ថ្ងៃ អង្គារ ទី ០១ ខែ កញ្ញា ឆ្នាំ ២០១៥
4

ទីតាំង​នយោបាយ​សម្រាប់​ឯកឧត្តម​ សម​ រ​ង្ស៊ី​

​ថ្វី​ដ្បិត​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ "២០១៣-២០១៨"​ចំនួន​៥៥​អាសនៈ​ ឬ​មាន​បេក្ខជន​ជាប់​ឆ្នោត​ជា​អ្នកតំណាង​រាស្ត្រ​ចំនួន​៥៥​រូប​ តាម​ការ​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ "​គ​.​ជ​.​ប​"​ ក៏​ដោយ​ ក៏​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ដ៏​មាន​ប្រជាប្រិយភាព​ទាំងមូល​ មិន​មានឈ្មោះ​ជាប់​ជា​អ្នកតំណាង​រាស្ត្រ​នីតិកាល​ថ្មី​នេះ​ទេ​ ។​

បន្ទាប់​ពី​ទទួល​បានការ​លើកលែងទោស​ដោយ​ព្រះមហាក្សត្រ​តាម​សេចក្តី​ទូល​ថ្វាយ​ស្នើ​សុំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ជា​បុរស​ខ្លាំង​នៃ​កម្ពុជា​ នា​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៣​ និង​បាន​ធ្វើ​មាតុភូមិនិវត្តន៍​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ កាលពី​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០១៣​រួច​មក​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដាក់​បញ្ចូល​ឈ្មោះ​ឯកឧត្តម​ក្នុង​បញ្ជី​ផ្លូវការ​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​នៅ​មណ្ឌល​ខេត្តកណ្តាល​ និង​ស្នើ​សុំ​អភ័យឯកសិទ្ធិ​ និង​បុព្វសិទ្ធិ​ជា​តំណាងរាស្ត្រ​របស់​ឯកឧត្តម​ដែល​បាន​បាត់បង់​មក​ឡើង​វិញ​ ប៉ុន្តែ​ត្រូវ​បាន​ច្រានចោល​ជា​បន្តបន្ទាប់​ដោយ​ គ​.​ជ​.​ប​ រដ្ឋសភា​ និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ ។​

​តាម​រយៈ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ឈ្មុសឈ្មុល​នេះ​ បាន​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ មិនមែន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ក្នុង​នាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​មិន​ចង់​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ ឬ​បាន​ជាប់​ឆ្នោត​ជា​អ្នកតំណាង​រាស្ត្រ​នោះ​ទេ​ គឺ​ចង់​ណាស់​ ប៉ុន្តែ​មិន​មានឱកាស​ទទួល​បាន​ ។​ ​

ដូច្នេះ​ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ដើរតួ​ធ្វើ​ជា​គណបក្ស​នយោបាយ​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា​ គឺ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ គ្មាន​ឈ្មោះ​ជា​អ្នកតំណាង​រាស្ត្រ​ទេ​ បាន​ត្រឹម​មានឈ្មោះ​ជា​ប្រធាន​គណបក្ស​ប៉ុណ្ណោះ​ ។​ ផ្ទុយ​ទៅ​វិញ​ បើ​គណបក្ស​សង្គ្រោះ​ជាតិ​ព្រមព្រៀង​ធ្វើ​រាជរដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ គឺ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ក៏​ពិបាក​នឹង​ទទួល​បាន​មុខ​តំណែង​ធំដុំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ដល់​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី​ ឲ្យ​ស័ក្តិសម​នឹង​ប្រជាប្រិយភាព​ និង​ចំណេះដឹង​របស់​ឯកឧត្តម​នោះ​ដែរ​ ពីព្រោះ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ គ្មាន​ឈ្មោះ​ជាប់​ឆ្នោត​ជា​បេក្ខជន​តំណាងរាស្ត្រ​ ។​ ​

តើ​ទីតាំង​នយោបាយ​សម​ស្រប​ណាមួយ​ទៅ​សម្រាប់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ បើ​សមាជិក​រដ្ឋសភា​ក៏​មិន​អាច​ និង​សមាជិក​រាជរដ្ឋាភិបាល​ក៏​មិន​អាច​ ?

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​និង​អ្នក​តាមដាន​ព្រឹតិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ រឿង​ធ្វើ​ជា​អ្នកតំណាង​រាស្ត្រ​សម្រាប់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ គឺ​ហួសពេល​ហើយ​ ដ្បិត​ឯកឧត្តម​ សម​ រ​ង្ស៊ី​ មិន​មានឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ ប៉ុន្តែ​បើ​ធ្វើ​ជាទី​ប្រឹក្សា​រដ្ឋសភា​ ទីប្រឹក្សា​រាជរដ្ឋាភិបាល​ ឬ​ជា​ប្រធាន​ស្ថាប័ន​ផ្សេង​ទៀត​នឹង​អាច​ទៅ​រួច​ ប្រសិនបើ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ចង់​ និង​យល់ព្រម​ និង​ក្នុង​ករណី​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​សម្បទាន​បាន​ ។​ មាន​ន័យ​ថា​ ទីតាំង​នយោបាយ​សម្រាប់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ត្រូវ​តែ​មានការ​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ដាច់ខាត​ ដោយ​មិន​អាច​មើល​រំលង​បាន​ឡើយ​ វៀរលែងតែ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ចង់​ធ្វើ​ត្រឹម​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​មុខ​គត់​ ។​

​ក្រុម​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ក្នុង​ករណី​ឯកឧត្តម​ សម​ រ​ង្ស៊ី​ មិន​មានឈ្មោះ​ជា​សមាជិក​រដ្ឋសភា​ក៏​ដោយ​ ក៏​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​ទាំងមូល​ ក៏​អាច​ជួយ​ជាតិ​ និង​ប្រជាពលរដ្ឋ​បាន​ដែរ​ តាម​រយៈ​យន្តការ​នៃ​ការ​ឃ្លាំមើល​ និង​ការ​រិះគន់​ស្ថាបនា​ ដែល​ការ​រិះគន់​នេះ​នឹង​មិន​មាន​ភាព​ទើសទាល់​ទៀត​ផង​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ អាច​នឹង​ជាប់​ឈ្មោះ​ជា​វីរបុរស​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ក្នុង​ដួងចិត្ត​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ជា​ច្រើន​លាន​នាក់​ ដោយសារ​តែ​ឯកឧត្តម​ធ្វើ​នយោបាយ​មិន​យក​លាភសក្ការៈ​ និង​បុណ្យស័ក្តិ​ជា​ត្រីមុខ​ ៕​

DSC02212

loading...
Filed in: Feature, ព័ត៌មានជាតិ

Leave a Reply

Submit Comment

Recent Posts

Bookmark and Promote!

Pop Up Sidebar

Drag Widgets to this widget area from Dashboard -> Appearance -> Widgets

© ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 015 745 215, 015 816 968 E-mail ៖ deumtnotnews@gmail.com
ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
Proudly designed by Theme Junkie.