ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ កក្កដា ឆ្នាំ 2014
0

ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ប៉ុ​ល​សា​រឿ​ន​ចាញ់ក្ដី​ក្នុង​រឿង​វិវាទ​ដីធ្លី​នៅ​ប៉ោយ​ប៉ែ​ត​

ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​បួន​ ប៉ុ​ល​ សា​រឿ​ន​ អាយុ​៦៣​ឆ្នាំ​ អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​ទីប្រឹក្សា​ផ្ទាល់​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ដ្រី​ និង​លោក​ជំទាវ​​​ ណុ​ព្វ​ ស៊ី​ដា​រ៉ា​ ជាប់​ឈ្មោះ​ពាក់ព័ន្ធ​នឹង​ក្រុម​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជា​២០​គ្រួសារ​ផ្សេង​ទៀត​ ក្នុង​រឿង​វិវាទ​ដីធ្លី​មួយ​កន្លែង​ ឋិត​នៅ​ភូមិ​បា​លិ​លេ​យ្យ​ សង្កាត់​ ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដ​បន្ទាយ​មាន​ជ័យ​ ជាមួយ​ឈ្មោះ​ ណា​ លឹ​ម​ហ៊ុយ​ ។​

​សាលាដំបូង​ខេត្ដ​បន្ទាយ​មាន​ជ័យ​ដែល​មាន​លោក​ ធា​ម​ ច័ន្ទ​ ពិសិដ្ឋ​ ជា​ចៅក្រម​ជំនុំជម្រះ ​ធ្លាប់​បាន​វិនិច្ឆ័យ​សេចក្ដីសម្រេច​ឱ្យ​ឯកឧត្ដម​ ប៉ុ​ល​ សា​រឿ​ន ​និង​លោក​ជំទាវ​ ណុ​ព្វ​ ស៊ី​ដា​រ៉ា​ ព្រមទាំង​ប្រជាពលរដ្ឋ​ប្រមាណ​ជា​២០​គ្រួ​សារ​ផ្សេង​ទៀត​ តំណាង​ដោយ​ស្ដ្រី​ឈ្មោះ​លួស​ វ​ណ្ណី​ និង​ស្ដ្រី​ឈ្មោះ​ គឹ​ម​ ហួយ​ ចាញ់ក្ដី​ឈ្មោះ​ ណា​ លឹ​ម​ហ៊ុយ​ ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​នេះ ​តាម​សាលក្រម​រដ្ឋប្បវេណី​លេខ​១០“​ង​”​ចុះ​ថ្ងៃ​ទី​៣០​ខែឧសភា​ឆ្នាំ​២០១២​ ។ សាលក្រម​របស់​សា​លា​ដំបូង​ខេត្ដបន្ទាយមានជ័យ​នេះ​ត្រូវ​បាន​ក្រុម​ភាគី​អ្នក​ចាញ់ក្ដី​ប្រមូល​គ្នា​ប្ដឹង​ឧទ្ធរណ៍​បន្ដ​ទៀត​ ។​

​ការណ៍​ដែល​តុលាការ​សាលា​ដំបូង​ខេត្ដបន្ទាយមានជ័យ​កាត់ក្ដី​សម្រេច​ឱ្យ​ឯកឧត្ដម​ ប៉ុ​ល​ សា​រឿ​ន​ និង​លោក​ជំទាវ​ ព្រមទាំង​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជា​២០​គ្រួ​សារ​ផ្សេង​ទៀត​ចាញ់ក្ដី​ឈ្មោះ​ ណា​ លឹ​ម​ហ៊ុយ​ ពីព្រោះ​ឯកឧត្ដម ​ប៉ុ​ល​ សា​រឿ​ន​ និង​លោក​ជំទាវ​ ព្រម​ទាំង​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​ បាន​ទទួល​ការ​ផ្ទេរសិទ្ធិ​ដីធ្លី​ទំនាស់​ ពី​ស្ដ្រី​ឈ្មោះ​អាយ​ អូន​ (​ស្ដ្រី​ឈ្មោះ​ អាយ​ អូន​ ទិញ​ដី​បន្ដ​ពី​បុរស​ឈ្មោះ​ ហួត​ ប៊ុ​ន​ហាក់​ ហៅ​ប៊ុ​ន​ហាក់​ ដោយ​ឈ្មោះ​ប៊ុ​ន​ហាក់​នេះ​ជា​អ្នក​លួច​យក​ប្លង់​ដី​គេ​ដាក់បញ្ចាំ​លក់​)​ ហើយ​ស្ដ្រី​ឈ្មោះ​អាយ​ អូន​ និង​បុរស​ឈ្មោះ​ ប៊ុ​ន​ហាក់​ ត្រូវ​បាន​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់​ សម្រេច​ឱ្យ​ចាញ់ក្ដី​ឈ្មោះ​ណា​ លឹ​ម​ហ៊ុយ​ ជា​ស្ថាពរ​ តាម​អំណាច​សាល​ដីកា​រដ្ឋប្បវេណី​លេខ​៤០០“​ក​”​ចុះ​ ថ្ងៃ​ទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០០៩​ របស់​តុលាការ​កំពូល​ ។​

​ទន្ទឹម​នឹង​នេះ​ សាលាដំបូង​ខេត្ដ​បន្ទាយ​មាន​ជ័យ​ក៏​បាន​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​ចំនួន​ពីរ​លើក​ គឺ​លើក​ទី​១​ ចុះ​ថ្ងៃ​ទី​២៧​ខែធ្នូ​ឆ្នាំ​២០១២​ និង​លើក​ទី​២​ ចុះ​ថ្ងៃ​ទី​១០​ ខែមេសា​ឆ្នាំ​២០១៣​ (​ដីកា​សម្រេច​អំពី​ពាក្យ​បណ្ដឹងតវ៉ា​ដោយ​តម្កល់​ដីកា​សម្រេច​រក្សា​ការពារ​ចុះ​ថ្ងៃ​ទី​២៧​ខែធ្នូ​ឆ្នាំ​២០១២​ទុកជា​បាន​ការ​ដដែល​)​ ហាមឃាត់​មិន​ឱ្យ​ ឯកឧត្ដម​ ប៉ុ​ល​ សា​រឿ​ន​ និង​លោក​ជំទាវ​ ព្រមទាំង​ក្រុម​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ជា​ភាគី​ចាញ់ក្ដី​មិន​ឱ្យ​លក់​ ដូរ​ ផ្ទេរសិទ្ធិ​ ជួល​ បញ្ចាំ​ ធ្វើ​អំណោយ​ឱ្យ​អ្នក​ដទៃ​ និង​សាងសង់​សំណង់​ការ្យ​ផ្សេងៗ​នៅ​លើ​ទីតាំង​ដី​ទំនាស់​ជា​បណ្ដោះអាសន្ន​ រង់ចាំ​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់​សម្រេច​លើ​បណ្ដឹង​អង្គសេចក្ដី​ចប់​សព្វគ្រប់​ជា​ស្ថាពរ​ ។​ ​

តាម​ឯកសារ​ព័ស្ដុតាង​ជា​កិច្ច​សន្យា​ផ្ទេរសិទ្ធិ​ចុះ​ថ្ងៃ​ទី​២១​ខែធ្នូ​ឆ្នាំ​២០០៥​ គឺ​ឯកឧត្ដម​ប៉ុ​ល​ សា​រឿ​ន​ និង​លោក​ជំទាវ​ ណុ​ព្វ​ ស៊ី​ដា​រ៉ា​ បាន​ទទួល​ការ​ផ្ទេរសិទ្ធិ​ដីធ្លី​ទំហំ​ប្រមាណ​៣.០០០​ម៉ែត្រក្រឡា​ ពី​ស្ដ្រី​ឈ្មោះ​អាយ​ អូន​ ។​

​យោង​តាម​លទ្ធផល​នៃ​ការ​ចុះ​វាស់វែង​ផ្ទៀងផ្ទាត់​ទីតាំង​ដី​ទំនាស់​ជាក់ស្ដែង​របស់​មន្ដ្រី​ជំនាញ​សុរិយោ​ដី​ខេត្ដបន្ទាយមានជ័យ​ បាន​បង្ហាញ​ថា​ ដីធ្លី​របស់​ឯកឧត្ដម​ប៉ុ​ល​ សា​រឿ​ន​ និង​លោក​ជំទាវ​ ណុ​ព្វ​ ស៊ី​ដា​រ៉ា​ ដែល​ទទួល​បានការ​ផ្ទេរសិទ្ធិ​ពី​ឈ្មោះ​ អាយ​ អូន​ គឺ​មាន​ទំហំ​១.៩៧៨​ម៉ែត្រក្រឡា​ ដែល​ជាន់​ត្រួត​គ្នា​នៅ​លើ​ក្បាលដី​ទំនាស់​មាន​ប័ណ្ណ​ សំគាល់​សិទ្ធិ​កាន់កាប់​អា​ចលនវត្ថុ​លេខ​ប​ជ​០០៥៤៣៧(​Cviii១៥២៥)​ ចុះ​ថ្ងៃ​ទី​២០​ខែមេសា​ឆ្នាំ​២០០៥(​អតីត​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​ប្រើ​ប្រាស់​ដីធ្លី​លេខ​C8០៦៥៤​ចុះ​ថ្ងៃ​ទី​២៧​ខែសីហា​ឆ្នាំ​១៩៩៤)​ទំហំ​១៣.២០០​ម៉ែត្រក្រឡា​ ឋិត​នៅ​ភូមិ​បា​លិ​លេ​យ្យ​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ ដែល​ត្រូវ​តុលាការ​សម្រេច​ប្រគល់​ឱ្យទៅ​ឈ្មោះ​ ណា​ លឹ​ម​ហ៊ុយ​ ជា​អ្នក​ឈ្នះ​ក្ដី​ក្លាយជា​កម្មសិទ្ធិករ​នៃ​ដី​ទំនាស់​។​ ​

មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​និង​អ្នក​តាមដាន​សំណុំរឿង​វិវាទ​ដីធ្លី​នេះ​តាំងពី​ដើម​រៀង​មក​ បាន​លើក​ឡើង​ថា​ តាម​ទិដ្ឋភាព​ផ្លូវច្បាប់​ គឺ​ឯកឧត្ដម​ប៉ុ​ល​ សា​រឿ​ន​ និង​លោក​ជំទាវ​ ណុ​ព្វ​ ស៊ី​ដា​រ៉ា​ ព្រមទាំង​ក្រុម​ប្រជាពលរដ្ឋ​ជា​ភាគី​ទំនាស់​ផ្សេង​ទៀត​មិន​អាច​មាន​ប្រៀប​ឈ្នះ​ក្ដី​ទៅ​លើ​ឈ្មោះ​ ណា​ លឹ​ម​ហ៊ុយ​ បាន​ទេ​ ទោះបី​មានៈ​បន្ដ​ប្ដឹងផ្ដល់​គ្នា​ទៅ​ដល់​ស្ថាប័ន​តុលាការ​ថ្នាក់​ណា​ក៏​ដោយ​ ក្នុង​ការ​ទាមទារ​ដី​ទំនាស់​ទំហំ​ប្រមាណ​១.៩៧៨​ម៉ែត្រ​ក្រឡា​(​ចំពោះ​ឯកឧត្ដម​ប៉ុ​ល​ សា​រឿ​ន​)​ជា​កម្មសិទ្ធិ​ ពីព្រោះ​ឯកឧត្ដម​ ប៉ុ​ល​ សា​រឿ​ន​ បាន​ទទួល​ការ​ផ្ទេរ​សិទ្ធិ​ដី​ទំនាស់​ពី​ឈ្មោះ​អាយ​ អូន​ ដែល​ជា​មិនមែន​ម្ចាស់​ដី​ពិតប្រាកដ​ ហើយ​ធ្លាប់​ត្រូវ​បាន​តុលាការ​គ្រប់​ជាន់ថ្នាក់​សម្រេច​ឱ្យ​ចាញ់ក្ដី​ឈ្មោះ​ ណា​ លឹ​ម​ហ៊ុយ​ ជា​ស្ថាពរ​ រីឯ​ឈ្មោះ​ណា​ លឹ​ម​ហ៊ុយ​ បាន​ធ្វើ​លទ្ធ​កម្ម​ដី​ទំនាស់​ស្រប​តាម​បញ្ញត្ដិ​មាត្រា​៦៥​និង​មាត្រា​៦៩​នៃ​ច្បាប់​ភូមិបាល​ត្រឹមត្រូវ​ ៕

Pol-Saroeun3   Nop-Sidara-2

ឯកឧត្តម នាយឧត្តមសេនីយ៍យោធា ប៉ុល សារឿន និងលោកជំទាវ ណុព្វ ស៊ីដារ៉ា

Nalimhuy-Land 

Na-Limhuy0012

Filed in: Feature, ព័ត៌មានជាតិ

Leave a Reply

Submit Comment

Recent Posts

© ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 015 745 215 E-mail ៖ deumtnotnews@gmail.com
ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
Proudly designed by Theme Junkie.