អតិថិជនដែលបានជាវសៀវភៅរាជកិច្ចឆ្នាំ២០១៦ បោះពុម្ពដោយអគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូរទ័រនៃទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលរងនូវការរំលោភលើទំនុកចិត្តពីសំណាក់ទីស្តីការគណៈរដ្ឋមន្ត្រី មានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកយ៉ាងពេញទំហឹង ដ្បិតអតិថិជនបានបង់ប្រាក់ជាមុនចំនួន៤៨០ ០០០រៀល ជូនទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈអគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូរទ័រ មានលោកជំទាវ ងិន ផលរ័ត្ន ជាអគ្គនាយិការួចហើយ ដើម្បីទទួលសេវាការផ្គត់ផ្គង់សៀវភៅរាជកិច្ចឆ្នាំ២០១៦ចំនួន៩៦លេខ (ចំនួន១ក្បាលក្នុង១លេខ) ពីទីស្តីការគណៈរដ្ឋមន្ត្រី ប៉ុន្តែគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដំណាច់ឆ្នាំកន្លងទៅ អតិថិជនទទួលបានសៀវភៅរាជកិច្ចឆ្នាំ២០១៦ត្រឹមចំនួន៨០លេខ(ចេញផ្សាយនៅសប្តាហ៍ទី៤ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦)ប៉ុណ្ណោះ ។ 
អតិថិជនដែលធ្លាប់ជាវសៀវភៅរាជកិច្ចពីទីស្តីការគណៈរដ្ឋមន្ត្រីជាហូរហែ បាននិយាយឲ្យដឹងថា នារយៈពេលកន្លងមក ទោះបីជាឯកសារបោះពុម្ពនៅក្នុងសៀវភៅរាជកិច្ចមានការយឺតយ៉ាវក៏ដោយ ក៏ទីស្តីគណៈរដ្ឋមន្ត្រីបានបោះពុម្ពសៀវភៅរាជកិច្ចគ្រប់ចំនួន៩៦លេខក្នុង១ឆ្នាំៗជូនអតិថិជនមិនដែលមានការខ្វះចន្លោះឡើយ គឺទើបមកដល់ឆ្នាំ២០១៦កន្លងទៅ ការផ្គត់ផ្គង់សៀវភៅរាជកិច្ចជូនអតិថិជនបែរជាមិនគ្រប់ចំនួនលេខចេញផ្សាយទៅវិញតែម្តង ។

មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា សូម្បីត្រឹមទីស្តីការគណៈរដ្ឋមន្ត្រីក្នុងរឿងបោះពុម្ព និងផ្គត់ផ្គង់សៀវភៅរាជកិច្ចក៏រំលោភលើទំនុកចិត្តអតិថិជនជាអ្នកជាវដែរ ចុះទម្រាំស្ថាប័នរាជរដ្ឋាភិបាលទាំងមូលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជាប្រមុខ តើនឹងមានល្បិច ឬវិធីរំលោភលើទំនុកចិត្តប្រជាពលរដ្ឋជាម្ចាស់ឆ្នោតប៉ុនណាទៅ ? ៕



