ថ្ងៃ អង្គារ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧

យន្ដហោះចម្បាំងរបស់អង់គ្លេសនឹងហោះហើរទៅកាន់តំបន់សមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះ

សារព័ត៌មាន Reuters ដែលដកស្រង់សម្ដីរបស់លោក Kim Darroch ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិកបានផ្សព្វផ្សាយកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញឲ្យដឹងថា យន្ដហោះចម្បាំងរបស់អង់គ្លេសនឹងធ្វើការហោះហើរទៅកាន់ប្រទេសជប៉ុន ហើយនឹងបន្តហោះហើរទៅកាន់តំបន់សមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះរវាងប្រទេសចិន និងបណ្ដាប្រទេសមួយចំនួន ។ លើសពីនេះ អង់គ្លេសក៏នឹងបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងទៅកាន់តំបន់មហាសមុទ្រប៉ាស៊ីហ្វិកផងដែរ ដែលនឹងប្រតិបត្តិការនៅឆ្នាំ២០២០ខាងមុខ ។

លោកឯកអគ្គរដ្ឋទូតអង់គ្លេសបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង Washington ឲ្យដឹងថា យន្ដហោះចម្បាំងរបស់អង់គ្លេសត្រូវបានដាក់ពង្រាយ និងត្រៀមធ្វើការហោះហើរទៅកាន់ប្រទេសជប៉ុន រួចហើយបន្តទៅកាន់តំបន់សមុទ្រចិនខាងត្បូង ដែលជាតំបន់កំពុងមានស្ថានភាពតានតឹងខ្លាំងរវាងប្រទេសចិន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ី ។

យន្ដហោះចម្បាំងរបស់អង់គ្លេសចំនួន៤គ្រឿងបានទៅដល់ប្រទេសជប៉ុនរួចហើយកាលពីខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗ ដើម្បីចូលរួមសមយុទ្ធយោធាជាមួយកងកម្លាំងទាហានជើងអាកាសរបស់ជប៉ុន ខណៈប្រទេសជប៉ុនកំពុងមានជម្លោះជាមួយប្រទេសចិនក្នុងរឿងអធិបតេយ្យ និងបូរណភាពទឹកដីនៅតំបន់សមុទ្រចិនខាងកើត ព្រមទាំងរួមបញ្ចូលនូវជម្លោះតំបន់សមុទ្រចិនខាងត្បូងទៀតផង ។

លោក Kenichiro Sasae ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំសហរដ្ឋអាមេរិកបានថ្លែងឲ្យដឹងថា ជប៉ុនស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការខាងយោធារបស់អង់គ្លេសជាមួយជប៉ុន ដើម្បីចូលរួមធានាសុវត្ថិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីទាំងមូល ៕

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.