ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ កម្ភៈ ឆ្នាំ ២០១៧

លោក​ ស៊ា​ង​ ចែត​ មេឃុំ​គណបក្ស​សម​ រ​ង្ស៊ី​ ទទួល​បានការ​លើកលែងទោស​តាម​សំណើ​របស់​បុរស​ខ្លាំង​

​បន្ទាប់​ពី​មាន​ជំនួប​រវាង​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​(​បច្ចុប្បន្ន​ប្រធាន​ស្តីទី​គណបក្ស​)​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ដែល​ទើប​ទទួល​បានការ​លើកលែងទោស​កាលពី​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រមទាំង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​ក្រុម​មតិ​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា​ នៅ​វិមាន​រដ្ឋសភា​ នា​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ លោក​ ស៊ា​ង​ ចែត​ មេឃុំ​ស្រក​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ ដែល​ត្រូវ​ស្ថាប័ន​តុលាការ​វិនិច្ឆ័យ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៥​ឆ្នាំ​ ពី​បទ​សូកប៉ាន់​សាក្សី​កាលពី​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៦​នោះ​ ទទួល​បានការ​លើកលែងទោស​ជា​ស្ថាពរ​ពី​អង្គ​ព្រះមហាក្សត្រ​ហើយ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៦/១១១៤​ ចុះ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៦​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​(​សំណើ​)​របស់​បុរស​ខ្លាំង​ ។​

seang-chet

​លោក​ ស៊ា​ង​ ចែត​ អាយុ​៤៤​ឆ្នាំ​ មេឃុំ​ស្រក​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ ត្រូវ​បាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ (​ប្រភព​ព័ត៌មាន​ខ្លះ​អះអាង​ថា​ ស្រី​មុំ​ក៏​ជាប់​ជា​សាច់ញាតិ​ជាមួយ​លោក​ ស៊ា​ង​ ចែត​ ដែរ​)​ ឆ្លើយ​ដាក់​ថា​ លោក​បាន​យក​លុយ​៥០០​ដុល្លារ​អា​មេ​រិ​ក​ទៅ​ឲ្យ​ម្តាយ​របស់​នាង​ ដើម្បី​ឲ្យ​គាត់​ជួយ​ប្រាប់​រូប​នាង​កុំ​ឲ្យ​និយាយ​ការ​ពិត​ប្រាប់​សមត្ថកិច្ច​អំពី​ទំនាក់ទំនង​ស្នេហា​រវាង​រូប​នាង​ និង​ឯកឧត្តម​ កឹ​ម​ សុខា​ ហើយ​លោក​ ស៊ា​ង​ ចែត​ ក៏​ត្រូវ​បាន​ស្ថាប័ន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​តាំងពី​ពេល​នោះ​មក​ ។​

​ក្រោយមក​ទៀត​ លោក​ ស៊ា​ង​ ចែត​ ដែល​ក្លាយជា​ជនជាប់ចោទ​ ក៏​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​វិនិច្ឆ័យ​សេចក្តី​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៥​ឆ្នាំ​ ពី​បទ​សូកប៉ាន់​សាក្សី​ តាម​បញ្ញត្តិ​មាត្រា​៥៤៨​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​សាលក្រម​ព្រហ្មទណ្ឌ​លេខ​៥៣៣​ ក្រ​៣«​ឆ​»​ ចុះ​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៦​ ។​

​ការ​លើកលែងទោស​ឲ្យ​លោក​ ស៊ា​ង​ ចែត​ ដែល​ជា​ជនជាប់ចោទ​នោះ​ គឺ​ខណៈ​លោក​ ស៊ា​ង​ ចែត​ មិន​ទាន់​ក្លាយទៅជា​ទណ្ឌិត​ពិតប្រាកដ​នៅឡើយ​ទេ​ ពីព្រោះ​លោក​នៅ​មាន​ពេលវេលា​ដើម្បី​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ផ្តន្ទាទោស​រូប​លោក​ទាំង​អយុត្តិធម៌​ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.