ថ្ងៃ សៅរ៏ ទី ១៨ ខែ កម្ភៈ ឆ្នាំ ២០១៧

ព័ស្តុតាង​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ «​ច្បាប់​ឋិត​នៅ​លើ​មាត់​របស់​បុរស​ខ្លាំង​»

​ពិត​ណាស់​ មាន​ព័ស្តុតាង​ជាក់ស្តែង​ជា​ច្រើន​ដោយ​ឥត​ប្រកែក​បាន​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ ការ​តាក់តែង​ច្បាប់​នៅ​កម្ពុជា​បច្ចុប្បន្ន​ តម្រូវ​ទៅ​តាម​មហិច្ឆតា​ចង់បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ការ​អនុវត្ត​ច្បាប់​ ឬ​រំលោភ​បំពាន​ច្បាប់​ គឺ​ឋិត​នៅ​លើ​បបូរមាត់​របស់​បុរស​ខ្លាំង​ ទាំង​ការ​ដាក់បន្ទុក​ ទាំង​ការ​ដោះ​បន្ទុក​គ្រប់សព្វ​សារពើ​ ។​

​ឥឡូវនេះ​ គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ សូម​លើកយក​ព័ស្តុតាង​មួយ​ពាក់ព័ន្ធ​នឹង​ការ​លើកលែងទោស​ឲ្យ​ទណ្ឌិត​មួយ​ចំនួន​ បូក​រួម​ទាំង​អ្នកនយោបាយ​ខ្មែរ​ខ្លះ​ផង​ តាម​សំណើ​(​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​)​របស់​បុរស​ខ្លាំង​ ក្រោម​រូបភាព​រំលោភ​បំពាន​ទៅ​លើ​ក្រឹត្យ​លេខ​២៨​ក្រ​ ចុះ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​១៩៨៨​ ស្តី​ពី​ការ​លើកលែងទោស​ និង​បន្ធូរ​បន្ថយទោស​ ច្បាប់​ស្តី​ពី​ពន្ធនាគារ​ និង​នីតិវិធី​របស់​ស្ថាប័ន​តុលាការ​ ដូច​តទៅ​ ៖

sivarak-chutepong-letter

១-​ករណី​លើកលែងទោស​ឲ្យ​បុរស​ឈ្មោះ​ ស៊ី​វ៉ា​រ៉ា​ក់​ ជុ​ធិ​ពុង​ (Siwarak​ Chutipong)​ ៖

​បុរស​ជនជាតិ​ថៃ​ឈ្មោះ​ ស៊ី​វ៉ា​រ៉ា​ក់​ ជុ​ធិ​ពុង​ អាយុ​៣១​ឆ្នាំ​ ជា​វិស្វករ​ក្រុមហ៊ុន​ Cambodia​ Air​ Traffic​ Services​ (CATS)​ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​នា​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០០៩​ ពី​បទ​ ផ្តល់​ព័ត៌មាន​(​ប​ណ្ណា​សារ​សាធារណៈ​)​ទាក់ទង​នឹង​សន្តិសុខ​ជាតិ​ ប្រព្រឹត្ត​នៅ​ក្រុមហ៊ុន​ CATS​ និង​ត្រូវ​បាន​ស្ថាប័ន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៧​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល​ តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​លេខ​១៦៤«​ក្រ​១»​ ចុះ​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០០៩​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

sivarak-chutepong-25

​រយៈពេល​០៣​ថ្ងៃ​ក្រោយមក​ យោង​តាម​ក្រឹត្យ​លេខ​២៨​ក្រ​ ចុះ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​១៩៨៨​ ស្តី​ពី​ការ​លើកលែងទោស​ និង​បន្ធូរ​បន្ថយទោស​ និង​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ ឈ្មោះ​ ស៊ី​វ៉ា​រ៉ា​ក់​ ជុ​ធិ​ពុង​ ក៏​ទទួល​បានការ​លើកលែងទោស​ជា​ស្ថាពរ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៩/១១៤៨​ ចុះ​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០០៩​ ខណៈ​ដែល​ជនជាប់ចោទ​រូប​នេះ​ជាប់​ឃុំខ្លួន​ទើបបាន​ប្រមាណ​០១​ខែ​ និង​មិន​ទាន់​មានឈ្មោះ​ជា​ទណ្ឌិត​នៅឡើយ​ (​ឋិត​ក្នុង​រយៈពេល​នៃ​ការ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​តុលាការ​មិន​ទាន់​អាច​បញ្ជាក់​អំពី​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចូល​ជា​ស្ថាពរ​បាន​ស្រប​ទៅ​តាម​នីតិវិធី​)​ ។​

sivarak-chutepong

​អនុលោម​តាម​មាត្រា​២​នៃ​ក្រឹត្យ​លេខ​២៨​ក្រ​ ចុះ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​១៩៨៨​ ស្តី​ពី​ការ​លើកលែងទោស​ និង​បន្ធូរ​បន្ថយទោស​ ដែល​បាន​ចែង​ថា​ «​ទណ្ឌិត​ទាំងឡាយ​ណា​អាច​នឹង​ត្រូវ​លើកលែងទោស​បាន​ លុះត្រាតែ​ទណ្ឌិត​ទាំងនោះ​បាន​ទទួល​រង​ទោស​២​ភាគ​៣​នៃ​ទោស​ដាក់​ពន្ធនាគារ​មាន​កំណត់​…»​ គឺ​នីតិវិធី​នៃ​ការ​លើកលែងទោស​ឲ្យ​ឈ្មោះ​ ស៊ី​វ៉ា​រ៉ា​ក់​ ជុ​ធិ​ពុង​ បាន​រំលោភ​បំពាន​ច្បាប់​យ៉ាងធ្ងន់ធ្ងរ​បំផុត​ ។​

២-​ករណី​លើកលែងទោស​ឲ្យ​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ៖

​ឯកឧត្តម​ កឹ​ម​ សុខា​ អាយុ​៦៣​ឆ្នាំ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ត្រូវ​បាន​ស្ថាប័ន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​០៥​ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨០​ម៉ឺន​រៀល​ ពី​បទ​បដិសេធ​ក្នុង​ការ​ចូលខ្លួន​ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​១៣០«​ក្រ​I​ស​.​វ​»​ ចុះ​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ របស់​សាលាឧទ្ធរណ៍​ ។​

kem-sokha-letter

​ក្រោយមក​ ឯកឧត្តម​ កឹ​ម​ សុខា​ ដែល​ក្លាយជា​ជនជាប់ចោទ​នៅ​ស្ថាប័ន​តុលាការ​ល្បី​ខាង​មិន​ឯករាជ្យ​ និង​ជា​ឧបករណ៍​របស់​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ ឬ​ជា​ពិសេស​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ ទទួល​បានការ​លើកលែងទោស​វិញ​តាម​ច្បាប់​ស្តី​ពី​ពន្ធនាគារ​ និង​តាម​សំណើ​របស់​បុរស​ខ្លាំង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៦/១១០៥​ ចុះ​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៦​ ខណៈ​ឯកឧត្តម​ កឹ​ម​ សុខា​ មិន​ទាន់​មានឈ្មោះ​ជា​ទណ្ឌិត​នៅឡើយ​(​ឋិត​ក្នុង​រយៈពេល​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ប្រឆាំង​នឹង​សាលដីកា​ព្រហ្មទណ្ឌ​របស់​សាលាឧទ្ធរណ៍​)​ ។​

​អនុលោម​តាម​មាត្រា​៧៧​នៃ​ច្បាប់​ស្តី​ពី​ពន្ធនាគារ​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១២១១/០២១​ ចុះ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១១​ ដែល​បាន​ចែង​ថា​ «​ក្នុង​ករណី​ចាំបាច់​ ប្រមុខ​រាជរដ្ឋាភិបាល​មាន​បុព្វសិទ្ធិ​ធ្វើ​សំណើ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​លើកលែងទោស​ឲ្យ​ទណ្ឌិត​នៅ​ពេល​ណា​ក៏​បាន​»​ គឺ​នីតិវិធី​នៃ​ការ​លើកលែងទោស​ឲ្យ​ឯកឧត្តម​ កឹ​ម​ សុខា​ បាន​រំលោភ​បំពាន​ទៅ​លើ​ច្បាប់​ស្តី​ពី​ពន្ធនាគារ​ និង​នីតិវិធី​របស់​ស្ថាប័ន​តុលាការ​ទាំងស្រុង​(​ឯកឧត្តម​ កឹ​ម​ សុខា​ មិន​ទាន់​ក្លាយជា​ទណ្ឌិត​ដែល​ត្រូវ​លើកលែងទោស​បាន​ ពីព្រោះ​សាលដីកា​របស់​សាលាឧទ្ធរណ៍​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​ចូល​ស្ថាពរ​នៅឡើយ​)​ ។​

៣-​ករណី​លើកលែងទោស​ឲ្យ​លោក​ ស៊ា​ង​ ចែត​ មេឃុំ​ស្រក​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ ៖

​លោក​ ស៊ា​ង​ ចែត​ អាយុ​៤៤​ឆ្នាំ​ ជា​មេឃុំ​ស្រក​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ ត្រូវ​បាន​ស្ថាប័ន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៥​ឆ្នាំ​ ពី​បទ​សូកប៉ាន់​សាក្សី​ តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​លេខ​៥៣៣​ក្រ​៣«​ឆ​»​ ចុះ​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៦​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

seang-chet

​រយៈពេល​ត្រឹម​០២​ថ្ងៃ​ក្រោយមក​ លោក​ ស៊ា​ង​ ចែត​ ក៏​ទទួល​បានការ​លើកលែងទោស​វិញ​តាម​ច្បាប់​ស្តី​ពី​ពន្ធនាគារ​ និង​តាម​សំណើ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៦/១១១៤​ ចុះ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៦​ ខណៈ​លោក​ ស៊ា​ង​ ចែត​ មិន​ទាន់​ក្លាយជា​ទណ្ឌិត​នៅឡើយ​ ដូច​ករណី​ឯកឧត្តម​ កឹ​ម​ សុខា​ ដែរ​ ដែល​ជា​ការ​រំលោភ​បំពាន​លើ​នីតិវិធីតុលាការ​ និង​ច្បាប់​ស្តី​ពី​ពន្ធនាគារ​ ។​

proson

​សរុបសេចក្តី​មក​ នេះ​គឺជា​ព័ស្តុតាង​មួយ​ក្នុង​ចំណោម​ព័ស្តុតាង​ជា​ច្រើន​ទៀត​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ «​ដុះ​ស្លែ​»​ បាន​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន​ច្បាប់​ និង​ក៏​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ផង​ដែរ​ថា​ ច្បាប់​ទាំងឡាយ​មិន​មាន​ឥទ្ធិពល​ទៅ​លើ​បុរស​ខ្លាំង​ឡើយ​ តែ​បុរស​ខ្លាំង​ទៅ​វិញ​ទេ​ទើប​មាន​អំណាច​ធំ​ជាង​ច្បាប់​ ។​ មាន​ន័យ​ថា​ ច្បាប់​ទាំងឡាយ​របស់​ប្រទេស​កម្ពុជា​គឺ​ឋិត​នៅ​លើ​បបូរមាត់​ និង​កណ្តាប់ដៃ​របស់​បុរស​ខ្លាំង​តែ​ម្នាក់​គត់​ ៕​

Loading...
Filed in: Feature, តុលាការ, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.