ថ្ងៃ ពុធ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧

មេ CIA ព្រមានសេដ្ឋី Donald Trump រឿងទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី និងអ៊ីរ៉ង់

សារព័ត៌មាន BBC បានផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញឲ្យដឹងថា លោក John O.Brennan នាយកភ្នាក់ងារ CIA (Central Intelligence Agency-CIA) របស់អាមេរិកបានធ្វើការព្រមានទៅលើលោក Donald Trump ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកថា ត្រូវបញ្ឈប់នូវគម្រោងលុបកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ពីព្រោះគម្រោងបែបនេះជាអំពើ «ឆ្កួតលីលា» និងធ្វើឲ្យកើតមានជម្លោះកាន់តែធំឡើងៗក្នុងពិភពលោក ។

ក្រៅពីកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់នោះ លោក John O.Brennan ក៏បានផ្ដល់ដំបូន្មានដល់លោក Donald Trump ផងដែរថា ត្រូវតែប្រយ័ត្នប្រយែងចំពោះរាល់ការសន្យាផ្សេងៗរបស់ប្រទេសរុស្ស៊ី ដែលឋិតក្រោមការរិះគន់យ៉ាងច្រើនពាក់ព័ន្ធនឹងក្ដីវិនាសអន្តរាយនៅក្នុងប្រទេសស៊ីរី ។

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកនោះ បេក្ខភាពប្រធានាធិបតី Donald Trump ធ្លាប់បានប្រកាសថា នឹងលុបចោលកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ និងបានព្រលយពាក្យទៀតថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី ។

លោក John O.Brennan អាយុ៦១ឆ្នាំ បានចូលកាន់តំណែងជានាយកភ្នាក់ងារ CIA របស់អាមេរិកនាឆ្នាំ២០១៣ ហើយលោកប្រកាសថា នឹងលាលែងពីមុខតំណែងនៅខែមករា ឆ្នាំ២០១៧ខាងមុខ ខណៈលោក Donald Trump ឡើងកាន់តំណែងជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.