ថ្ងៃ អាទិត្យ ទី ១៩ ខែ កម្ភៈ ឆ្នាំ ២០១៧

អនុប្រធាន​គណបក្សប្រឆាំង​ទទួល​បានការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​

​នៅ​ទីបំផុត​ ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ (​បច្ចុប្បន្ន​ជា​ប្រធាន​ស្តីទី​គណបក្ស​)​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រាស់​បង្គាប់​លើកលែងទោស​ជា​ស្ថាពរ​ បន្ទាប់​ពី​ឯកឧត្តម​ កឹ​ម​ សុខា​ ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ ដោយ​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​សាលាឧទ្ធរណ៍​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​០៥​ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨០​ម៉ឺន​រៀល​ ពី​បទ​ បដិសេធ​ក្នុង​ការ​ចូលខ្លួនតាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​១៣០​ «​ ក្រ​I.​សវ​ »​ ចុះ​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ របស់​សាលាឧទ្ធរណ៍​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៦/១១០៥​ ចុះ​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៦​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​បន្ទាប់​ពី​មានការ​បន្ទន់ឥរិយាបថ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​បុរស​ខ្លាំង​ជា​ប្រធាន​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា​នោះ​ កាលពី​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៦​ម្សិលមិញ​ ឯកឧត្តម​ កឹ​ម​ សុខា​ បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ សុំ​ឲ្យ​មានការ​យោគយល់​ ដើម្បី​ស្នើ​សុំ​អង្គ​ព្រះមហាក្សត្រ​ប្រោស​ព្រះ​រាជទាន​លើកលែងទោស​ជូន​ឯកឧត្តម​ ។​ បន្ទាប់​មក​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​លេខ​១១១៤​លស​ ចុះ​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៦​ ក្នុង​នាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ សូម​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ទ្រង់​ព្រះរាជ​តម្រិះ​នៅ​លើ​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​លើកលែងទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ​ កឹ​ម​ សុខា​ រួច​ហើយ​នៅ​ថ្ងៃ​ដដែល​នេះ​ ព្រះមហាក្សត្រ​ក៏​បាន​ឡាយព្រះហស្តលេខា​នៅ​លើ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៦/១១០៥​ ចុះ​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៦​ ត្រាស់​បង្គាប់​លើកលែងទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ​ កឹ​ម​ សុខា​ តែ​ម្តង​ ។​

​គួរ​រំលឹក​ជូន​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ កំពុង​និរទេស​ខ្លួន​នៅ​ឯ​បរទេស​ និង​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្លាប់​បាន​ចុះហត្ថលេខា​រួម​គ្នា​នៅ​លើ​លិខិតផ្លូវការ​មួយ​ ក្រាប​បង្គំ​ទូល​ថ្វាយ​អង្គ​ព្រះមហាក្សត្រ​ សូម​ព្រះរាជ​តម្រិះ​ឲ្យ​មានការ​លើកលែងទោស​ និង​ទម្លាក់​ចោលការ​ចោទប្រកាន់​ពី​សំណាក់​តុលាការ​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រួច​ម្តង​មក​ហើយៗ​ត្រូវ​បាន​អង្គ​ព្រះមហាក្សត្រ​បញ្ជូន​សំណើ​នោះ​ជូន​នាយក​រដ្ឋមន្ត្រី​ពិនិត្យ​ តាម​ព្រះរាជ​សារ​ចុះ​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៦​ ។​ បន្ទាប់​មក​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​លេខ​៩៣៤​លស​ ចុះ​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៦​ ក្រាប​បង្គំ​ទូល​ថ្វាយ​អង្គ​ព្រះមហាក្សត្រ​វិញ​ ដោយ​បាន​បញ្ជាក់​ថា​ ករណី​របស់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ និង​ករណី​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ គឺជា​រឿង​អនុវត្ត​ច្បាប់​សុទ្ធសាធ​ និង​ជា​កិច្ចការ​របស់​តុលាការ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ឥឡូវនេះ​ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ ទាំង​លោក​ សម​ រ​ង្ស៊ី​ ជា​ប្រធាន​គណបក្ស​ ទាំង​ឯកឧត្តម​ កឹ​ម​ សុខា​ ជា​អនុប្រធាន​គណបក្ស​ សុទ្ធតែ​ធ្លាប់​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ និង​ទទួល​បានការ​លើកលែងទោស​ពី​អង្គ​ព្រះមហាក្សត្រ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ដូច​គ្នា​ ៕​

 

 

Loading...
Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.