ថ្ងៃ សុក្រ ទី ២១ ខែ កក្កដា ឆ្នាំ ២០១៧

Video​ Clip​ អាច​ជា​ព័ស្ដុតាង​ស្វែងរក​យុត្តិធម៌​ដល់​ភាគី​ក្នុង​រឿង​មន្ដ្រី​ប៉ូលិស​អន្តោប្រវេសន៍​ម្នាក់​ប្រកាស​ថា​រង​របួស​ដល់​សន្លប់​ដោយសារ​ឡាន​បុក​

​ករណី​នាយ​រង​ប៉ុស្ដិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ម្នាក់​ គឺ​លោក​វរសេនីយ៍​ ឈាន​ ពិសិដ្ឋ​ អាយុ​៣៨​ឆ្នាំ​ ប្រកាស​ថា​ខ្លួន​បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ត្រង់​ចំណុច​ក្បាលស្ពាន​មិត្តភាព​កម្ពុជា​ ថៃ​នៃ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក្នុង​ពេល​បំពេញការងារ​ដោយសារ​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ Lexus​ RX300​ ពណ៌​ត្រី​ឆ្លូញ​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​ 2A-5484​ របស់​លោក​ ឌិន​ ពុ​ទ្ធី​ អាយុ​៣៦​ឆ្នាំ​ ជា​ប្រធាន​សមាគម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (CIERA)​ បុក​កាលពី​វេលា​ម៉ោង​១០​ និង​៤៥​នាទី​ព្រឹក​នា​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ បង្ក​របួស​ធ្ងន់ធ្ងរ​ត្រង់​ក​ និង​ភ្លៅ​ រហូត​ដល់​ដេក​ដួល​សន្លប់​ស្ដូកស្ដឹង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​នោះ​ បាន​ក្លាយជា​ប្រធានបទ​វែកញែក​ផ្សេងៗ​ពី​គ្នា​យ៉ាង​គគ្រឹកគគ្រេង​ពេញ​បណ្ដាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ ។​

​ក្រុម​សមត្ថកិច្ច​នគរបាល​ និង​បណ្ដាញសារព័ត៌មាន​ជា​ច្រើន​ដែល​មាន​និន្នាការ​គាំទ្រ​នយោបាយ​រាជរដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្សព្វផ្សាយ​បង្ហាញ​អំពី​រូបភាព​រង​របួស​ និង​ការ​បញ្ជូន​ខ្លួន​លោក​វរសេនីយ៍​ ឈាន​ ពិសិដ្ឋ​ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​ ។​

​រីឯ​ បណ្ដា​ប្រិ​យ​មិត្ត​ Facebook​ ជា​ច្រើន​ទៀត​បាន​ធ្វើការ​បញ្ចេញ​មតិយោបល់​ផ្ទៀងផ្ទាត់​ទៅ​នឹង​ Video​ Clip​ មួយ​ដែល​គេ​ Post​ និង​ Share​ ចែករំលែក​តៗ​គ្នា​ និង​សន្និដ្ឋាន​ថា​ ប៉ូលិស​អន្តោប្រវេសន៍​ឈ្មោះ​ ឈាន​ ពិសិដ្ឋ​ ប្រើ​ល្បិច​កល​ថោកទាប​ធ្វើ​ជា​«​ដួល​សន្លប់​»​តាម​របៀបរៀបរយ​ទាំង​ដៃ​កាន់​ក្ដាប់​សោ​ឡាន​ និង​វិទ្យុទាក់ទង​ (​អាយ​កូ​ម​)​ជាប់​ពីមុខ​រថយន្ដ​របស់​ឈ្មោះ​ ឌិន​ ពុ​ទ្ធី​ ដែល​«​កង់​រថយន្ដ​លែង​កម្រើក​»​ ដើម្បី​ទម្លាក់​កំហុស​ និង​ចោទប្រកាន់​ទៅ​លើ​ឈ្មោះ​ ឌិន​ ពុ​ទ្ធី​ ជា​ម្ចាស់​រថយន្ដ​ ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​គិត​ទុកជា​មុន​ ។​

​មាន​ប្រិ​យ​មិត្ត​ Facebook​ ខ្លះ​ទៀត​បាន​ Post​ ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ ក្រៅពី​ជា​ប្រធាន​សមាគម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (CIERA)​ លោក​ ឌិន​ ពុ​ទ្ធី​ ហៅ​ម៉​ង់​ ពុ​ទ្ធី​ ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ប្រចាំ​ខេត្តបន្ទាយមានជ័យ​ទៀត​ផង​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ប្រភព​ព័ត៌មាន​ពី​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ចាប់​វាយ​ខ្នោះដៃ​ដោយ​សមត្ថកិច្ច​ប៉ូលិស​ព្រហ្មទណ្ឌ​រួច​មក​ លោក​ ឌិន​ ពុ​ទ្ធី​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ និង​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ និង​ឃុំខ្លួន​បណ្តោះអាសន្ន​ កាលពី​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​គិត​ទុកជា​មុន​ តាម​ទម្ងន់​នៃ​បណ្ដឹង​របស់​ប៉ូលិស​ (Sic!)​ ។​

​នៅ​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌​មាននៅ​វិមាន​រដ្ឋសភា​ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ឲ្យ​ដឹង​ថា​ សម្តេច​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ និង​សមត្ថកិច្ច​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ធ្វើការ​ស៊ើបអង្កេត​ពិនិត្យ​ករណី​នេះ​ឲ្យ​បាន​ច្បាប់​លាស់​ មុន​នឹង​ឈាន​ទៅ​ធ្វើការ​សន្និដ្ឋាន​ពិតប្រាកដ​ណាមួយ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ Video​ Clip​ មួយ​ដែល​គេ​ប្រមាញ់​ថត​បាន​ និង​យក​មក​ Post​ នៅ​ក្នុង​បណ្ដាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ ដ៏​ពេញ​និយម​ព្រោងព្រាត​នោះ​ ហើយ​បើ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សំណុំរឿង​ គឺ​អាច​ក្លាយជា​ព័ស្ដុតាង​ដ៏​សំខាន់​សម្រាប់​ផ្ទៀងផ្ទាត់​សកម្មភាព​ជាក់ស្ដែង​នៅ​កន្លែង​កើតហេតុ​ និង​ឈាន​ទៅ​អាច​ស្វែងរក​យុត្តិធម៌​ដល់​ភាគី​ក្នុង​សំណុំរឿង​ដ៏​ក្ដៅ​គគុក​ខាងលើ​នេះ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.