែន វណ្ណៈ អតីត​ជា​សិស្ស​ចៅក្រម​ជំនា​ន់ទី​៣​សាលា​ភូមិន្ទ​ចៅក្រម នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ត្រូវបានតែងតាំង​ជា​ចៅក្រម​កម្មសិក្សា​នៅ​សាលាដំបូង​ខេត្តស្ទឹងត្រែង ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨០៩/៧៨៨ ចុះ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០០៩ និង​ត្រូវបាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តស្ទឹងត្រែង ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១០/៨៣៣ ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១០ ។ ក្រោយមក លោក​ចៅក្រម ម៉ែន វណ្ណៈ ត្រូវបាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១១/៦៩៥ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១១ ។ តម​កទៀត លោក​ចៅក្រម ម៉ែន វណ្ណៈ ក៏​ទទួលបាន​ការតែងតាំង​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ទល់​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៥/៧៣៣ ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ ៕ 

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.