ថ្ងៃ ចន្ទ ទី ១៦ ខែ មករា ឆ្នាំ ២០១៧

ទីបំផុត​ ស័ក្តិ​៥​ប៉ូលិស​កំហូច​ដែល​ឆបោក​លុយ​ចិនតៃវ៉ាន់​រត់ការ​ចូលសញ្ជាតិ​ខ្មែរ​ជិត​៤​ម៉ឺន​ដុល្លារ​ ត្រូវ​បាន​ដកហូត​ឋានន្តរស័ក្តិ​ និង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ប៉ូលិស​ហើយ​

​បុរស​ម្នាក់​ឈ្មោះ​ សួង​ វាសនា​ អាយុ​៥៤​ឆ្នាំ​ អតីត​ជា​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​០១៣៥​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥)​ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ឆបោក​ប្រាក់​ជិត​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ពី​ជនជាតិ​ចិនតៃវ៉ាន់​ដើម្បី​រត់ការ​ចូលសញ្ជាតិ​ខ្មែរ​ នា​អំឡុង​ឆ្នាំ​២០១២​កន្លង​ទៅ​នោះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ដកហូត​ឋានន្តរស័ក្តិ​ និង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​ជា​ផ្លូវការ​ហើយ​ ដោយ​អនុក្រឹត្យ​លេខ​១១៥៧​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ។​

suong-veasna

​អតីត​ប៉ូលិស​ស័ក្តិ​៥​ក្រសួងមហាផ្ទៃ​ឈ្មោះ​ សួង​ វាសនា​ ធ្លាប់​បាន​ទទួល​រង​ការ​ប្តឹង​ពី​បទ​ឆបោក​លុយ​ជិត​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​របស់​ជនជាតិ​ចិនតៃវ៉ាន់​ម្នាក់​ ក្នុង​រឿង​រត់ការ​សុំ​ចូលសញ្ជាតិ​ខ្មែរ​ តែ​មិន​បាន​សម្រេច​(​តម្លៃ​រត់ការ​ព្រមព្រៀង​គ្នា​ចំនួន​៤៨​ ០០០​ដុល្លារ​អា​មេ​រិ​ក​)​កាលពី​ចុងឆ្នាំ​២០១៣​ និង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូន​សំណុំរឿង​ទៅ​កាន់​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ហើយ​ត្រូវ​បាន​ស្ថាប័ន​តុលាការ​សម្រេច​ប្រកាស​សាលក្រម​នា​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៤​ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១​ឆ្នាំ​ ពិន័យ​ជា​ប្រាក់​ចំនួន​៤​លាន​រៀល​ និង​បង្គាប់​ឲ្យ​សង​សំណង​ចំនួន​៣៨​ ០០០​ដុល្លារ​អា​មេ​រិ​ក​ ព្រមទាំង​សំណង​ជំងឺ​ចិត្ត​ចំនួន​២០​លាន​រៀល​ទៀត​ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ ពី​បទ​ឆបោក​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ អតីត​ប៉ូលិស​ស័ក្តិ​៥​ឈ្មោះ​ សួង​ វាសនា​ បាន​ក្លាយជា​ជន​ត្រូវ​ចោទ​តាំងពី​ចុងឆ្នាំ​២០១៣​ និង​ក្លាយជា​ពិរុទ្ធជន​តាំងពី​ឆ្នាំ​២០១៤​ តែ​ទើបត្រូវ​បាន​ដកហូត​ឋានន្តរស័ក្តិ​ និង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ប៉ូលិស​នា​ចុងឆ្នាំ​២០១៦​ ហាក់ដូចជា​ទុក​ពេលវេលា​យូរ​រហូត​ដល់​ជាង​២​ឆ្នាំ​ បើ​ធៀប​ទៅ​នឹង​ករណី​ផ្សេងៗ​ទៀត​ ដូច​ជា​ករណី​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ អតីត​នាយទាហាន​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​អតីត​ទីប្រឹក្សា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ករណី​លោក​ ហេង​ ពៅ​ អតីត​នាយ​នគរបាល​ជាតិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ អតីត​ទីប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​ដកហូត​ឋានន្តរស័ក្តិ​តាំងពី​នៅ​ដំណាក់កាល​មានឈ្មោះ​ជា​ជនជាប់ចោទ​មក​ម្ល៉េះ​ (Sic!)​ ៕​

Loading...
Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.