ថ្ងៃ អាទិត្យ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧

កៅអី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​ដែល​នៅ​ទំនេរ​ នឹង​ត្រូវ​បាន​ទៅ​លើ​ឯកឧត្តម​ កឹ​ម​ សុខា​ វិញ​ ឬ​បាន​ទៅ​លើ​លោក​ជំទាវ​ ជូ​ឡុ​ង​ សូ​មួ​រ៉ា​ តាម​យោបល់​ ធី​ សុវណ្ណ​ថា​ ?

​ក្រោយ​ការ​សម្របសម្រួល​ខាង​នយោបាយ​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ប្រធាន​គណបក្ស​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​លោក​ សម​ រ​ង្ស៊ី​ ជា​ប្រធាន​គណបក្ស​ ព្រមទាំង​ឯកឧត្តម​ កឹ​ម​ សុខា​ ជា​អនុប្រធាន​គណបក្ស​(​បច្ចុប្បន្ន​ជា​ប្រធាន​ស្តីទី​គណបក្ស​)​ ពី​ក្តៅ​គគុក​មក​ត្រជាក់​រហឹម​ភ្លាមៗ​នោះ​ ឯកឧត្តម​ កឹ​ម​ សុខា​ ក៏​ទទួល​បានការ​លើកលែងទោស​ជា​ស្ថាពរ​ ពី​បទ​បដិសេធ​ក្នុង​ការ​ចូលខ្លួន​ (​សំណុំ​រឿងស្រី​ញី​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៦/១១០៥​ ចុះ​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៦​ តាម​ការ​ព្រមព្រៀង​ពី​បុរស​ខ្លាំង​ និង​ទទួល​បាន​តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​ក្នុង​រដ្ឋសភា​ ជំនួស​លោក​ សម​ រ​ង្ស៊ី​ ទៀត​ផង​ ដោយ​សេចក្តី​ប្រកាស​លេខ​១២០​រស​ ចុះ​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៦​ របស់​រដ្ឋសភា​ ។​

​មុន​ពេល​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ទទួល​បានការ​លើកលែងទោស​ និង​ទទួល​បាន​តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​ក្នុង​រដ្ឋសភា​ជំនួស​លោក​ សម​ រ​ង្ស៊ី​ ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ គឺ​ឯកឧត្តម​ កឹ​ម​ សុខា​ ធ្លាប់​បាត់បង់​នូវ​មុខ​តំណែង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​ កាលពី​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ។​

​រដ្ឋសភា​ធ្លាប់​បាន​ចេញ​លិខិតផ្លូវការ​មួយ​លេខ​៦៥៧​រស​ ចុះ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៥​ ជម្រាប​ជូន​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​ចាត់​បញ្ជូន​បេក្ខជន​សម្រាប់​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​ ជំនួស​ឯកឧត្តម​ កឹ​ម​ សុខា​ ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះ​មាន​រយៈពេល​ជាង​១​ឆ្នាំ​ហើយ​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​បាន​ចាត់​បញ្ជូន​បេក្ខភាព​សម្រាប់​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​នៅឡើយ​ទេ​ ពោល​គឺ​កៅអី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ឋិត​នៅ​ទំនេរ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ ។​

​ស្ថានការណ៍​នយោបាយ​ប្រែប្រួល​ភ្លាមៗ​ពី​ក្តៅ​គគុក​មក​ជា​ត្រជាក់​រហឹម​រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​លើក​ឡើង​ថា​ កៅអី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​ដែល​នៅ​ទំនេរ​ អាច​នឹង​ត្រូវ​រដ្ឋសភា​ពិចារណា​ធ្វើការ​តែងតាំង​សា​ជា​ថ្មី​សម្រាប់​កូតា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​ ។​

​យោង​តាម​ឯកសារ​ Chat​ ឆ្លង​ឆ្លើយ​តាម​បណ្តាញ​សង្គម​ Line​ រវាង​ស្ត្រី​វ័យក្មេង​ម្នាក់​ឈ្មោះ​ ធី​ សុវណ្ណ​ថា​ ដែល​គេ​ស្គាល់​ថា​ជា​ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម​ និង​បុរស​ខ្លាំង​ ក្នុង​ឋានៈ​ជា​ «​ ចៅ​ និង​ តា​ »​ ដែល​រង​ការ​បែកធ្លាយ​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ គឺ​ឈ្មោះ​ ធី​ សុវណ្ណ​ថា​ ធ្លាប់​បាន​ផ្តល់​យោបល់​ក្នុង​នាម​ជាទី​ប្រឹក្សា​ក្មេង​ ជូន​បុរស​ខ្លាំង​ថា​ ត្រូវ​រៀបចំ​ឲ្យ​លោក​ជំទាវ​ ជូ​ឡុ​ង​ សូ​មួ​រ៉ា​ អនុប្រធាន​គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​ ត្រូវជា​ភរិយា​របស់​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​កាន់​តំណែង​ជា​អនុប្រធាន​រដ្ឋសភា​ ។​

​ដូច្នេះ​ មជ្ឈដ្ឋាន​ជា​ច្រើន​បាន​ចោទ​ជា​សំណួរ​ថា​ តើ​កៅអី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​ដែល​នៅ​ទំនេរ​អស់​រយៈពេល​ជាង​១​ឆ្នាំ​នោះ​ អាច​នឹង​ត្រូវ​បាន​ទៅ​លើ​ឯកឧត្តម​ កឹ​ម​ សុខា​ វិញ​ ឬ​បាន​ទៅ​លើ​លោក​ជំទាវ​ ជូ​ឡុ​ង​ សូ​មួ​រ៉ា​ ភរិយា​របស់​លោក​ សម​ រ​ង្ស៊ី​ តាម​យោបល់​របស់​ឈ្មោះ​ ធី​ សុវណ្ណ​ថា​ ជាទី​ប្រឹក្សា​ក្មេង​ក្រៅផ្លូវការ​របស់​បុរស​ខ្លាំង​នៃ​កម្ពុជា​ ?​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.