ថ្ងៃ ចន្ទ ទី ១៦ ខែ មករា ឆ្នាំ ២០១៧

Boeing​ ខាតបង់​ទឹកប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​ ដោយសារ​សម្តី​មួយ​ម៉ាត់​របស់​សេដ្ឋី​ Donald​ Trump

​សារព័ត៌មាន​ Independent​ របស់​អង់គ្លេស​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ឲ្យ​ដឹង​ថា​ តម្លៃ​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​អា​មេ​រិ​ក​ដ៏​ធំ​មួយ​ឈ្មោះ​ Boeing​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​រហូត​ដល់​ទៅ​ ០,៨៤%​ ដែល​អាច​ប្រឈម​នឹង​ការ​ខាតបង់​ទឹកប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​ ដោយសារ​លោក​ Donald​ Trump​ ដែល​ទើប​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​ប្រកាស​ថា​ នឹង​លុប​ចោល​កិច្ចព្រមព្រៀង​ការ​ផលិត​យន្តហោះ​ថ្មី​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​សម្រាប់​ប្រធានាធិបតី​ប្រើប្រាស់​ ព្រោះតែ​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ពេក​ ។​

​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ Twitter​ លោក​ Donald​ Trump​ បាន​ប្រកាស​ឲ្យ​ដឹង​ថា​ «​ ក្រុមហ៊ុន​ Boeing​ បាន​ផលិត​យន្តហោះ​ថ្មី​ធុន​ Air​ Force​ One​ 747​ ជំនាន់​ថ្មី​ សម្រាប់​ប្រធានាធិបតី​ដែល​ចូល​កាន់​តំណែង​នា​ពេល​ខាង​មុខ​ ប៉ុន្តែ​មាន​តម្លៃ​ថ្លៃ​ពេក​រហូត​ដល់​ជាង​៤​ពាន់​លាន​ដុល្លារ​ ។​ ដូច្នេះ​ សូម​លុប​គម្រោង​នេះ​ចោល​ទៅ​ »​ ។​

​លោក​អគ្គនាយក​ក្រុមហ៊ុន​ Boeing​ បាន​សម្តែង​នូវ​មន្ទិល​សង្ស័យ​ទៅ​លើ​លោក​ Donald​ Trump​ ដែល​ទើប​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ថ្មី​ ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ​ ពីព្រោះ​ការ​ប្រកាស​របស់​លោក​ Donald​ Trump​ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ធ្លាក់​ថ្លៃ​ភាគហ៊ុន​ចំនួន​០,៨៤%​ ហើយ​ត្រូវ​ខាតបង់​ទឹកប្រាក់​រហូត​ដល់​ទៅ​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​កាលពីដើម​ឆ្នាំ​២០១៥​កន្លង​ទៅ​ មន្ទីរ​បញ្ច​កោណ​(Pentagon)​បាន​ប្រកាស​អំពី​គម្រោង​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ Boeing​ ដើម្បី​ឈាន​ទៅ​ផលិត​យន្តហោះ​ជំនាន់​ថ្មី​សម្រាប់​បំពេញតម្រូវការ​ប្រើប្រាស់​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដោយ​ចំណាយ​ទឹកប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ ។​

​ក្រុម​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​អន្តរជាតិ​បាន​លើក​ឡើង​ថា​ ក្រៅពី​មិន​យក​ប្រាក់បៀវត្សរ៍​ចំនួន​៤០​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​ ដោយ​ប្រកាស​ថា​ នឹង​យក​ប្រាក់ខែ​ត្រឹមតែ​១​ដុល្លារ​ក្នុង​១​ខែ​នោះ​ គឺ​លោក​ Donald​ Trump​ នៅ​ពេល​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​ជា​ផ្លូវការ​ លោក​ចង់​ប្រើប្រាស់​យន្តហោះ​ផ្ទាល់ខ្លួន​ធុន​ Boeing​ 757​ ដែល​មាន​តម្លៃ​ជាង​១​លាន​ដុល្លារ​ និង​គ្រឿង​សង្ហា​រឹម​ខាងក្នុង​ធ្វើ​ពី​មាស​ ជំនួស​យន្តហោះ​សម្រាប់​ប្រធានាធិបតី​ដែល​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​កងកម្លាំង​ទាហានជើងអាកាស​អា​មេ​រិ​ក​ ៕​

Loading...
Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.