ថ្ងៃ សៅរ៏ ទី ១៨ ខែ កម្ភៈ ឆ្នាំ ២០១៧

រឿង​ទឹកដី​ !​ បុរស​ខ្លាំង​ជា​អ្នក​អះអាង​ដាច់​ណាត់​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​ថា​ បូរណភាព​ទឹកដី​១៨១​ ០៣៥​គីឡូម៉ែត្រ​ក្រឡា​មិន​មានការ​បាត់បង់​ទេ​

​ក្រៅពី​ព្រះរាជ​វង្សានុវង្ស​ចំនួន​៤​អង្គ​ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​អ្នក​អះអាង​ដាច់​ណាត់​ចំពោះ​ព្រះ​ភក្ត្រ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា​ «​បូរណភាព​ទឹកដី​១៨១​ ០៣៥​គីឡូម៉ែត្រ​ក្រឡា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​អន្តរជាតិ​ទទួលស្គាល់​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩​ ពុំ​មានការ​បាត់បង់​ឡើយ​»​ ដែល​ការ​អះអាង​របស់​បុរស​ខ្លាំង​បែប​នេះ​គឺ​ស្របគ្នា​ទៅ​នឹង​បន្ទូល​អះអាង​របស់​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ អតីត​ព្រះប្រធាន​រដ្ឋសភា​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​ដែរ​ថា​ «​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ គឺ​ត្រឹមត្រូវ​ មិន​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​»​ ។​

king-letter-land

king-letter-land-1

​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ដែល​ប្រើប្រាស់​ផែនទី​ខ្នាត​១/៥០​ ០០០​ ផ្ទុយ​ទៅ​នឹង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តម្រូវ​ឲ្យ​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​កំណត់​តាម​ផែនទី​ខ្នាត​ ១/១០០​ ០០០​នោះ​ ត្រូវ​បាន​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​នាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចុះហត្ថលេខា​ជាមួយ​លោក​ ផា​ន​ វ៉ា​ន់ខា​យ​(Phan​ Van​ Khai)​ ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​នាម​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ នា​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០០៥​ នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ ។​

king-letter-land-2

cambodia-vietnam-constitution-1

​ទោះបី​មាន​សកម្មជន​ព្រំដែន​កម្ពុជា​ជា​ច្រើន​នាក់​ បាន​បញ្ចេញ​ប្រតិកម្ម​ជំទាស់​ទៅ​នឹង​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ ដែល​មន្ទិល​សង្ស័យ​ថា​ ធ្វើ​ឲ្យ​ខ្មែរ​បាត់បង់​ទឹកដី​រហូត​ដល់​មាន​អ្នក​ជាប់គុក​ និង​និរទេស​ខ្លួន​ព្រោងព្រាត​ក៏​ដោយ​ ក៏​រដ្ឋសភា​ និង​ព្រឹទ្ធសភា​កម្ពុជា​ជំរុញ​ការ​អនុម័ត​យល់ព្រម​ទៅ​លើ​សន្ធិសញ្ញា​នោះ​ឲ្យ​ក្លាយទៅជា​ច្បាប់​ បន្ទាប់​ពី​បុរស​ខ្លាំង​ចូល​គាល់​ព្រះមហាក្សត្រ​នា​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥​ និង​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ទូល​ថ្វាយ​ព្រះមហាក្សត្រ​នា​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥​ថា​ សន្ធិសញ្ញា​នេះ​មិន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​រួច​មក​ ។​

cambodia-vietnam-2005-4

​ក្រោយ​មានការ​ទូល​ថ្វាយ​ និង​ពន្យល់​របស់​សម្តេច​ ស៊ី​សុវត្ថិ​ ជីវ័ន​មុនី​រ័ក្ស​ អតីត​អនុប្រធាន​ទី​១​នៃ​ព្រឹទ្ធសភា​(​បច្ចុប្បន្ន​សោយ​ទិវង្គត​)​ សម្តេច​ នរោត្តម​ សិរិ​វុ​ឌ្ឍ​ អតីត​ឧបនាយករដ្ឋមន្ត្រី​ សហរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​សម្តេចព្រះ​មហិស្ស​រា​ នរោត្តម​ ចក្រ​ព​ង្ស់​ អតីត​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែម​ពីលើ​ការ​អះអាង​របស់​បុរស​ខ្លាំង​ និង​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ព្រមទាំង​បន្ទាប់​ពី​ស្ថាប័ន​រដ្ឋសភា​ និង​ព្រឹទ្ធសភា​បាន​អនុម័ត​រួច​ហើយ​មក​  នៅ​ទីបំផុត​ព្រះករុណា​ព្រះមហាក្សត្រ​ទ្រង់​ក៏​បាន​ឡាយព្រះហស្តលេខា​នៅ​លើ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១១០៥/០៣៩​ ចុះ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥​ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ កើត​ចេញពី​គំនិត​ផ្ចុងផ្តើម​ពី​មេដឹកនាំ​អតីត​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​នោះ​តែ​ម្តង​ ។​

constitution

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​បញ្ចេញ​ទស្សនៈ​ថា​ អនុលោម​តាម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចែង​ថា​ «​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត​១/១០០​ ០០០​ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣​ ហើយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩​ ។​ »​ គឺ​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១១០៥/០៣៩​ ចុះ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥​ ដោយ​ប្រើប្រាស់​ផែនទី​ខ្នាត​១/៥០​ ០០០​ បោះពុម្ព​ដោយ​ភាគី​ប្រទេស​វៀតណាម​សម្រាប់​កំណត់​បូរណភាព​ទឹកដី​កម្ពុជា​នោះ​ ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង​ ដែល​ត្រូវ​ចាត់ទុកជា​មោឃៈ​ ឬុ​លុប​ចោល​តាម​បញ្ញត្តិ​មាត្រា​៥៥​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចែង​ថា​ «​សន្ធិសញ្ញា​ និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា​ដែល​មិន​ស្រប​នឹង​ឯករាជ្យ​ អធិបតេយ្យ​ បូរណភាព​ទឹកដី​ អព្យាក្រឹតភាព​ និង​ឯកភាព​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​លុប​ចោល​ ។​ »​ និង​មាត្រា​១៥០​ថ្មី​ កថាខណ្ឌ​ទី​២​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ចែង​ថា​ «​ច្បាប់​ និង​សេចក្តីសម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ​ ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ជា​ដាច់ខាត​ ។​ »​ ៕​

Loading...
Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.