ថ្ងៃ ពុធ ទី ១៧ ខែ ឧសភា ឆ្នាំ ២០១៧

ឆ្ងាញ់​ណាស់​ !​ ដី​ពេទ្យ​កាកបាទក្រហម​ដែល​របូត​ពី​ក្រុមហ៊ុន​យួន​ធ្លាក់​ដល់​ក្នុង​ដៃ​ក្រុមហ៊ុន​គ្រួសារ​បុរស​ខ្លាំង​ និង​គ្រួសារ​យាយ​ភូ​ ក្លាយជា​ធនាគារ​ហើយ​

​ទីតាំង​មន្ទីរពេទ្យ​បង្អែក​ចំការមន​(​អតីត​មណ្ឌល​សុខភាព​កាកបាទក្រហម​)​ មាន​ទំហំ​ប្រមាណ​៣​ ០០០​ម៉ែត្រក្រឡា​ ឋិត​នៅ​ដី​ឡូត៍​កាច់ជ្រុង​មហាវិថី​ព្រះ​នរោត្តម​ និង​ផ្លូវ​លេខ​២៩៤​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ (​គិត​តម្លៃ​ដីធ្លី​លើ​ទីផ្សារសេរី​យ៉ាងតិច​ប្រមាណ​ជាង​១២​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ធ្លាប់​ត្រូវ​បាន​ក្រសួងសុខាភិបាល​ និង​សាលា​រាជធានី​ភ្នំពេញ​សម្រេច​ប្រគល់​ឲ្យ​ទៅ​ក្រុមហ៊ុន​យួន​មួយ​ឈ្មោះ​ អ៊ិ​ន​វេស​មេន​ វៀត​-​ខេ​ម​ យ៉​ញ​ស្តុក​ ខ​ប​ភើ​រេ​សិន​ (Investment​ Viet-Cam​ Joint​ Stock​ Corporation-IVC)​ គ្រប់គ្រង​ក្រោម​ស្លាក​ «​ អភិវឌ្ឍន៍​ »​ រយៈពេល​៥០​ឆ្នាំ​ កាលពី​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០១១​ យោង​តាម​អនុស្សា​រណៈ​យោគយល់​ ចុះ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០០៤​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​រាជធានី​ភ្នំពេញ​ និង​ទីក្រុង​ហូ​ជី​មិ​ញ​ ។​

Image may contain: house and outdoor

​នៅ​ឆ្នាំ​២០១២​ ដោយ​មិន​អាច​ដំណើរការ​ទៅ​មុខ​ដោយ​រលូន​បាន​នោះ​ ទើប​ក្រុមហ៊ុន​យួន​ឈ្មោះ​ IVC​ ដែល​មានឈ្មោះ​ Chu​ Quang​ Vu​ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ និង​ឈ្មោះ​ Nguyen​ Thai​ Hong​ ជា​អភិបាល​ខាង​ភាគី​វៀតណាម​ បាន​ប្រគល់​គម្រោង​នេះ​ឲ្យ​ទៅ​ក្រុមហ៊ុន​ថ្មី​មួយទៀត​ឈ្មោះ​ឥណ្ឌូ​ឆាយ​ណា​ ហ្វា​យ​ណ​ល​ យ៉​ញ​ស្តុក​ ខ​ប​ភើ​រេ​សិន​ (Indo​ China​ Final​ Joint​ Stock​ Corporation)​ ទទួលខុសត្រូវ​ជំនួស​ និង​គ្រោង​ដាក់​ទុន​ក្រោម​ស្លាក​ «​អភិវឌ្ឍន៍​»​ ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​ ១​ ៩៦៩​ ២៣៦​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​រយៈពេល​៥០​ឆ្នាំ​ ដែល​ក្នុង​នោះ​ទឹកប្រាក់​ចំនួន​ ៣៣១​ ៣៧៦​ដុល្លារ​អា​មេ​រិ​ក​ ខាង​ភាគី​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ជា​អ្នក​ចេញ​ និង​ក្រុមហ៊ុន​នេះ​បាន​ធានា​អះអាង​ថា​ រៀបចំ​ដំណើរការ​ជួសជុល​អគារ​ បំពាក់​ឧបករណ៍​បរិក្ខារ​ទំនើបៗ​ ឲ្យ​រួចរាល់​ចប់​សព្វគ្រប់​នៅ​ដំណាច់ឆ្នាំ​២០១២​ ព្រមទាំង​គ្រោង​នឹង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​២០១៣​ ។​

​តម​ក​ទៀត​ នៅ​ដើមឆ្នាំ​២០១៣​ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ និង​មានការ​ឯកភាព​ពីសា​លា​រាជធានី​ភ្នំពេញ​ផង​ ក៏​បាន​សម្រេច​លុប​ចោល​កិច្ចសន្យា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​មន្ទីរពេទ្យ​បង្អែក​ចំការមន​ ពី​ក្រុមហ៊ុន​យួន​ឈ្មោះ​ IVC​ នោះ​ចោល​វិញ​ និង​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​សា​ជា​ថ្មី​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ឈ្មោះ​ ហ្វា​យ​ ស៊ី​ប្ល៊ី​ង​ អ៊ិ​ន​វេស​មេន​ (Five​ Sibling​ Investment​ Co.,​ Ltd.)​ ទទួល​អនុវត្ត​បន្ត​ការ​សាងសង់​មន្ទីរពេទ្យ​បង្អែក​ចំការមន​ តាម​ស្មារតី​លិខិត​លេខ​៦៩០​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​(​យោង​តាម​ចំណារ​ចុះ​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៣​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​លើ​លិខិត​លេខ​០៥២​ស​ខ​ល​ ចុះ​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ​២០១៣​ របស់​ក្រសួងសុខាភិបាល​)​ ។​

​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ អ្វីៗ​វា​ផ្ទុយ​ស្រឡះ​ទាំងអស់​ គឺ​ទីតាំង​មន្ទីរពេទ្យ​បង្អែក​ចំការមន​(​ម​ព​ច​-CMH)​អតីត​មណ្ឌល​សុខភាព​កាកបាទក្រហម​ បែរ​ប្រែ​ក្លាយទៅជា​ទីតាំង​របស់​ធនាគារ​ឯកទេស​ អេ​ស៊ា​ ប៉ា​ស៊ី​ហ្វិ​ក​ ឌី​វេឡុ​ប​មេន​ ភី​អិ​ល​ស៊ី​ (APD​ Bank)​ទៅ​វិញ​ ។​

​ក្រុមហ៊ុន​ ហ្វា​យ​ ស៊ី​ប្ល៊ី​ង​ អ៊ិ​ន​វេស​មេន​ (Five​ Sibling​ Investment​ Co.,​ Ltd.)​ គឺជា​ក្រុមហ៊ុន​មួយ​មាន​ទំនាក់ទំនង​គ្នា​ក្នុង​រង្វង់​សាច់ញាតិ​បង​-​ប្អូន​៥​នាក់​ ជា​ក្រុម​គ្រួសារ​លោក​ជំទាវ​ ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​យាយ​ភូ​ ជា​ភរិយា​របស់​ឯកឧត្តម​ ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​(​ជា​អាទិ៍​ក្រុមហ៊ុន​ Five​ Sibling​ &​ N.H​ Co.,​ Ltd.​ និង​ក្រុមហ៊ុន​ 5​ Sibling​ MDC​ Ltd.​ ជាដើម​)​ មាន​លោកស្រី​ ឧកញ៉ា​ ជឹ​ង​ សុ​គ​ន្ធា​វី​ ត្រូវជា​ប្អូនស្រី​បង្កើត​របស់​យាយ​ភូ​ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ,​ លោក​ឧកញ៉ា​ ជឹ​ង​ ធាន​សេង​ ,​ លោក​ឧកញ៉ា​ ជឹ​ង​ ធាន​គាត​ ,​ លោក​ឧកញ៉ា​ ឡាវ​ អៀវ​ចុង​ និង​លោកស្រី​ឧកញ៉ា​ ឡាវ​ សុខ​ហ៊ុយ​ ជា​អភិបាល​ក្រុមហ៊ុន​ (​មាន​ដើមទុន​ចុះបញ្ជី​នា​ចុងឆ្នាំ​២០០៨​ ចំនួន​ ៤​ ០០០​លាន​រៀល​ ឬ​ប្រមាណ​១​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ។​

Image may contain: outdoor

​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ Five​ Sibling​ Investment​ Co.,​ Ltd.​ ចំនួន​៧៥០​ភាគហ៊ុន​ ,​ ភាគហ៊ុន​របស់​លោក​ជំទាវ​ ម៉ុ​ក​ ប៉ូ​ប៉ុន​រិ​ទ្ធ​ ជា​ភរិយា​របស់​ឯកឧត្តម​ ពេ​ជ​ សោភ័ន​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ត្រូវជា​ម្តាយ​-​ឪពុក​លោកស្រី​ ពេ​ជ​ ច័ន្ទ​មុនី​ និង​ត្រូវជា​ម្តាយ​-​ឪពុកក្មេក​របស់​លោក​ឧត្តមសេនីយ៍​យោធា​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ ចំនួន​២០០​ភាគហ៊ុន​ និង​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ NH​ Holding​ Ltd.​ ចំនួន​៥០​ភាគហ៊ុន​ រួម​គ្នា​បង្កើត​ជា​ក្រុមហ៊ុន​មួយ​ឈ្មោះ​ក្រុមហ៊ុន​ Five​ Sibling​ &​ N.H​ Co.,​ Ltd.​ដែល​មាន​លោក​ឧកញ៉ា​ ជឹ​ង​ ធាន​សេង​ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ,​ លោក​ជំទាវ​ ម៉ុ​ក​ ប៉ូ​ប៉ុន​រិ​ទ្ធ​ ជា​ដន្លងដងស្នែង​បុរស​ខ្លាំង​ និង​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ កូនស្រី​ច្បង​របស់​បុរស​ខ្លាំង​ ជា​អភិបាល​ក្រុមហ៊ុន​ ។​

​ដូច្នេះ​ ក្រុមហ៊ុន​ Five​ Sibling​ Investment​ Co.,​ Ltd.​ ដែល​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ ចាត់ចែង​ទីតាំង​មន្ទីរពេទ្យ​បង្អែក​ចំការមន​ អតីត​មណ្ឌល​សុខភាព​កាកបាទក្រហម​ដែល​មាន​តម្លៃ​យ៉ាង​ហោច​ណាស់​ជាង​១២​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្រោម​ស្លាក​ «​ សាងសង់​មន្ទីរពេទ្យ​ »​នោះ​ គឺ​មានការ​ពាក់ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​យាយ​ភូ​ផង​ និង​ក្រុម​គ្រួសារ​របស់​បុរស​ខ្លាំង​ផង​ (​លោក​ជំទាវ​ ម៉ុ​ក​ ប៉ូ​ប៉ុន​រិ​ទ្ធ​ សមាជិក​កាកបាទក្រហមកម្ពុជា​ និង​ជា​ដន្លងដងស្នែង​បុរស​ខ្លាំង​ ,​ លោក​ឧត្តមសេនីយ៍ឯក​យោធា​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​បុរស​ខ្លាំង​ និង​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ កូនស្រី​បង្កើត​បុរស​ខ្លាំង​ )​ ។​

​មជ្ឈដ្ឋាន​អ្នក​វិភា​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ យោង​តាម​ព័ស្តុតាង​ស៊ីចង្វាក់​ជាក់ស្តែង​ខាងលើ​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្រុម​គ្រួសារ​សាច់ញាតិ​លោក​ជំទាវ​ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​យាយ​ភូ​ អ្នកជំនួញ​ដ៏​ល្បីឈ្មោះ​ និង​ជា​អនុប្រធាន​កាកបាទក្រហមកម្ពុជា​ និង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​បុរស​ខ្លាំង​បាន​សមគំនិត​គ្នា​ជា​ប្រព័ន្ធ​ បង្វែរ​ទីតាំង​សាងសង់​មន្ទីរពេទ្យ​បង្អែក​ចំការមន​ ទៅ​ជាទី​តាំង​ធនាគារ​ APD​ Bank​ វិញ​យ៉ាង​រំភើយ​ ហើយ​មិន​រំខាន​ដល់​អារម្មណ៍​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ថែម​ទៀត​ ។​

​ក្រុម​អ្នក​រិះគន់​មាត់ដាច​មួយ​ចំនួន​បាន​និយាយ​ថា​ លោក​ជំទាវ​ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​យាយ​ភូ​ ជា​អនុប្រធាន​កាកបាទក្រហមកម្ពុជា​ ,​ លោក​ជំទាវ​ ម៉ុ​ក​ ប៉ូ​ប៉ុន​រិ​ទ្ធ​ ជា​សមាជិកា​កាកបាទក្រហមកម្ពុជា​ និង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជា​ភរិយា​បុរស​ខ្លាំង​និង​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ រួមដៃគ្នា​«​ ស៊ីដាច់​ »​ដី​មន្ទីរពេទ្យ​បង្អែក​ចំការមន​ ដែល​ជា​អតីត​មណ្ឌល​សុខភាព​កាកបាទក្រហម​ ក៏​មិនជា​បញ្ហា​អ្វី​ដែរ​ តែ​បែរជា​ «​ឆ្ងាញ់​មាត់​»​ ទៅ​វិញ​(Sic!)​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.