ថ្ងៃ សៅរ៏ ទី ២១ ខែ មករា ឆ្នាំ ២០១៧

រឿង​គួរ​ហួសចិត្ត​ !​ ៤​ឆ្នាំ​ ACU​ មាន​ខ្ទង់ចំណាយ​ជិត​៣០​លាន​ដុល្លារ​ តែ​ចាត់ការ​បាន​ត្រឹម​មន្ត្រី​ពុក​រលួយ​តូចតាច​ និង​រឹប​យក​ពី​ផល​ពុក​រលួយ​ចូលជាតិ​បាន​តិចតួច

​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​(​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​)​ បាន​បង្កើត​ឡើង​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១០​កន្លង​ទៅ​ ឋិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៤១០/០០៤​ ចុះ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១០​ និង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៨១១/០១៧​ ចុះ​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១១​ ។​

om-yentieng-50

​តាម​ការ​កត់សម្គាល់​ ដោយសារ​សមាសភាព​ភាគច្រើន​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​ជ្រើសតាំង​ចេញពី​ស្ថាប័ន​ក្រោម​ឱវាទ​របស់​រាជរដ្ឋាភិបាល​ និង​ស្ថាប័ន​តុលាការ​កំពុង​បំពេញ​មុខងារ​ដោយ​ផ្ទាល់​ ព្រមទាំង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ គឺជា​សមាជិក​រាជរដ្ឋាភិបាល​(​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ ជា​ទេស​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​)​ ហើយ​ស្ថាប័ន​រាជរដ្ឋាភិបាល​ជា​ស្ថាប័ន​ដែល​មាន​លទ្ធភាព​ពុក​រលួយ​ខ្លាំង​នោះ​ ទើប​មជ្ឈដ្ឋាន​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​នៅ​កម្ពុជា​បាន​វាយតម្លៃ​ថា​ ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​មាន​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ជា​ប្រធាន​ អាច​មាន​ប្រសិទ្ធភាព​តែ​ទៅ​លើ​មន្ត្រី​ពុក​រលួយ​ថ្នាក់​ក្រោម​កម្រិត​តូចតាច​ប៉ុណ្ណោះ​ ពោល​មិន​អាច​ចាត់ការ​ទៅ​លើ​មន្ត្រី​ពុក​រលួយ​គ្រាក់ៗ​ថ្នាក់លើ​ជា​ប្រព័ន្ធ​បាន​ឡើយ​ ហើយ​ការ​រឹបអូស​ផល​បាន​មក​ពី​អំពើ​ពុក​រលួយ​ដាក់​ចូល​ថវិកាជាតិ​វិញ​ក៏​មាន​លទ្ធផល​តិចតួច​ដែរ​ មិន​តុល្យភាព​ទៅ​នឹង​ការ​ចំណាយ​ប្រចាំឆ្នាំ​របស់​ ACU​ ទាល់តែ​សោះ​ ។​

men-sam-on-letter-1

men-sam-on-letter-2

​ចាប់តាំងពី​ឆ្នាំ​២០១៣​រហូត​មក​ដល់​ឆ្នាំ​២០១៦​នេះ​ គឺ​រយៈពេល​៤​ឆ្នាំ​ ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ខ្ទង់​ថវិកា​ថ្នាក់​ជាតិ​សម្រាប់​ចំណាយ​(​មិន​គិតដល់​ចំណាយ​មូលធន​ដោយ​ហិរញ្ញប្បទាន​ក្រៅប្រទេស​)​ ចំនួន​ប្រមាណ​១១៥​ ៦៣៤​លាន​រៀល​ ឬ​ស្មើនឹង​ប្រមាណ​ជាង​២៨​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ ប៉ុន្តែ​លទ្ធផល​នៃ​ការ​រឹបអូស​ផល​បាន​មក​ពី​អំពើ​ពុក​រលួយ​របស់​មន្ត្រី​ពុក​រលួយ​ក្រោម​ចំណាត់ការ​របស់​ ACU​ មិន​ត្រូវ​បាន​លាតត្រដាង​ឲ្យ​ដឹង​ឡើយ​ ខណៈ​មជ្ឈដ្ឋាន​នានា​វាយតម្លៃ​ថា​ មាន​ចំនួន​តិចតួច​មិន​តុល្យភាព​ទៅ​នឹង​ការ​ចំណាយ​ទេ​ ។​

yet-chakriya-letter-1

yet-chakriya-letter-10

​មានរឿង​រ៉ាវ​គួរ​ឲ្យ​ពិចារណា​មួយ​ពាក់ព័ន្ធ​នឹង​ករណី​លោក​ ស៊ុត​ ឌី​ណា​ អតីត​ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ ដែល​ត្រូវ​បាន​ ACU​ ចាប់​ឃាត់ខ្លួន​ដោយ​ចោទប្រកាន់​ថា​ មានទ្រព្យ​សម្បត្តិ​ជា​លុយ​សុទ្ធ​ក្រៅ​ធនាគារ​ចំនួន​ ៧,២​លាន​ដុល្លារ​អា​មេ​រិ​ក​ មាស​សុទ្ធ​៣៣៩​តម្លឹង​ ស្មើនឹង​១២,៧៤​គីឡូក្រាម​ ត្បូង​មាន​តម្លៃ​៥០០​គ្រាប់​ ដីធ្លី​១០​កន្លែង​ និង​ផ្ទះសម្បែង​២​កន្លែង​ទៀត​…​ ។​ ប៉ុន្តែ​ពេល​សំណុំរឿង​មក​ដល់​ស្ថាប័ន​តុលាការ​ ជនជាប់ចោទ​ឈ្មោះ​ ស៊ុត​ ឌី​ណា​ ក្រៅពី​រង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៥​ឆ្នាំ​ គឺ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល​បង់​ចូល​ថវិការដ្ឋ​ ពី​បទ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​ និង​បទ​រំលោភ​អំណាច​ ។​ មាន​ន័យ​ថា​ ACU​ ចោទប្រកាន់​លោក​ ស៊ុត​ ឌី​ណា​ ថា​មានទ្រព្យ​សម្បត្តិ​សរុប​មិន​ប្រក្រតី​រហូត​ដល់​ជិត​១០​លាន​ដុល្លារ​អា​មេ​រិ​ក​ តែ​តុលាការ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​បាន​ត្រឹម​ប្រមាណ​ ២​ ៥០០​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​(Sic!)​ ។​

sut-dina-acu

sut-dina-acu1

​ដោយឡែក​ នៅ​ស្រុក​ចិន​ឯណោះ​វិញ​ ក្រោម​កណ្តាប់ដៃ​ដែក​របស់​លោក​ប្រធានាធិបតី​ Xi​ Jinping​ ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នោះ​ គឺ​រដ្ឋាភិបាល​ចិន​រឹបអូស​ប្រាក់​ជា​ផល​មក​ពី​អំពើ​ពុក​រលួយ​របស់​មន្ត្រី​ពុក​រលួយ​បាន​រហូត​ដល់​ទៅ​ប្រមាណ​៨,៦​ពាន់​លាន​Yuan​លុយ​ចិន​ ឬ​ស្មើនឹង​ប្រមាណ​១,២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៧​ម្សិលមិញ​ របស់​សារព័ត៌មាន​ Channel​ News​ Asia​ របស់​សិង្ហ​បុរី​ ។​

​សរុបសេចក្តី​មក​ ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ គឺ​គ្រាន់តែ​ជា​ «​ម៉ាក​គី​យេ​»​ ផាត់​លើកមុខ​មាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ​ប៉ុណ្ណោះ​ ៕​

Loading...
Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.