ថ្ងៃ សុក្រ ទី ២៥ ខែ កក្កដា ឆ្នាំ 2014
0

តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្សប្រឆាំង​និយាយ​មិន​ស៊ីចង្វាក់​គ្នា​ទាក់ទង​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌​មានឈ្មោះ​មនសិការ​ខ្មែរ​

​កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​កន្លង​មក​ សារព័ត៌មាន​ក្នុងស្រុក​មួយ​ឈ្មោះ​មនសិការ​ខ្មែរ​ ដែល​មាន​ឯកឧត្តម​ ដាំ​ សិទ្ធិ​ អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ ជា​ចាងហ្វាង​នោះ​ បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា​ "​កឹ​ម​ សុខា​ ៖​ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃ​ការ​លួច​បន្លំ​លទ្ធផល​បោះ​ឆ្នោត​ និង​បញ្ជូន​កម្លាំងប្រដាប់អាវុធ​មក​ឡោម​ព័ទ្ធ​ប្លន់​យកជ័យ​ជម្នះ​ប្រជារាស្ត្រ​ខ្មែរ​"​ ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ភ្លាមៗ​ដល់​អង្គភាព​ក្រុមការងារ​អន្តរក្រសួង​ សម្របសម្រួល​ព័ត៌មាន​សមរភូមិ​ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​អនុប្រធាន​ប្រចាំការ​អង្គភាព​ក្រុមការងារ​អន្តរក្រសួង​សម្របសម្រួល​ព័ត៌មាន​សមរភូមិ​ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​ចេញ​លិខិតផ្លូវការ​មួយ​ចុះ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ទៅ​ចាងហ្វាង​សារព័ត៌មាន​មនសិការ​ខ្មែរ​ ទាមទារ​ឲ្យ​មានការ​ពន្យល់​ឲ្យ​បាន​ច្បាស់​អំពី​ចំណងជើង​ ពាក្យពេចន៍​បុរស​បុគ្គល​ណា​ និង​បំណង​នៃ​អត្ថបទ​ ដែល​លើក​ឡើង​ពាក់ព័ន្ធ​នឹង​កម្លាំងប្រដាប់អាវុធ​មក​ឡោម​ព័ទ្ធ​ភ្នំពេញ​ប្លន់​យកជ័យ​ជម្នះ​ប្រជារាស្ត្រ​ខ្មែរ​ ដោយ​អង្គភាព​នេះ​បាន​កំណត់​កាលបរិច្ឆេទ​ឲ្យ​អ្នកគ្រប់គ្រង​សារព័ត៌មាន​មនសិការ​ខ្មែរ​ ឆ្លើយ​បំភ្លឺ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ខាង​មុខ​ ។​

​នៅ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ ឯកឧត្តម​ ដាំ​ សិទ្ធិ​ ចាងហ្វាង​សារព័ត៌មាន​មនសិការ​ខ្មែរ​ បាន​ធ្វើការ​បំភ្លឺ​តប​ទៅ​អង្គភាព​ក្រុមការងារ​អន្តរក្រសួង​សម្របសម្រួល​ព័ត៌មាន​សមរភូមិ​ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​រួច​ហើយ​ ដោយ​ភ្ជាប់​ជាមួយនឹង​ Video​ Clip​ ប្រសាសន៍​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​ នៅ​មណ្ឌល​ខេត្តកំពង់ចាម​ ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ជា​ព័ស្តុតាង​ ។​

​ដោយឡែក​ ឯកឧត្តម​ កឹ​ម​ សុខា​ មុន​ពេល​ឡើង​យន្តហោះ​នា​រសៀល​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ឆ្ពោះទៅ​សហរដ្ឋអាមេរិក​ បាន​បញ្ជាក់​ថា​ "​ជា​រឿង​របស់​កាសែត​ ទុក​ឲ្យ​កាសែត​ជា​អ្នក​ដោះស្រាយ​ចុះ​ ។​ ខ្ញុំ​មិន​បានដឹង​ថា​ ពាក្យ​កាសែត​សរសេរ​យ៉ាងដូចម្តេច​ទេ​ ?​ ពាក្យ​ខ្ញុំ​និយាយ​ផ្សេង​ ។​ រឿង​ហ្នឹង​ទុក​ឲ្យ​គេ​ដោះស្រាយ​ជាមួយ​កាសែត​ទៅ​ ។​ "​ ។​

​យោង​តាម​សំអាង​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ និង​ឯកឧត្តម​ ដាំ​ សិទ្ធិ​ ដែល​ជា​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​គ្នា​ ប៉ុន្តែ​និយាយ​មិន​ស៊ីចង្វាក់​គ្នា​ទាក់ទង​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មនសិការ​ខ្មែរ​ ។​

​សូម​រំ​លឹ​ជូន​ដែរ​ថា​ ឯកឧត្តម​ ដាំ​ សិទ្ធិ​ អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ និង​ជា​ចាងហ្វាង​សារព័ត៌មាន​មនសិការ​ខ្មែរ​ ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០០៨​ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​តុលាការ​ ដែល​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​ ជេរ​ប្រមាថ​ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ បន្ទាប់​ពី​សារព័ត៌មាន​នេះ​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដកស្រង់​ប្រសាសន៍​របស់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សម​ រ​ង្ស៊ី​ ថ្លែង​ថា​ "​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ជា​អតីត​មេ​គុក​បឹង​ត្របែក​ក្នុង​របប​ខ្មែរក្រហម​"​ ។​

​ការ​ឃុំខ្លួន​ឯកឧត្តម​ ដាំ​ សិទ្ធិ​ ដាក់​ពន្ធនាគារ​នៅ​ពេល​នោះ​ ត្រូវ​បាន​អ្នកតំណាង​រាស្ត្រ​គណបក្ស​សម​ រ​ង្ស៊ី​ ចំនួន​១២​រូប​ និង​ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ដាក់​ពាក្យ​ចុះ​ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០០៨​ សុំ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ប៉ុន្តែ​មិន​ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឡើយ​ ទាល់តែ​មានការ​ចេញ​មុខ​ធានា​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​លិខិត​ចុះ​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០០៨​ ទើប​លោក​ ឆាយ​ គង់​ អតីត​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ ដាំ​ សិទ្ធិ​ ជា​ជន​ត្រូវ​ចោទ​ បាន​ឋិត​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ។​

​នៅ​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០០៩​ ឯកឧត្តម​ ដាំ​ សិទ្ធិ​ បាន​ធ្វើ​លិខិត​មួយ​ច្បាប់​មាន​ផ្តិត​មេដៃ​ផង​ និង​ចុះហត្ថលេខា​ផង​ គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​អភ័យទោស​ និង​ការ​សន្តោស​ប្រណី​ពី​សំណាក់​បុរស​ខ្លាំង​ ដើម្បី​ឲ្យ​បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ​ ដោយ​ឯកឧត្តម​ ដាំ​ សិទ្ធិ​ សន្យា​អះអាង​ថា​ នឹង​មិន​បន្ត​ការ​បោះពុម្ពផ្សាយ​សារព័ត៌មាន​មនសិការ​ខ្មែរ​តទៅ​ទៀត​ទេ​ បន្ទាប់​ពី​បាន​ទទួល​ការ​សន្តោស​ប្រណី​ពី​បុរស​ខ្លាំង​ ។​

​ក្រោយមក​ មជ្ឈដ្ឋាន​ទូទៅ​មានការ​ភ្ញាក់ផ្អើល​ថា​ ហេតុ​អ្វី​បានជា​ឃើញ​សារព័ត៌មាន​មនសិការ​ខ្មែរ​បោះពុម្ពផ្សាយ​ឡើង​វិញ​ ប៉ុន្តែ​មានការ​ចាប់អារម្មណ៍​នៅ​ត្រង់​ថា​ សារព័ត៌មាន​នេះ​ចុះ​ផ្សាយ​មិន​ហ៊ាន​ប៉ះពាល់​ដល់​បុរស​ខ្លាំង​ និង​មន្ត្រី​ធំៗ​មួយ​ចំនួន​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ចំៗ​ទេ​ គឺ​ត្រឹម​ហ៊ាន​ប៉ះពាល់​មន្ត្រី​តូចតាច​ថ្នាក់​ក្រោម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ ។​ ចំណុច​ត្រង់នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​ បាន​វាយតម្លៃ​ទុកជា​មុន​ថា​ សារព័ត៌មាន​មនសិការ​ខ្មែរ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​មន្ត្រី​មាន​អំណាច​ធំៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ទោះបី​សារព័ត៌មាន​នេះ​បាន​ចុះ​ផ្សាយ​អត្ថបទ​ខ្លះៗ​អំពី​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ​ ៕​

Dam-Sith-1Dam-Sith-4 Dam-Sith

Filed in: Feature, ព័ត៌មានជាតិ

Leave a Reply

Submit Comment

Recent Posts

© ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 015 745 215 E-mail ៖ deumtnotnews@gmail.com
ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
Proudly designed by Theme Junkie.