ពីរដ្ឋធានី Washington DC សហរដ្ឋអាមេរិក លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបុរសខ្លាំងហៅថាជា "ទណ្ឌិត" នោះ បានធ្វើលិខិតមួយច្បាប់លេខ០៨៩/១៦ គសជ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានសម្តែងពីអារម្មណ៍ចូលរួមរំលែកនូវការឈឺចាប់ជាមួយសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងថ្កោលទោសចំពោះអំពើអសីលធម៌ទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ (ករណីអំពើរបស់ជនទាំងឡាយដែលបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ មិនថ្លៃថ្នូរ ប្រមាថ និងចោទប្រកាន់មកលើលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាកូនប្រុសបុរសខ្លាំង) ។ លើសពីនេះ លោក សម រង្ស៊ី បានបញ្ជាក់នៅក្នុងសារលិខិតដដែលថា "គោលនយោបាយគណបក្សសង្គ្រោះជាតិប្រឆាំងដាច់ខាតនូវការប្រើប្រាស់អំពើហិង្សា ការលាបពណ៌ ការប្រមាថ និងអំពើទាំងឡាយណាដែលនាំឲ្យមានការឈឺចាប់ដល់អ្នកដទៃ ។ " ។
សារលិខិតរបស់លោក សម រង្ស៊ី ដែលបានជម្រាបជូនបុរសខ្លាំងនៃកម្ពុជានេះ គឺជាគុណធម៌មួយរបស់ថ្នាក់ដឹកនាំ និងបានបង្ហាញអំពីទំនោរនៃការរួបរួមគ្នាក្នុងរង្វង់អ្នកនយោបាយខ្មែរ ។
ទោះយ៉ាងណាក៏ដោយ គេមិនទាន់អាចទស្សន៍ទាយបានថា តើសារលិខិតរបស់លោក សម រង្ស៊ី អាចបន្ធូរបន្ថយ ឬបញ្ចុះកំដៅនយោបាយនៃភាពខ្វែងគ្នារវាងគណបក្សនយោបាយទាំងពីរ ដែលមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ (គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ) បានដែរឬទេ និងក្នុងកម្រិតណានោះនៅឡើយ ៕