ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

មេគណបក្សនយោបាយ​ដែល​ធ្លាប់​ជាប់​ឈ្មោះ​ជា​ទណ្ឌិត ក្រោម​អំណាចតុលាការ និង​កណ្ដាប់ដៃ​បុរស​ខ្លាំង តែ​ទទួលបាន​ការលើកលែង​ទោស​វិញ តាម​សំណើ​បុរស​ខ្លាំង​ដដែល​

​មាន​អ្នកនយោបាយ​ខ្មែរ ដែលជា​ប្រធាន និង​ជា​អនុប្រធាន​គណបក្ស​ច្រើន​នាក់​ហើយ​ធ្លាប់​ជាប់​ឈ្មោះ​ជា​ទណ្ឌិត ក្រោម​អំណាច​កាត់ក្ដី​រប​ស់​ស្ថាប័ន​តុលាការ​កម្ពុជា​ល្បី​ខាង​មិន​ឯករាជ្យ និង​កណ្ដាប់ដៃ​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​ទទួលបាន​ការលើកលែង​ទោស​ពី​អង្គ​ព្រះមហាក្សត្រ តាម​សេចក្ដីក្រាបបង្គំទូលថ្វាយ​របស់​បុរស​ខ្លាំង​វិញ​របៀប «​ចង​ហើយ ស្រាយ​វិញ​» ដូច​រាយ​ឈ្មោះ​ខាងក្រោម ៖

១-​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្លាប់​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ចំនួន​២​លើក និង​ទទួលបាន​ការលើកលែង​ទោស​ក៏​ចំនួន​២​លើក​ដែរ គឺ​លើក​ទី​១ នា​អំឡុង​ឆ្នាំ​១៩៩៨ និង​លើក​ទី​២ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩០៨/១០៥៦ ចុះ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០០៨ ។​

២-​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ចំនួន​៣​លើក តែ​ធ្លាប់​ទទួលបាន​ការលើក​លែង​ទោស​ចំនួន​២​លើក គឺ​លើក​ទី​១ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០២០៦/០៦៨ ចុះ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០០៦ និង​លើក​ទី​២ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៧១៣/៨២៧ ចុះ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៣ ( អាចនឹងទទួល​បានកា​រ​លើកលែងទោស​នៅលើ​ក​ទី​៣​ទៀត ) ។​

៣-​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ធ្លាប់​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ចំនួន​១​លើក និង​ទទួលបាន​ការលើកលែង​ទោស​វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៧១៥/៧០៨ ចុះ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៥ ។​

៤-​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ( បច្ចុប្បន្ន​ជា​ប្រធានស្ដីទី​គណបក្ស ) ធ្លាប់​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ចំនួន​១​លើក និង​ទទួលបាន​ការលើកលែង​ទោស​ចំនួន​១​លើក​ដែរ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១២១៦/១១០៥ ចុះ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៦ ។ ឯកឧត្តម កឹម សុខា កាល​អតីត​នៅ​កាន់តំណែង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ធ្លាប់បាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​នា​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០០៥ និង​ត្រូវបាន​ស្ថាប័ន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្ដោះអាសន្ន​ភ្លាមៗ​ទាំងអយុត្តិធម៌​ ប៉ុន្តែ​ទទួលបាន​ការដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នា​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០០៦ ដោយ​ជាប់​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ​នៅ​ស្ថាប័ន​តុលាការ ។​

​គួរបញ្ជាក់​ជូន​ដែរ​ថា ក្នុងចំណោម​អ្នកនយោបាយ​ខ្មែរ​ទាំង​៤​នាក់ ដែល​ជាប់​ឈ្មោះ​ជា​ទណ្ឌិត និង​ទទួលបាន​ការលើកលែង​ទោស​ពី​អង្គ​ព្រះមហាក្សត្រ​តាម​សេចក្ដីក្រាបបង្គំទូលថ្វាយ ( សំណើ ) របស់​បុរស​ខ្លាំង​នោះ គឺ​សុទ្ធតែ​មិនបាន​អនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ ស្របតាម​ក្រឹត្យ​លេខ​២៨ ក្រ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៨៨ ស្ដីពី​ការលើកលែងទោស និង​បន្ធូរ​បន្ថយទោស ដ៏​ចាស់គំរឹល ពាក់ព័ន្ធ​នឹង​ទោសទណ្ឌ​របស់ខ្លួន​សម្រេច​ដោយ​តុលាការ​ឡើយ ពោល​ស្រេច​លើ​កណ្ដាប់ដៃ​អំណាច​របស់​បុរស​ខ្លាំង​ទាំងស្រុង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.