ថ្ងៃ ពុធ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧

រយៈពេល៥ឆ្នាំ មេដឹកនាំកូរ៉េខាងជើង Kim Jong-un បញ្ជាឲ្យសម្លាប់មនុស្សអស់៣៤០នាក់

គេហទំព័រសារព័ត៌មាន CNN បានផ្សព្វផ្សាយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះឲ្យដឹងថា ចាប់តាំងពីឡើងកាន់តំណែង និងគ្រប់គ្រងអំណាចណែនក្នុងដៃនាឆ្នាំ២០១១ រហូតមកទល់បច្ចុប្បន្នមានរយៈពេល៥ឆ្នាំ លោក Kim Jong-un មេដឹកនាំវ័យក្មេងកូរ៉េខាងជើងបានបញ្ជាឲ្យមានការប្រហារជីវិតមនុស្សអស់ចំនួន៣៤០នាក់ ដែលក្នុងនោះចំនួន១៤០នាក់ជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលយោធា និងគណបក្សពលករកូរ៉េ (Korean Worker's Party) ។

លោក Bruce Bennett អ្នកវិភាគជាន់ខ្ពស់ខាងវិស័យយោធានៃស្ថាប័ន RAND បានបញ្ជាក់ប្រាប់ CNN ឲ្យដឹងថា ចាប់តាំងពីចូលកាន់តំណែងមក លោក Kim Jong-un បានបង្ហាញនូវឥរិយាបទឃោរឃៅ និងគ្មានធម៌មេត្តា ។

អ្នកវិភាគជាន់ខ្ពស់ Bruce Bennett បានឲ្យដឹងទៀតថា ក្នុងរយៈពេល៥ឆ្នាំនៃការកាន់អំណាច លោក Kim Jong-un បានបណ្ដេញរដ្ឋមន្ដ្រីការពារជាតិចេញពីតំណែងចំនួន៥លើក ខណៈឪពុករបស់លោក គឺលោក Kim Jong-il អតីតធ្លាប់កាន់អំណាចរយៈពេល១៧ឆ្នាំបានផ្លាស់ប្ដូររដ្ឋមន្ដ្រីការពារជាតិត្រឹមតែចំនួន៣លើកប៉ុណ្ណោះ ហើយក្នុងចំណោម៣លើកនោះ មាន២នាក់បានផ្លាស់ប្ដូរដោយសារចូលកាន់តំណែងជំនួសអ្នកទទួលមរណភាព ។ នៅដើមឆ្នាំ២០១៦នេះ លោក Kim Yong Jin មន្ដ្រីអប់រំជាន់ខ្ពស់កូរ៉េខាងជើងត្រូវបានលោក Kim Jong-un បញ្ជាឲ្យប្រហារជីវិតដោយបាញ់នឹងកាំភ្លើង ព្រោះតែមន្ដ្រីអប់រំជាន់ខ្ពស់រូបនេះអង្គុយមានឥរិយាបទមិនសមរម្យក្នុងកិច្ចប្រជុំមួយ ។ ក្នុងខែឧសភា ឆ្នាំ២០១៥ លោក Kim Jong-un បានបញ្ជាឲ្យបាញ់សម្លាប់លោក Hyon Yong Chol រដ្ឋមន្ដ្រីការពារជាតិចំពោះមុខប្រជាជននៅសាលាយោធាក្នុងទីក្រុងព្យុងយ៉ាង ។ លើសពីនេះ កាលពីអំឡុងឆ្នាំ២០១៣កន្លងទៅ លោក Kim Jong-un បានបញ្ជាឲ្យប្រហារជីវិតលោក Jang Song-Thaek ត្រូវជាឪពុកមារបស់ខ្លួនក្រោយពេលបញ្ជូនខ្លួនឲ្យតុលាការកាត់ទោសពីបទផ្ដួលរំលំរដ្ឋាភិបាលរួចមក ។

លោក Kim Jong-un អាយុ៣២ឆ្នាំ ជាមេដឹកនាំផ្ដាច់ការវ័យក្មេងរបស់ប្រទេសកូរ៉េខាងជើងបច្ចុប្បន្នបានឡើងកាន់អំណាចបន្តវេនជំនួសឪពុករបស់លោក គឺលោក Kim Jong-il កាលពីអំឡុងខែធ្នូ ឆ្នាំ២០១១កន្លងទៅ ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.