ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ កញ្ញា ឆ្នាំ ២០១៧

តុលាការ​អះអាង​ថា​ មន្ត្រី​ប៉ូលិស​រង​របួស​ព្រោះ​ឡាន​បុក​ គឺជា​រឿង​ពិត​ និង​ចោទប្រកាន់​ម្ចាស់​ឡាន​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​

​ករណី​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ម្នាក់​ឈ្មោះ​ ឈាន​ ពិសិដ្ឋ​ រង​របួស​ដួល​សន្លប់​នៅ​មុខ​រថយន្ត​ Lexus​ RX300​ មួយ​គ្រឿង​របស់​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ និង​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​នយោបាយ​ប្រឆាំង​នៅ​កម្ពុជា​ផង​ ឈ្មោះ​ ឌិន​ ពុ​ទ្ធី​ កាលពី​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ត្រង់​ចំណុច​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ ឋិត​ក្នុងភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ល្បី​កក្រើក​ពេញ​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ អស់​រយៈពេល​ប្រមាណ​ជិត​១​ស​ប្តា​ហ៍​នោះ​ ត្រូវ​បាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​អះអាង​ថា​ ឈ្មោះ​ ឈាន​ ពិសិដ្ឋ​ ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​ច្រ​ទ្វារ​ព្រំដែន​អន្តរជាតិ​ ពិតជា​បាន​រង​របួស​នៅ​ជើង​ស្តាំ​ដោយសារ​ការ​បុក​ដោយ​រថយន្ត​របស់​ឈ្មោះ​ ឌិន​ ពុ​ទ្ធី​ ជា​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ រហូត​ដួល​សន្លប់​ប្រាកដ​មែន​ ហើយ​មិនមែន​ជា​ការ​ធ្វើ​ពុត​របស់​ឈ្មោះ​ ឈាន​ ពិសិដ្ឋ​ ដើម្បី​ទម្លាក់​កំហុស​លើ​ឈ្មោះ​ ឌិន​ ពុ​ទ្ធី​ នោះ​ទេ​ ។​

​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៦​ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដែល​មាន​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ជា​ព្រះរាជអាជ្ញា​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ «​ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​សម្រេច​បើក​ការ​ស៊ើបសួរ​ទៅ​លើ​ឈ្មោះ​ ឌិន​ ពុ​ទ្ធី​ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ តាម​បញ្ញត្តិ​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ​ និង​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​រួច​ហើយ​ »​ ។​

​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដែល​ភាគច្រើន​មិនសូវ​មាន​ជំនឿ​ទុកចិត្ត​ពី​សំណាក់​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​នោះ​ បាន​បញ្ជាក់​ទៀត​ថា​ «​ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​សង្ឃឹម​ជឿជាក់​ថា​ សាធារណជន​ទាំងអស់​រក្សា​ភាព​ស្ងៀមស្ងាត់​ រង់ចាំ​លទ្ធផល​នៃ​ចំណាត់ការ​នីតិវិធី​របស់​តុលាការ​បាន​បញ្ចប់​ ជៀសវាង​ការ​ធ្វើ​សេចក្តីសន្និដ្ឋាន​ដោយ​មិន​មាន​ព័ស្តុតាង​ និង​ព័ត៌មាន​ច្បាស់លាស់​ »​ ៕​

 

 

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.