ថ្ងៃ សុក្រ ទី ២១ ខែ កក្កដា ឆ្នាំ ២០១៧

អំពើ​ពុក​ផុយ​ ស្អុយរលួយ​ របស់​នាយក​វិទ្យាល័យ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ត្រើយ​ស្លា​ បង្ក​ឲ្យ​សិស្ស​ផ្ទុះ​ការ​តវ៉ា​មិន​ព្រម​ចូល​រៀន​

​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ សិស្សានុសិស្ស​ច្រើន​រយ​នាក់​សិក្សា​នៅ​វិទ្យាល័យ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ត្រើយ​ស្លា​ ឋិត​នៅ​ភូមិ​ព្រែក​ប៉ាន​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ បាន​នាំ​គ្នា​ផ្ទុះ​កំហឹង​តវ៉ា​មិន​ព្រម​ចូល​រៀន​ ដោយសារ​ស៊ូទ្រាំ​មិន​បាន​ទៅ​នឹង​អំពើ​ពុក​រលួយ​របស់​លោក​ សុខ​ ពៅ​ ជានា​យក​វិទ្យាល័យ​ ។​

​បដា​តវ៉ា​របស់​សិស្សានុសិស្ស​បាន​សរសេរ​ថា​ «​ ម្តាយ​ឪពុក​ខ្ញុំ​ជា​អ្នកក្រ​ ខ្ញុំ​គ្មាន​លុយ​ឲ្យ​អ្នក​ស៊ី​តាម​ចិត្ត​ទេ​ »​ ។​ «​ ខ្ញុំ​មិន​ត្រូវការ​នាយក​សាលា​និយាយ​គំរាមកំហែង​ដូច​អ្នក​ទេ​ »​ ។​ «​ ខ្ញុំ​យល់​ឃើញ​ថា​ បញ្ហា​មួយ​ចំនួន​យក​លុយ​ដោះស្រាយ​ »​ ។​ «​ លុយ​ ២​ ៥០០​រៀល​ បាន​ពី​សិស្ស​ម្នាក់ៗ​ដោយសារ​ការ​លក់​ពាក្យសុំ​ចូល​រៀន​យក​ទៅ​ធ្វើ​អ្វី​ ?​ »​ ។​

​ក្រុម​សិស្សានុសិស្ស​ក៏​បាន​សំណូមពរ​ផង​ដែរ​ថា​ សូម​បញ្ឈប់​ការ​យក​លុយ​ម៉ោង​កីឡា​ពី​សិស្ស​ម្នាក់ៗ​ចំនួន​ ៥០០​រៀល​ក្នុង​១​ខែ​ បញ្ឈប់​ការ​យក​លុយ​ម៉ោង​ពលកម្ម​-​កសិកម្ម​ពី​សិស្ស​ម្នាក់ៗ​ចំនួន​ ២​ ០០០​រៀល​ក្នុង​១​ខែ​ បញ្ឈប់​ការ​យក​លុយ​ទិញ​ពាក្យសុំ​ចូល​រៀន​ពី​សិស្ស​ម្នាក់ៗ​ចំនួន​ ២​ ៥០០​រៀល​ បញ្ឈប់​ការ​យក​លុយ​ពី​សិស្ស​រៀន​ខ្សោយ​ ចំនួន​ពី​១០​ដុល្លារ​ទៅ​២០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ម្នាក់ៗ​ ដើម្បី​បន្ថែម​ពិន្ទុ​ឲ្យ​ឡើង​ថ្នាក់​ បញ្ឈប់​ការ​យក​លុយ​ពី​សិស្ស​ម្នាក់ៗ​ចំនួន​ ២​ ០០០​រៀល​ ពេល​សិស្ស​ខ្ចី​សៀវភៅពុម្ព​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ទៅ​សិក្សា​ និង​បញ្ឈប់​ការ​យក​លុយ​ពេល​សិស្ស​មិន​គោរព​បទបញ្ជាផ្ទៃក្នុង​សាលា​ ដោយ​ត្រូវ​អនុវត្ត​តាម​វិន័យ​របស់​សាលា​វិញ​ ។​

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត​ គឺ​នៅ​ពេល​អ្នក​សារព័ត៌មាន​ចុះ​ទៅ​យក​ព័ត៌មាន​ និង​ផ្តិត​យក​រូបភាព​ក្នុង​ហេតុការណ៍​ផ្ទុះ​ការ​តវ៉ា​របស់​សិស្សានុសិស្ស​វិទ្យាល័យ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ត្រើយ​ស្លា​ នោះ​ ត្រូវ​បាន​លោកនាយក​វិទ្យាល័យ​ឈ្មោះ​ សុខ​ ពៅ​ និយាយ​គំរាម​ និង​ចង្អុលមុខ​មក​លើ​អ្នកកាសែត​ថា​ «​ អ្នកកាសែត​ឯង​អត់​មាន​សិទ្ធិ​ចុះ​យក​ព័ត៌មាន​ និង​ថតរូប​ភាព​នៅ​ទី​នេះ​ទេ​ លុះត្រាតែ​មានការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ជា​មុន​ »​ (Sic!)​ ។​

​សូម​ឯកឧត្តម​បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​លោក​ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តកណ្តាល​ មេត្តា​ជួយ​មាន​វិធានការ​ដោះស្រាយ​ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​របស់​លោកនាយក​វិទ្យាល័យ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ត្រើយ​ស្លា​ ឈ្មោះ​ សុខ​ ពៅ​ នោះ​ផង​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​សិស្សានុសិស្ស​ និង​អាណាព្យាបាល​របស់​សិស្ស​ដែល​រង​គ្រោះ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.