ថ្ងៃ ពុធ ទី ២២ ខែ មីនា ឆ្នាំ ២០១៧

រឿង​ក្តៅ​ទៀត​ហើយ​ !​ តួ​ក​គី​អះអាង​អំពី​ការ​ប្រើ​កម្លាំង​ទ័ព​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ី​រី​ របស់​លោក​ Bashar​ al-Assad​ គាំទ្រ​ដោយ​រុ​ស្ស៊ី​

​សារព័ត៌មាន​ Russian​ Today​ របស់​រុ​ស្ស៊ី​ បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​ ឲ្យ​ដឹង​ថា​ លោក​ Recep​ Tayyip​ Erdogan​ ប្រធានាធិបតី​តួ​ក​គី​ ដែល​ជា​ប្រទេស​មួយ​ឋិត​ក្នុង​បក្សសម្ព័ន្ធ​អង្គការ​ NATO​ របស់​សហរដ្ឋអាមេរិក​ បាន​អះអាង​អំពី​ការ​ប្រើប្រាស់​កម្លាំង​ទ័ព​វាយ​ផ្តួលរំលំ​របប​ដឹកនាំ​របស់​លោក​ Bashar​ al-Assad​ ប្រធានាធិបតី​ស៊ី​រី​ ដែល​លោក​ធ្លាប់​ចោទប្រកាន់​ថា​ ជា​ភេរវ​ករ​ និង​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​ស៊ី​រី​ស្លូតត្រង់​ជិត​១​លាន​នាក់​ ។​ ការ​អះអាង​របស់​លោក​ប្រធានាធិបតី​តួ​ក​គី​ Recep​ Tayyip​ Erdogan​ បែប​នេះ​ ដោយសារ​លោក​យល់​ឃើញ​ថា​ អង្គការសហប្រជាជាតិ​គ្មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី​ទាល់តែ​សោះ​ ។​

​សង្គ្រាមស៊ីវិល​នៅ​ប្រទេស​ស៊ី​រី​បាន​ចាប់ផ្តើម​កើត​មាន​ឡើង​កាលពីដើម​ឆ្នាំ​២០១១​រហូត​មក​ទល់​បច្ចុប្បន្ន​ ដោយ​មានការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​របស់​លោក​ Bashar​ al-Assad​ និង​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ី​រី​សព្វថ្ងៃ​ ព្រមទាំង​មាន​កងកម្លាំង​ឧទ្ទាម​អ៊ី​ស្លា​ម​បំបែក​រដ្ឋ​ (ISIS)​ ផង​ដែរ​ ។​

​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​របស់​លោក​ Bashar​ al-Assad​ ត្រូវ​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ និង​ប្តូរផ្តាច់​ដោយ​មហាអំណាច​រុ​ស្ស៊ី​ និង​ប្រទេស​អ៊ី​រ៉​ង់​ ។​ រុ​ស្ស៊ី​ និង​អ៊ី​រ៉​ង់​បាន​យក​ហេតុផល​វាយប្រហារ​ទៅ​លើ​ក្រុម​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ និង​ក្រុម​ ISIS​ ដើម្បី​ជួយ​គាំទ្រ​ដល់​របប​ដឹកនាំ​របស់​លោក​ Bashar​ al-Assad​ ។​

​រីឯ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ Bashar​ al-Assad​ នោះ​ ធ្លាប់​ត្រូវ​បាន​គាំទ្រ​ដោយ​មហាអំណាច​អា​មេ​រិ​ក​ អង់គ្លេស​ បារាំង​ តួ​ក​គី​ និង​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ​ NATO​ មួយ​ចំនួន​ទៀត​ ។​ អា​មេ​រិ​ក​ និង​សម្ព័ន្ធមិត្ត​យក​ហេតុផល​វាយប្រហារ​ទៅ​លើ​ក្រុម​ ISIS​ ដើម្បី​យក​ទឹកដី​ដែល​រំដោះ​បាន​ពី​ក្រុម​ ISIS​ ប្រគល់​ឲ្យ​ទៅ​ក្រុម​ប្រជាធិបតេយ្យ​ស៊ី​រី​ ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ Bashar​ al-Assad​ យ៉ាង​ក្តៅ​គគុក​ ។​

​សហរដ្ឋអាមេរិក​ អង់គ្លេស​ បារាំង​ និង​សម្ព័ន្ធមិត្ត​អង្គការ​ NATO​ សុទ្ធតែ​ធ្លាប់​បាន​ចាត់​ទុក​ថា​ ការ​ផ្តួលរំលំ​រដ្ឋាភិបាល​លោក​ Bashar​ al-Assad​ គឺជា​ការ​ចាំបាច់​បំផុត​ ពីព្រោះ​លោក​ប្រធានាធិបតី​ស៊ី​រី​ Bashar​ al-Assad​ មាន​បាតដៃ​ប្រឡាក់​ឈាម​មនុស្ស​ស្លូតត្រង់​ស៊ី​រី​ជាង​៤០​ម៉ឺន​នាក់​ ។​ លើស​ពី​នេះ​ ក្រុម​សម្ព័ន្ធមិត្ត​អង្គការ​ NATO​ ក៏​ធ្លាប់​បាន​ចោទប្រកាន់​ទៅ​លើ​រុ​ស្ស៊ី​ផង​ដែរ​ថា​ បាន​បំពាន​លើ​បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ដែល​ត្រូវ​ផ្តន្ទាទោស​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ (ICC)​ ពីព្រោះ​រុ​ស្ស៊ី​ និង​រដ្ឋាភិបាល​ស៊ី​រី​បាន​បើក​ការ​វាយប្រហារ​សម្លាប់​មនុស្ស​ស្លូតត្រង់​អស់​ជា​ច្រើន​នាក់​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​ ។​

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ទៀត​នោះ​ គឺ​សង្គ្រាមស៊ីវិល​នៅ​ប្រទេស​ស៊ី​រី​ មានការ​ប្រើប្រាស់​នូវ​អាវុធ​គីមី​សាស្ត្រ​ដ៏​គ្រោះថ្នាក់​ទៀត​ផង​ ។​

​ផ្ទុយ​ពី​គោលនយោបាយ​ការ​បរទេស​របស់​លោក​ Barack​ Obama​ ប្រធានាធិបតី​ទី​៤៤​របស់​សហរដ្ឋអាមេរិក​ជិត​ផុត​អាណត្តិ​ និង​បក្សសម្ព័ន្ធ​អង្គការ​ NATO​ ដែល​ត្រូវការ​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ី​រី​របស់​លោក​ Bashar​ al-Assad​ ជា​ចាំបាច់​នោះ​ គឺ​លោក​ Donald​ Trump​ ដែល​ទើប​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​ និង​គ្រោង​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៧​ខាង​មុខ​ បែរជា​មាន​គោលនយោបាយ​ការ​បរទេស​ដូច​ ឬ​ស្របគ្នា​ទៅ​នឹង​រុ​ស្ស៊ី​ទៅ​វិញ​ ពោល​ត្រូវ​កំណត់​គោលដៅ​វាយ​កម្ទេច​ទីតាំង​ក្រុម​ឧទ្ទាម​ ISIS​ នៅ​ស៊ី​រី​ ប្រសើរ​ជាង​បង្ខំ​ឲ្យ​លោក​ Bashar​ al-Assad​ ប្រធានាធិបតី​ស៊ី​រី​ចុះ​ចេញពី​តំណែង​ ដោយ​អះអាង​ថា​ អាច​នាំ​ឲ្យ​អា​មេ​រិ​ក​ធ្លាក់​ទៅ​ក្នុង​ជម្លោះ​ជាមួយ​រុ​ស្ស៊ី​ និង​អ៊ី​រ៉​ង់​ ។​

​ឥឡូវនេះ​ ការ​អះអាង​របស់​លោក​ប្រធានាធិបតី​ប្រទេស​តួ​ក​គី​ Recep​ Tayyip​ Erdogan​ ដែល​ត្រូវ​ប្រើ​កម្លាំង​ទ័ព​វាយ​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ី​រី​របស់​លោក​ Bashar​ al-Assad​ នោះ​ គឺ​នាំ​ឲ្យ​កើតរឿង​ក្តៅ​នៅ​ស៊ី​រី​ទៀត​ហើយ​ បន្ថែម​ទៅ​លើក​ម្តៅ​មាន​ស្រាប់​ ដោយសារ​គេច​មិន​ផុត​ពី​ការ​ប៉ះទង្គិច​ជាមួយ​រុ​ស្ស៊ី​ និង​អ៊ី​រ៉​ង់​ឡើយ​ ។​

​លោក​ Bashar​ al-Assad​ អាយុ​៥១​ឆ្នាំ​ បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ស៊ី​រី​នា​ឆ្នាំ​២០០០​ បន្ត​ពី​លោក​ Hafez​ al-Assad​ ត្រូវជា​ឪពុក​ដែល​អតីត​ជា​ប្រធានាធិបតី​ស៊ី​រី​ចាប់ពី​អំឡុង​ឆ្នាំ​១៩៧១​ដល់​ឆ្នាំ​២០០០​ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.