ថ្ងៃ អាទិត្យ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧

ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​ !​ រឿង​បទល្មើស​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ គ្មាន​ឧកញ៉ា​ឈ្មួញ​ឈើ​គ្រាក់ៗ​ណា​ម្នាក់​ទទួល​រង​ការ​ផ្តន្ទាទោស​ទេ​

​សកម្មភាព​នៃ​ការ​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​ និង​ជំនួញ​ឈើ​ខុសច្បាប់​នៅ​កម្ពុជា​ បាន​កើត​មាន​ឡើង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ រហូត​ភ្នំ​ដែល​មាន​ព្រៃឈើ​ភាគច្រើន​ក្លាយជា​ «​ ត្រងោល​ »​ និង​អ្នក​រកស៊ី​ឈើ​ជា​ច្រើន​នាក់​បាន​ក្លាយជា​ «​ ឧកញ៉ា​ »​ ព្រមទាំង​ក្រុម​មន្ត្រី​ដែល​សមគំនិត​ជាមួយ​ឈ្មួញ​ឈើ​គ្រប់​ជាន់ថ្នាក់​ និង​គ្រប់​ផ្នែក​ បាន​កើប​លុយ​ដាក់​ហោប៉ៅ​យ៉ាង​ក្រាស់ក្រែល​ ខណៈ​អំពើ​ខុសច្បាប់​ដែល​ជា​បទល្មើស​បង្ក​វិនាសកម្ម​ព្រៃឈើ​កម្ពុជា​ទាំងនោះ​ គឺ​គ្មាន​ឧកញ៉ា​ឈ្មួញ​ឈើ​គ្រាក់ៗ​ណា​ម្នាក់​បាន​ទទួល​រង​ការ​ផ្តន្ទាទោស​អ្វី​ឡើយ​ ដ្បិត​មាន​មន្ត្រី​ពោរពេញ​ដោយ​អំណាច​ជួយ​ការពារ​ធ្វើ​ជា​ខ្នងបង្អែក​ ។​

​ចាប់តាំងពី​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ដែល​មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​បាន​បង្កើត​ឡើង​ដោយ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ លេខ​០៩​សសរ​ ចុះ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​រួច​មក​ កាលពី​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ និង​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ បាន​ជីក​កកាយ​រក​ឃើញ​ឈើមូល​ជា​ច្រើន​ដើម​ និង​ឈើ​ឡាំង​រួច​ជា​ច្រើន​ដុំ​ ដែល​ជា​ឈើ​ប្រភេទ​លេខ​១​ចំនួន​ច្រើន​ម៉ែត្រគូប​ ឈ្មួញ​កប់​លាក់​ទុក​ក្នុង​ដី​ ឋិត​នៅ​ក្រោម​ឃ្លាំង​ស្តុក​ និង​រោងចក្រ​កែ​ច្នៃ​ឈើ​របស់​លោក​ឧកញ៉ា​ វន់​ ប៊ុ​ន​ថៃ​ ហៅ​ «​ ឧកញ៉ា​ ថៃ​ »​ ក្នុងស្រុក​អូរ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ (​អតីត​ខេត្តកំពង់ចាម​)​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ទូទៅ​បាន​និយាយ​ពេញៗ​មាត់​ថា​ ឈើ​ជា​ច្រើន​ម៉ែត្រគូប​ដែល​ឈ្មួញ​កប់​លាក់​ទុក​ក្នុង​ដី​នោះ​ ប្រាកដ​ណាស់​គឺជា​ឈើ​ល្មើសច្បាប់​ ពីព្រោះ​បើ​ឈើ​ស្របច្បាប់​ ហេតុ​អ្វី​ចាំបាច់​យក​ទៅ​កប់​លាក់​ទុក​ក្នុង​ដី​ ខណៈ​ឈ្មួញ​ទាំងនោះ​យល់​យ៉ាង​ច្បាស់​ណាស់​ថា​ ឈើ​កប់​ក្នុង​ដីអាច​ធ្វើ​ឲ្យ​ខូចខាត​ឈើ​ ។​

​ប្រភព​ព័ត៌មាន​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​ និង​ខេត្ត​ត្បូងឃ្មុំ​កន្លង​មក​ បាន​ឲ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​មាន​ឧកញ៉ា​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​ប្រចាំ​ភូមិភាគ​ឦសាន​ចំនួន​២​នាក់​ គឺ​លោក​ឧកញ៉ា​ វន់​ ប៊ុ​ន​ថៃ​ ហៅ​ «​ឧកញ៉ា​ថៃ​»​ និង​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ «​ឧកញ៉ា​ខ្នា​»​ ត្រូវ​បាន​កោះ​ឲ្យ​ឡើង​បំភ្លឺ​តុលាការ​ ក្រោម​បណ្តឹង​របស់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ។​ ប៉ុន្តែ​ទោះ​យ៉ាងណា​ រហូត​មក​ទល់​បច្ចុប្បន្ន​ គឺ​សំណុំរឿង​នេះ​ក្លាយជា​ «​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​»​ ។​

​លោក​ឧកញ៉ា​ វន់​ ប៊ុ​ន​ថៃ​ ហៅ​ «​ឧកញ៉ា​ថៃ​»​ គឺជា​ឈ្មួញ​ឈើ​ម្នាក់​ដ៏​ល្បីឈ្មោះ​ប្រចាំ​ភូមិភាគ​ឦសាន​ និង​ជា​មនុស្ស​ស្និទ្ធ​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក​ ឧកញ៉ា​ ជឿន​ សុវណ្ណ​ថា​ មេបញ្ជាការ​រង​កងទ័ពជើងគោក​ និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​២(​លោក​ឧត្តមសេនីយ៍​ ជឿន​ សុវណ្ណ​ថា​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧៩៩/១៤៩​ ចុះ​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​១៩៩៩)​ ។​ លោក​ វន់​ ប៊ុ​ន​ថៃ​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដំណាលគ្នា​ជាមួយ​លោកស្រី​ នី​ម​ គឹ​ម​វ៉ា​ ជឿន​ សុវណ្ណ​ថា​ ត្រូវជា​ភរិយា​របស់​លោក​ឧត្តមសេនីយ៍ឯក​ ឧកញ៉ា​ ជឿន​ សុវណ្ណ​ថា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១២/៤៩៨​ ចុះ​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១២​ ។​

​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ «​ឧកញ៉ា​ខ្នា​»​ គឺជា​ឈ្មួញ​ឈើ​នាំ​ចេញ​ទៅ​ស្រុក​យួន​ប្រចាំ​ភូមិភាគ​ឦសាន​យ៉ាង​សកម្ម​ និង​ជា​មនុស្ស​ស្និទ្ធ​ជាមួយ​ឯកឧត្តម​ ហ៊ុន​ ណេ​ង​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ (​អតីត​អភិបាលខេត្ត​កំពង់ចាម​)​ និង​ត្រូវជា​បងប្រុស​បង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ លោក​ លឹ​ម​ ប៊ុ​ន​ណា​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១១/០៤៨​ ចុះ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១១​ ។​

​ក្រៅពី​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ និង​លោក​ឧកញ៉ា​ វន់​ ប៊ុ​ន​ថៃ​ គឺ​នៅ​មាន​ឧកញ៉ា​ជា​ច្រើន​នាក់​ទៀត​ដែល​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ជំនួញ​ឈើ​ដ៏​ធំ​នៅ​កម្ពុជា​ ជា​អាទិ៍​ ៖​ លោក​ឧកញ៉ា​ ទ្រី​ ភាព​(​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៤/២១៤​ ចុះ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០០៤)​ ជា​ឈ្មួញ​ឈើ​មាន​ទំនាក់ទំនង​ស្និទ្ធ​យ៉ាង​ខ្លាំង​ជាមួយ​ក្រុម​គ្រួសារ​បុរស​ខ្លាំង​ ឬ​អាច​និយាយ​បាន​ថា​ ជា​ឈ្មួញ​ឈើ​លំដាប់​ «​បងធំ​»​ នៅ​កម្ពុជា​ ,​ លោក​ឧកញ៉ា​ ស៊ឹង​ សំ​អុល​ (​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១២/៧៤៥​ ចុះ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១២)​ ជា​ឈ្មួញ​ឈើ​មាន​សម្ព័ន្ធភាព​ជិត​ស្និទ្ធ​ជាមួយ​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ,​ លោក​ឧកញ៉ា​ អ៊ុ​ក​ គឹ​ម​សាន​ (​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១៣/២៣៥​ ចុះ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៣)​ ជា​ឈ្មួញ​ឈើ​ដៃស្តាំ​របស់​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ៕​

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.