ថ្ងៃ ពុធ ទី ១៧ ខែ ឧសភា ឆ្នាំ ២០១៧

ល្បែង​លេង​មិន​សម​ទំនង​ !​ សកម្មជន​ដែល​ឈប់​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ មិន​សុំ​ចូលបក្ស​ប្រជាជន​កម្ពុជា​ បែរជា​សុំ​ចូល​សមាជិក​អង្គការ​ ធី​ សុវណ្ណ​ថា​

​ធ្លាប់តែ​ឮ​ និង​ឃើញ​ថា​ មាន​សកម្មជន​ និង​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​គាំទ្រ​គណបក្ស​នយោបាយ​មួយ​ហើយ​ បែរជា​ទៅ​គាំទ្រ​គណបក្ស​នយោបាយ​មួយ​ផ្សេង​ទៀត​ ដោយ​មូលហេតុ​ផ្សេងៗ​ ។​ ឧទាហរណ៍​ ៖​ ធ្លាប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បែរជា​ដកខ្លួន​ងាក​ទៅ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ ឬ​ធ្លាប់​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បែរជា​ត្រឡប់​ទៅ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​នយោបាយ​ប្រឆាំង​វិញ​ ។​ ប៉ុន្តែ​ចំពោះ​វេទិកា​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​ ធី​ សុវណ្ណ​ថា​ ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម​វិញ​ បាន​ប្រកាស​ថា​ មាន​សកម្មជន​ និង​ប្រជាពលរដ្ឋ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ ឈប់​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ និង​សុំ​ចូល​ជា​សមាជិក​អង្គការ​យុវជន​កិច្ចការ​សង្គម​របស់​ខ្លួន​ ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​មិន​បម្រើ​នយោបាយ​ឯណោះ​ឆ្កុយ​ (Sic!)​ ។​

​ព័ស្តុតាង​ជាក់ស្តែង​ គឺ​វេទិកា​ទី​៤៤​របស់​ស្ត្រី​ឈ្មោះ​ ធី​ សុវណ្ណ​ថា​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ បាន​អះអាង​ថា​ «​ សកម្មជន​ និង​ពលរដ្ឋ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ ១​ ១០០​នាក់​ ប្រកាស​ឈប់​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ និង​សុំ​ចូល​ជា​សមាជិក​អង្គការ​យុវជន​កិច្ចការ​សង្គម​ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ភូមិ​ ឃុំ​ សង្កាត់​រការ​ធំ​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ »​ ។​

​អង្គការ​យុវជន​កិច្ចការ​សង្គម​ដែល​មានឈ្មោះ​ ធី​ សុវណ្ណ​ថា​ ធ្វើ​ជា​ប្រធាន​ បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្រសួងមហាផ្ទៃ​ តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​១០២៩៦​ ប្រក​ ចុះ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០០៥​ ។​ ប្រការ​២​នៃ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​១០២៩៦​ ប្រក​ ចុះ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០០៥​ ស្តី​ពី​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល​ បាន​បញ្ជាក់​ថា​ «​ អង្គការ​យុវជន​កិច្ចការ​សង្គម​ ត្រូវធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ជា​ធរមាន​ និង​លក្ខន្តិកៈ​របស់​ខ្លួន​ដូច​បាន​តម្កល់​ទុក​នៅ​ក្រសួងមហាផ្ទៃ​ ដោយ​មិន​មានការ​រើសអើង​ ការ​ប្រកាន់ពូជសាសន៍​ ពណ៌​សម្បុរ​ ភេទ​ ឬ​សាសនា​ណាមួយ​ឡើយ​ »​ ។​

​ក្រុម​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ប្រសិនបើ​សកម្មជន​ និង​ប្រជាពលរដ្ឋ​ធ្លាប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ឈប់​គាំទ្រ​គណបក្ស​នយោបាយ​ប្រឆាំង​មួយ​នេះ​ គួរតែ​ទៅ​ចុះចូល​ជាមួយ​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ ជា​ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ និង​មានទ្រព្យ​សម្បត្តិ​មហាសាល​ ដើម្បី​ស្វែងរក​ផលប្រយោជន៍​ គឺ​គ្មាន​ហេតុផល​ណា​ដែល​សម​ទំនង​ទៅ​ចុះចូល​ជា​សមាជិក​របស់​អង្គការ​យុវជន​កិច្ចការ​សង្គម​ ដូច​ការ​ប្រកាស​របស់​ស្ត្រី​ឈ្មោះ​ ធី​ សុវណ្ណ​ថា​ នោះ​ទេ​ ឬ​មួយ​ស្ត្រី​ឈ្មោះ​ ធី​ សុវណ្ណ​ថា​ ចង់​បង្ហាញ​ប្រាប់​ឲ្យ​ឃើញ​ថា​ ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ «​ មិនសូវ​មាន​ប្រយោជន៍​ »​ ដូច​ការ​ចូល​ជា​សមាជិក​អង្គការ​យុវជន​កិច្ចការ​សង្គម​របស់​ខ្លួន​ ?

​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​ បាន​បញ្ចេញ​ទស្សនៈ​ថា​ ទោះបី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាន់​យក​នូវ​ទ្រឹស្តី​ «​ ឆ្មាស​ ឬ​ ឆ្មា​ខ្មៅ​ក៏​ដោយ​ ឲ្យ​តែ​ចាប់​កណ្តុរ​បាន​ »​ ក៏​ពិតមែន​ ក៏​សកម្មជន​ជាក់ស្តែង​របស់​ស្ត្រី​ឈ្មោះ​ ធី​ សុវណ្ណ​ថា​ ដែល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​ឆ្នាំ​២០១៥​មិន​ជាប់​នោះ​ គឺ​ទំនងជា​ទាញ​ប្រជាប្រិយភាព​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ធ្លាក់​ចុះ​ ច្រើន​ជាង​លើក​ស្ទួយ​ប្រជាប្រិយភាព​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​វិញ​ទេ​ ខណៈ​ស្ត្រី​ឈ្មោះ​ ធី​ សុវណ្ណ​ថា​ និង​បក្ខពួក​ទទួល​បាន​ផលប្រយោជន៍​ជា​ដុំ​កំភួន​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ សកម្មភាព​របស់​ស្ត្រី​ឈ្មោះ​ ធី​ សុវណ្ណ​ថា​ ជា​ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម​បច្ចុប្បន្ន​ គឺ​បាន​ប្រព្រឹត្ត​រំលោភ​បំពាន​ ឬ​ផ្ទុយ​ទៅ​នឹង​មាត្រា​៤​ កថាខណ្ឌ​ទី​២​ នៃ​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៨១៥/០១០​ ចុះ​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៥​ និង​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​១០២៩៦​ ប្រក​ ចុះ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល​ ។​

​កាលពី​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ លោក​ ឡេ​ង​ សេង​ហុង​ ប្រធាន​សហព័ន្ធ​និស្សិត​ បញ្ញវន្ត​កម្ពុជា​ ធ្លាប់​បាន​ស្នើ​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ពិនិត្យ​មើល​ និង​មាន​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​សកម្មជន​របស់​ស្ត្រី​ឈ្មោះ​ ធី​ សុវណ្ណ​ថា​ ជា​ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម​នោះ​ផង​ដែរ​ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ឆ្លើយ​តប​ជា​វិជ្ជមាន​ឡើយ​ ។​

​ដូច្នេះ​ ល្បែង​លេង​ដែល​មិន​សម​ទំនង​របស់​ស្ត្រី​វ័យក្មេង​ឈ្មោះ​ ធី​ សុវណ្ណ​ថា​ ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម​ គប្បី​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​ធ្វើការ​ពិចារណា​ឲ្យ​បាន​ដិត​ដល់​ និង​សូម​សំណូមពរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ត្រូវជា​ «​ តា​ »​ របស់​ស្ត្រី​ឈ្មោះ​ ធី​ សុវណ្ណ​ថា​ និង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មេត្តា​មាន​វិធានការ​ផ្លូវច្បាប់​ផង​ ដើម្បី​លើក​ស្ទួយ​យុត្តិធម៌​សង្គម​ និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.